ខេត្តកំពត ៖ ក្មេង​ប្រុស​អាយុ​១០​ម្នាក់​ឈរ​ចាំ​រហូត​១៥​នាទី​ហើយ​នៅ​តែ​មិនឃើញ​ងើបឡើង​មក​វិញទៀត​ក៏​រត់​ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​ជួយ តែ​ជា​អកុសល​ឪពុក​របស់​ខ្លួន​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​រណ្ដៅ​ដី​មានទឹក​ជម្រៅ​ប្រហែល​៣​ម៉ែត្រ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខែ​ម ឈុំ អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ និង​កូន​៣​នាក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​កូនប្រុស​ជន​រង​គ្រោះ​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បន្ទាប់​ពី​ភ្ជួរស្រែ​រួច ឪពុក​របស់​ខ្លួន​និង​អ្នក​ភូមិ​ជាមួយ​គ្នា​២​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស្រា​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន ពេល​នេះ​មាន​អ្នក​ភូមិ​ម្នាក់​ស្រវឹង​ខ្លាំង​ដល់​ថ្នាក់​ដើរ​ដួល​ៗ​ក៏​ត្រូវ​ឪពុក​របស់​ខ្លួន​លើក​ទៅ​ដាក់​នៅ​ទីទួល​មួយ​កន្លែង បន្ទាប់​មក​ស្រាប់តែ​ឪពុក​របស់​ខ្លួន​ដើរ​សំដៅ​ទៅ​រណ្ដៅ​ដី​ហើយ​លោត​ចូល​ទៅ​ក្នុង​ទឹក​នោះ​លិច​បាត់​តែ​ម្តង ពេល​នោះ​ខ្លួន​ឈរ​ចាំ​មើល​១៥​នាទី​ហើយ​មិនឃើញ​ងើប​វិញ​សោះ តែ​ក៏​មិន​អាច​ជួយ​អ្វី​បាន មាន​តែរ​ត់ទៅ​ហៅ​អ្នក​ភូមិ​មក​ជួយ​ចុះ​រាវរក​អស់​រយៈពេល​ប្រហែល​១​ម៉ោង​ទម្រាំ​រាវរក​ឃើញ ជា​អកុសល​ឪពុក​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យ៉ាងហោចណាស់ មានក្មេងប្រុសស្រីចំនួន ០៥នាក់ បានលង់ទឹកជម្រៅ ៤ម៉ែត្រកន្លះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ 

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]