អង់គ្លេស៖ ការច្នៃប្រឌិតមួយរបស់ប្រទេសអង់គ្លេស ត្រូវបានទទួលការសាទរជាខ្លាំង ដោយសារអ្នកផលិតរបស់ខ្លួន បានទទួលជោគជ័យក្នុងការធ្វើការហោះសាកល្បងនូវយន្តហោះយក្សកូនកាត់ (ពាក់កណ្តាលបាឡុង) ធំបំផុតក្នុងលោក កាលពីរយៈពេល៧ថ្ងៃកន្លងទៅ។

តែទោះជាយ៉ាងណា យន្តហោះធំជាងគេរបស់ពិភពលោកនេះ បានទទួលរងការខូចខាតផ្នែកបន្ទប់បញ្ជាខាងមុខស្ទើរទាំងស្រុង ខណៈពេលការធ្វើតេស្តហោះហើរសាកល្បងម្តងទៀត កាលពីថ្ងៃទី២៤ កំឡុងពេលដែលចុះចតខុសបច្ចេកទេស។ 

យន្តហោះយក្ស Airlander 10 ដែលមានតម្លៃ២៥លានផោន (ជាង៣៣លានដុល្លារ) និងមានប្រវែងជិត១០០ម៉ែត្រ ឈ្មោះហៅក្រៅថា 'Flying Bum' បានធ្វើការហោះហើរសាកល្បងលើកទី១របស់ខ្លួន ដោយជោគជ័យ កាលពីថ្ងៃពុធកន្លងទៅ តែសំណាងមិនល្អ វាបានធ្លាក់នៅក្នុងមូលដ្នាន Cardington របស់ខ្លួន ក្នុងតំបន់ Bedfordshire បុកនឹងដី ដោយសារការចុះចតខុសបច្ចេកទេស និងមិនមាននរណាម្នាក់រងរបួស នៅក្នុងហេតុការណ៍នេះឡើយ ពោលគឺជាការហោះសាកល្បងជាលើកទី២។

ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា ការខូចខាតនេះ នឹងត្រូវចំណាយប្រាក់ប្រមាណ ២០,០០០ផោន ដើម្បីធ្វើការជួសជុលឲ្យដូចដើមវិញ។

យន្តហោះកូនកាត់នេះអាចហោះហើរបានរយៈពេល ៥ថ្ងៃ នឹងអាចត្រូវបានប្រើសម្រាប់ការហោះហើរដើម្បីត្រួតពិនិត្យ  ការទំនាក់ទំនង  ការដឹកជញ្ជួនជំនួយនានា និងដឹកជញ្ជួនអ្នកដំណើរផងដែរ។ 

អ្នកនាំពាក្យសម្រាប់យន្តហោះយក្សកូនកាត់មួយនេះ បាននិយាយថា ថ្ងៃនេះយន្តហោះគំរូ Airlander 10 ស្ថិតនៅក្រោមការធ្វើតេស្តសាកល្បងហោះហើរជាលើកទី២របស់ខ្លួន  និងបានធ្វើការហោះហើររយៈពេល ១០០នាទី បំពេញភារកិច្ចទាំងអស់ដែលបានគ្រោងទុក មុនពេលត្រឡប់មកកាន់មូលដ្ឋាន Cardington ដើម្បីចុះចត ក៏បែរជាជួបឧបទ្ទវហេតុនេះតែម្តង។

លោកបន្តថា អ្នកបើកយន្តហោះទាំង២នាក់ ព្រមទាំងក្រុមការងារនៅលើដី មានសុវត្តិភាពល្អ មិនមានរងរបួសអ្វីនោះឡើយ ចំណែកយន្តហោះវិញត្រូវបានធានាសុវត្តិភាព និងស្ថេរភាពនៅទីតាំងដ៏មានសុវត្ថិភាពមួយ ដើម្បីធ្វើតេស្តហោះហើរ និងរកបញ្ហាបច្ចេកទេសដែលកើតមាន៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]