យល់ដឹង៖ ការងារពិតជាមិនពិបាករកទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គប្បីអ្នកត្រូវមានជំនាញ ច្បាស់លាស់ណាមួយ ដែលធ្វើឲ្យខ្លួនឯង និងអ្នកដទៃ អាចមានភាពជឿ លើសមត្ថភាពរូបអ្នកបានផងដែរ។ ខណៈបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានសិស្សនិស្សិតរៀនចប់ និងមិនទាន់រៀនចប់ជាច្រើន តែងតែមានការត្អូញត្អែរ ជាហូរហែទាក់ទងជាមួយនឹង ការពិបាកស្វែងរកការងារធ្វើជាដើម ដោយសារតែបច្ចុប្បន្ន គ្រប់ស្ថាប័នមួយចំនួន គឺសុទ្ធសឹងតែតម្រូវទាមទារ ឲ្យមាននូវបទពិសោធន៍ យ៉ាងហោចណាស់ពី ៦ខែទៅ១ឆ្នាំផងដែរ។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចខ្លះៗ ដែលជាផ្លូវមួយអាចនាំអ្នក ឲ្យមានការគិតពិចារណា និងស្វែងយល់ឡើងវិញ រៀនពីចំនុចខ្លាំង និងចំនុចខ្សោយ របស់ខ្លួនឯង ឲ្យកាន់តែច្បាស់ ដើម្បីអាចទទួលបាន នូវឱកាសការងារមួយ សមស្របទៅតាមសមត្ថភាព ដែលខ្លួនឯងមាន ទោះបីជាគ្មានបទពិសោធន៍ ពីមុនមកក៏ដោយ សំខាន់ត្រូវមានឆន្ទៈមោះមុត៖

១. ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់

ក្នុងករណីនេះ ប្រសិនបើអ្នកសម្រេចចិត្តថា នឹងដាក់ពាក្យស្វែងរកការងារធ្វើ ចំពោះមុខតំណែងសមស្រមណាមួយ អ្នកក៏ត្រូវតែស្គាល់ពីខ្លួនឯងឲ្យច្បាស់ផងដែរ។ ពោលចំពោះមនុស្ស ដែលគេពូកែគេមិនរំពឹង ទាមទារឱ្យមានបទពិសោធន៍ ឬសរសេរអ្វីច្រើន នៅក្នុងប្រវត្តិរូប ឬ CV របស់គេនោះឡើយ។

ប៉ុន្តែផ្ទុយទៅវិញសមត្ថភាព និងភាពប៉ិនប្រសព្វរបស់អ្នក វានឹងស្តែងចេញមក មិនមែនគ្រាន់តែការសរសេរ នៅក្នុងប្រវត្តិសង្ខេបរបស់អ្នក អាចយកជាការបាននោះឡើយ។ ព្រោះថាមនុស្សដែលជួលអ្នក ដើម្បីឲ្យមកធ្វើការឲ្យគេនោះ គឺគេស្វែងរកតែបុគ្គលណា ដែលមានការតាំងចិត្ត ការប្តេជ្ញាចិត្ត មោះមុត និងចង់រៀនសូត្រពីការងារតែប៉ុណ្ណោះ។

២. ត្រូវដឹងថាអ្នកមានជំនាញអ្វីឲ្យប្រាកដ

ពិតណាស់ជំនាញ គឺពិតជាសំខាន់បំផុតសម្រាប់អ្នក។ អ្នកត្រូវតែ ដឹងឲ្យប្រាកដចំពោះខ្លួនឯង ថាតើសមត្ថភាព ផ្នែកឯកទេសជំនាញរបស់អ្នក ខ្លាំង ឬខ្សោយកម្រិតណា ព្រោះវានឹងត្រូវបានកត់ត្រាចូលក្នុង ប្រវត្តិរូបសង្ខេប ឬ CV របស់អ្នក ខណៈអ្នកសម្ភាសន៍ នឹងពិនិត្យមើលទៅលើ ប្រវត្តិរូបរបស់អ្នក រួចធ្វើការពិចារណាផងដែរ។

ជំនាញដែលកំពុងនិយាយនេះ មានដូចជា៖ ជំនាញកុំព្យូរទ័រ ជំនាញខាងផ្នែកបច្ចេកទេស ជំនាញក្នុងការទំនាក់ទំនង ជំនាញក្នុងការស្រាវជ្រាវ និងជំនាញក្នុងការ ដោះស្រាយបញ្ហា ឬវិភាគជាដើម ដែលវាពិតជាចាំបាច់បំផុត ក្នុងវិស័យការងារ។ ត្រូវដឹងថា ជំនាញណាមួយដែលអ្នកចេះ ដែលអាចជួយអ្នក ឬប្រើការបាន ក្នុងវិស័យការងារ ព្រោះវាមិនមែនជារឿងលេងសើចឡើយ ដែលខាងក្រុមហ៊ុន ឬស្ថាប័នណាមួយ អាចជ្រើសរើសយកអ្នក បានដោយងាយៗ ប្រសិនបើអ្នកមិនចេះ ជំនាញឯកទេសណាមួយ សូម្បីតែបន្តិចនោះ។

៣. ត្រូវចេះបង្កើតបណ្តាញទំនាក់ទំនង

នៅពេលដែលអ្នកសម្រេចចិត្តថា ដាក់ពាក្យធ្វើការក្នុងមុខតំណែងអ្វីមួយ អ្នកត្រូវមានហេតុផល និងភាពជឿជាក់លើខ្លួនឯងថា អ្នកពិតជាអាចធ្វើការងារនោះបានយ៉ាងល្អ។ អ្នកគប្បីចំណាយពេលខ្លះ សម្រាប់កសាងទំនាក់ទំនង ជាមួយមនុស្សជុំវិញខ្លួន។ ព្រោះការបង្កើតទំនាក់ទំនងនេះដែរ អាចធ្វើឱ្យអ្នកក្លាយជា បុគ្គលិកដ៏មានសក្តានុពលម្នាក់ ក្នុងអាជីពការងារផងដែរ។ ជាក់ស្តែង ដូចជាការធ្វើការងារជាក្រុម ញញឹម រួសរាយរាក់ទាក់ជាដើម ដែលធ្វើឲ្យអ្នកនៅជុំវិញខ្លួនអ្នក អាចមើលឃើញពីតម្លៃដ៏ល្អ របស់អ្នកផងដែរ។

៤. កំណត់អំពីជំនាញពិសេសរបស់អ្នក

ត្រង់ចំនុចនេះ មិនខុសគ្នាប៉ុន្មានពីចំនុចទី ២ និង ៣ឡើយ។ ពោល ចង់មានន័យថា តើអ្វីនឹងអាចធ្វើឱ្យអ្នក អាចភ្ជាប់ទំនាក់់ទំនង ជាមួយអ្នកដ៏ទៃបាន? ចូរចងចាំត្រង់ចំនុចនេះ ហើយបង្ហាញសមត្ថភាព ជំនាញ និងមានការទទួលខុសត្រូវ របស់អ្នកចំពោះការងារ។

៥. ត្រូវដឹងពីតម្លៃផ្ទាល់ខ្លួនរបស់អ្នក

ថ្វីបើអ្នកមិនមានបទពិសោធន៍ ការងារច្រើនឆ្នាំក៏ដោយ ប៉ុន្តែបទពិសោធន៍របស់អ្នក វាក៏បានបង្ហាញពី តម្លៃផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ បទពិសោធមិនចំាបាច់ ត្រូវតែទទួលបានពីកន្លែងការងារនោះទេ ប៉ុន្តែអ្នកអាចទទួលបានវា ពីគ្រប់មជ្ឈដ្ឋាន ឬគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ដែលអ្នកអាចធ្វើការសិក្សា ស្រាវជ្រាវពីវាបាន ដើម្បីបំពេញសមត្ថភាព របស់ខ្លួនឯងបន្ថែមទៀតផងដែរ។

៦. ចូរមានទំនុកចិត្តដូចដែលអ្នកចាប់ផ្តើមដំបូង

ទំនុកចិត្ត គឺពិតជាមានសារៈសំខាន់ណាស់។ សូមនៅតែបន្តទំនុកចិត្ត របស់អ្នកជានិច្ច ដើម្បីជាសញ្ញាថា អ្នកមានឆន្ទៈ រៀនសូត្រពីការងារ។

៧. ចាប់ផ្តើមពីការងារស្ម័គ្រចិត្ត

មុខតំណាងក្នុងការងារ ធ្វើការជាអ្នកស្ម័គ្រចិត្តនេះ គឺពិតជាងាយស្រួល ក្នុងការស្វែងរកណាស់ ហើយវាក៏ជាមុខតំណែងមួយ ដែលទាមទារលក្ខខណ្ឌតិចជាង មុខតំណែងជាបុគ្គលិកពេញសិទ្ធិផងដែរ។ អ្នកនឹងអាចចំណេញបាន នូវបទពិសោធន៍ជាច្រើន ពីការងារស្ម័គ្រចិត្តនេះ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅកាន់វិថីការងារ។

លើសពីនេះទៅទៀត វាមិនត្រឹមតែធ្វើឲ្យអ្នក ទទួលបាននូវបទពិសោធន៍ ច្រើនលើសលុបមួយមុខតែប៉ុណ្ណោះទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកកសាង នូវបណ្តាញជាច្រើន ពោលគឺអ្នក ស្គាល់មនុស្សក្នុងកន្លែងការងារ យ៉ាងស្អិតរមួត ក្នុងអំឡុងពេល ធ្វើការងារស្ម័គ្រចិត្តនេះ ហើយវាក៏ជាឱកាសមួយ សម្រាប់អ្នកផងដែរ ដែលនឹងអាចទទួលបាន ការងារធ្វើមួយ ដែលសមស្របទៅនឹង សមត្ថភាពរបស់អ្នក បន្ទាប់ពីបានការខិតខំ ប្រឹងប្រែងធ្វើការងារស្ម័គ្រចិត្តនេះ ដោយយកចិត្តទុកដាក់ផងដែរ។

៨. បង្កើតបណ្តាញ

ការបង្កើតប្រព័ន្ធសម្រាប់ខ្លួនឯង គឺជាផ្លូវដ៏មុតស្រួច ឆ្ពោះទៅកាន់អាជីពការងារ នៅគ្រប់កាលៈទេសទាំងអស់។ ការបង្កើតបណ្តាញជាមួយមនុស្ស ដែលអ្នកស្គាល់ តាមរយៈអនឡាញ ក្រុមការងារ ឬពេលញុំាអាហារជាដើម អាចធ្វើឱ្យអ្នកអាចរក្សាបាន នូវទំនាក់ទំនងគ្នា បានយ៉ាងល្អផងដែរ។ ត្រង់ចំណុចនេះ ក៏ប្រហាក់ប្រហែល ទៅនឹងចំណុចទី៣ផងដែរ។

៩. បន្តរៀនសូត្រជានិច្ច

អ្នកគប្បីត្រូវរៀនសូត្រជានិច្ច ដើម្បីបង្កើតសមត្ថភាពរបស់អ្នក។ ជាក់ស្តែងប្រសិនបើអ្នក សម្រេចចិត្ត ដាក់ពាក្យធ្វើការផ្នែកច្បាប់ ដូច្នេះអ្នកត្រូវតែ បន្តការរៀនសូត្រជានិច្ច ដើម្បីឲ្យដឹងថា ច្បាប់ណាខ្លះត្រូវបានកែប្រែ ឬលុបចោល ជាដើម។ ស្ថិតក្នុងកាលៈទេសៈបែបនេះ អ្វីដែលផ្តល់មកឲ្យអ្នកនោះ គឺទទួលបានមកនូវចំណេះដឹង ពីបរិយាកាសង្គមយ៉ាងច្រើន ដែលអ្នកហ៊ាននិយាយថា «ខ្ញុំអាចធ្វើបាន» ផងដែរ។

១០. ត្រូវធ្វើជាមនុស្សប្រាកដនិយម

អ្នកមិនត្រឹមតែគិត និងមានទំនុកចិត្តលើខ្លួនឯង ថាអ្នកអាចធ្វើបានប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវតែអ្នកអនុវត្តវា ជាប្រចាំផងដែរ។ កាលណានៅពេលដែលអ្នក មានចក្ខុវិស័យឆ្ពោះទៅមុខ ឬមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះខ្លួនឯងថា អ្នកនឹងទទួលបានជោគជ័យ នៅថ្ងៃណាមួយនោះ នោះការគិតរបស់អ្នកច្បាស់ជា ប្រឹងប្រែង ធ្វើការងារមួយនោះ អស់ពីលទ្ធភាព ដើម្បីភាពជោគជ័យជាក់ជាមិនខាន។ 

ប្រភព៖ Betterlifekh | Fastcompany

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]