អីុតាលី៖ យ៉ាងហោចណាស់ មនុស្សប្រមាណជា ១៥៩នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារតែគ្រោះធម្មជាតិរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅតំបន់ភាគកណ្តាលប្រទេសអីុតាលី កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង នាវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) ដែលមានកម្រិតរញ្ជួយដី ៦.២វ៉ិចទ័រ នៅតំបន់ Norcia ទីក្រុង Perugia  បណ្តាលឲ្យមនុស្សប្រមាណ ១៥៩នាក់ស្លាប់ ក្នុងនោះមានទារក ២នាក់ផងដែរ។ បន្ថែមពីនេះផងដែរ គេជឿជាក់ថា មនុស្សប្រមាណ១០០នាក់ផ្សេងទៀត កំពុងជាប់គាំងនៅក្រោមគំនរបាក់បែក ដែលមិនទាន់ត្រូវបានជួយសង្គ្រោះ នៅឡើយ។

ជនរងគ្រោះមួយចំនួន បានថ្លែងទាំងទឹកភ្នែកប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខ្លួនបានបាត់បង់បងប្អូនសាច់ញាតិ  និងគ្រួសារជាទីស្រលាញ់អស់ហើយ ទាំងកូនតូចៗ បងប្អូនប្រុសស្រីរបស់ពួកគេ។ ក្នុងនោះទារកទើបតែមានអាយុ ១៨ខែម្នាក់ ដែលកំពុងតែគេងលង់លក់ក្នុងដំណេក បានស្លាប់ដោយសារការបាក់សំណង់អគារ ផ្ទះសំបែង គ្របដណ្តប់ពីលើតែម្តង។

យ៉ាងណាមិញ ក៏មានក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ ដែលជាប់គាំងនៅក្រោមគំនរបាក់បែក អស់រយៈពេលជាង ១៧ម៉ោង សំណាងល្អអាយុថ្លៃមិនបានបាត់បង់ជីវិតឡើយ។ អ្វីដែលមិនគួរឲ្យជឿនោះ នាងថែមទាំង មិនបានរងរបួសអ្វីធ្ងន់ធ្ងរផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែស្វែងរក និង ជួយសង្គ្រោះ អ្នកបាត់ខ្លួនជាច្រើនទៀត ដែលជាប់គាំងក្រោមគំនរបាក់បែកទាំងនោះនៅឡើយ៕

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយករណីដូចគ្នានេះដែរ កាលពីពេលកន្លងទៅ គ្រោះរញ្ជួយដីមួយ បានវាយប្រហារលើប្រទេសអេក្វាទ័រ កាលពីពាក់កណ្តាលខែមេសាកន្លងទៅ បង្កវិនាសកម្មយ៉ាងធំធេង មានមនុស្សរបួស និងស្លាប់ជាច្រើននាក់ ស្របពេលជនរងគ្រោះមួយចំនួន ត្រូវកប់ក្រោមគំនរបាក់បែក។

យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា មកទល់ពេលនេះ យ៉ាងហោចណាស់ មានមនុស្ស២៤៦នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងជាង១,៥០០នាក់ផ្សេងទៀត រងរបួស ដោយសារគ្រោះរញ្ជួយដី មានកម្លាំងដ៏ខ្លាំង ពោលគឺមានកម្រិតដល់ទៅ ៧.៨រ៉ិចទ័រឯណោះ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា តំបន់ឆ្នេរសមុទ្រជាច្រើន ដែលស្ថិតនៅភាគឥសាន របស់ប្រទេសនេះ គឺជាទីតាំងដែលទទួលរងគ្រោះខ្លាំងជាងគេ ហើយជាពិសេសទីក្រុង Manta ផ្ទាល់តែម្តង មានអ្នកស្លាប់ច្រើនជាងគេផងដែរ។

យ៉ាងណាមិញ កងកម្លាំងសង្រ្គោះ និងយោធា រាប់ម៉ឺននាក់ ត្រូវបានពង្រាយទៅកាន់តំបន់គ្រោះថ្នាក់ភ្លាមៗផងដែរ ដើម្បីចាប់ផ្តើមប្រតិបត្តិការសង្រ្គោះដល់ជនរងគ្រោះ និងស្វែងរកអ្នកដែលត្រូវបានកប់ នៅក្នុងគំនរបាក់បែក តែអត្រាអ្នកស្លាប់ នឹងអាចកើនឡើងបន្តទៀត ជាក់ជាមិនខាន។

ទីតាំងដែលទទួលរង ការវាយប្រហារពីគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំង

លោក Rafael Correa ប្រធានាធិបតីនៃប្រទេស អេក្វាទ័រ បានធ្វើការលុបចោល ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ីតាលី ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់នៃ គ្រោះធម្មជាតិផងដែរ។ លោកបានប្រកាសដាក់ប្រទេស ក្នុងភាពមានអាសន្ន និងជម្រុញការស្វែងរកអ្នកដែលនៅរស់រានមានជីវិត ចាត់ទុកជារឿងសំខាន់ និងដំបូងបំផុត។ជាមួយគ្នានេះដែរ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា “គ្រប់យ៉ាងអាចកសាងជាថ្មីបាន តែសម្រាប់ជីវិតមនុស្ស មិនអាចមកវិញឡើយ ហើយនេះគឺជាអ្វីដែល ធ្វើឲ្យមានភាពឈឺចាប់បំផុត”។

ទោះយ៉ាងណា អាហារ និងថ្នាំពេទ្យ ព្រមទាំងរបស់សំខាន់ៗដទៃទៀត ត្រូវបានដឹកយកទៅ កាន់ទីតាំងកើតហេតុទាំងអស់ ដើម្បីធ្វើការជួយសង្រ្គោះ ស្របពេលដែល ជំនួយពីអន្តរជាតិ ក៏ចាប់ផ្តើមទៅដល់ផងដែរ។ ក្នុងនោះជំនួយពីប្រទេស វេណេស៊ុយអេឡា និងប្រទេសម៉ិចស៊ីកូ បានទៅដល់មុនគេ។

គូសបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីដែលបាន វាយប្រហារទៅលើប្រទេស អេក្វាទ័រ គឺមានកម្លាំងខ្លាំងជាង គ្រោះរញ្ជួយដីដែលបាន វាយប្រហារទៅលើប្រទេស ជប៉ុន កាលពីថ្ងៃសៅរ៍មុននេះទៅទៀត ទើបធ្វើឲ្យទំហំនៃការខូចខាត និងការបាត់បង់ជីវិតមនុស្សមានភាពធំធេង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]