(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេង ដែលក្រសោបបានកេរ្តិ៍ឈ្មោះល្បី និងទទួលបានការគាំទ្រច្រើន ពីទស្សនិកជនគ្រប់ស្រទាប់ នាយ ចឺម ថ្មីៗនេះ បានបែកធ្លាយនូវដំណឹងស្នេហា ជាមួយអតីត Freshie Girl ចំណាត់ថ្នាកលេខ១ ប្រចាំឆ្នាំ២០១៥ កញ្ញា ពុធ ស្រីខួច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនចង់ដឹងបន្ថែមទៀតនេះ គឺការចេញមុខបកស្រាយបញ្ជាក់ការពិត ថាតើស្នេហានេះ ឈានដល់ដំណាក់កាលណាទៅហើយ ស្វែងយល់ចិត្តគ្នាកម្រិតណា ប៉ុន្តែនាយ ចឺម ហាក់មានចេតនាគេសវេស មិនចង់បរិយាយ ពីរឿងនេះឲ្យក្បោះក្បាយឡើយ។

ប្រភពព័ត៌មានបានបង្ហើបថា ទំនាក់ទំនងស្នេហារវាងតារាកំប្លែងនាយ ចឺម និងតារាស្រីដែលជាអតីត Freshie Girl កញ្ញា ពុធ ស្រីខួច បានកើតឡើង យូរខែគ្រាន់បើដែរមកហើយ។ ប៉ុន្តែដើម្បីរក្សាបាន ប្រជាប្រិយភាពទាំងនាយ ចឺម និងគូស្នេហ៍ កញ្ញា ពុធ ស្រីខួច សុទ្ធតែមានបំណងលាក់បាំង ពីក្រសែភ្នែកទស្សនិកជន ព្រោះខ្លាចបែកធា្លយ ធ្វើឲ្យបាត់បង់ប្រជាប្រិយភាព និងការគាំទ្រ។

ប្រភពបាននិយាយទៀតថា រហូតមកទល់ពេលនេះ ចំណងស្នេហារវាងនាយ ចឺម និងគូស្នេហ៍រូបស្រស់ មានវ័យស្របាលគ្នា គឺកញ្ញា ពុធ ស្រីខួច នៅតែរក្សាចំណងមិត្តភាពស្និទ្ធស្នាល លក្ខណៈគូសង្សាល្អូកល្អឺន ដូចមុន គ្រាន់តែនៅមុខក្រសែភ្នែក របស់មហាជន អ្នកទាំងពីរហាក់ដូចធ្វើជាមិនដែលស្គាល់គ្នា ពោលគឺលក្ខណៈត្រឹមតែអ្នកសិល្បៈ រូមអាជីពប៉ុណ្ណោះ។ ដោយឡែកនាយ ចឺម ឯណេះវិញ រាល់ពេលផ្តល់សម្ភាសន៍ ប្រាប់ដល់អ្នកសារព័ត៌មាន មិនថាពេលណាៗឡើយ តែងប្រកែកដាច់អហង្ការថា មិនទាន់គិតគូរឿងនេះទេ ហើយបេះដូង ក៏នៅទំនេរស្អាតទៀតផង។

ទាក់ទងនឹងការបែកធ្លាយដំណឹង នៃការសាងសម្ព័ន្ធភាពស្នេហា របស់តារាកំប្លែងនាយ ចឺម ជាមួយ Freshie Girl ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៥ កញ្ញា ពុធ ស្រីខួច នេះដែរ រហូតមកដល់រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ Khmertalking បានព្យាយាមទាក់ទង តាមលេខទូរស័ព្ទ ដើម្បីសុំការបកស្រាយ ពីតារាកំប្លែងនាយ ចឺម ដើម្បីសួរនាំពីរឿងនេះ ប៉ុន្តែត្រូវបាន នាយ ចឺម ចុចផ្ដាច់ទូរស័ព្ទពេលដឹងថា អ្នកព័ត៌មានសួរនាំរឿងស្នេហា ជាមួយនាង ស្រីខួច ខណៈដែលតារាកំប្លែងរូបនេះ បានយកលេសជាប់រល់រហូត។ ចំណែកកញ្ញា ពុធ ស្រីខួច វិញ ក៏មិនអាចស្វែងរកការបញ្ជាក់បាននៅឡើយដែរ នៅរសៀលថ្ងៃដដែលនេះដូចគ្នា៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]