រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​​ ជា​កម្មករ​លក់គ្រឿង សំណង់​មួយ​កន្លែង មានចិត្ត​មិន​ស្មោះត្រង់​ ជា​មួយ​ថៅកែ ដោយ​គំនិត​ជា​ចោរ បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារ​សំណង់​ពី​ក្នុង​ឃ្លាំង​​ ទៅ​លក់​ជា​បន្ត​បន្ទាប់​ រាប់​ដង​មិន​អស់ ដែលថៅកែ​មិន​បាន ដឹង​នោះ​ឡើយ​។

ប៉ុន្តែ​​លើក​ចុង​ក្រោយ​នេះ ថៅកែ​មាន​ការ​ងឿងឆ្ងល់​ ព្រោះ​រកស៊ី​ចេះ​តែ​ខាត ហើយ​របស់​នៅ​ក្នុង​ឃ្លាំង​ចេះ​ តែ​ហោចទៅ​ៗ ទើប​តាមដានដាក់កាមេរ៉ា​សុវត្ថិភាព​ ភ្ជាប់ជាមួយ​​ទូរស័ព្ទ​ដៃ ស្រាប់តែ​ជនសង្ស័យ​ទាំង​ ២​នាក់​នោះ យក​ក្រដាស​ឡាំង​ទៅ​បិទបាំង​មុខ​កាមេរ៉ា​​នោះ​ ជិត​​ធ្វើ​សកម្មភាព​លួច​​​ទៀត ហើយត្រូវ​​ថៅកែ​​ចាប់​បាន​ និង​ហៅ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​​​ នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្ដិ៍ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​។

ហេតុ​ការ​ណ៍​បែកធ្លាយ​​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ​សីហា ​​២០១៦ នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​​១​-ឈ្មោះ​ប៉ុ​ម គា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​​ប្រពន្ធ រស់នៅ​ក្នុងភូមិ​បា​គូ ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ និង២-​ឈ្មោះអាត លី​ម អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ពួក​គេ​គឺជា​កម្មករ​លក់​គ្រឿងសំណង់​ នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

​ចំណែក​ថៅកែ​សំណង់ ឈ្មោះឃូ រតនៈ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១២ ផ្លូវ​លេខ​២១៧ សង្កាត់​អូរឬស្សី ខណ្ឌ​៧​​មក​រា រាជធានី​ភ្នំពេញ​ ​មានស្រុក​កំ​ណិ​ត​នៅ​ក្នុងភូមិ​ជប់​គី​រី ឃុំ​ជប់​គី​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​បាន​បាត់បង់​សម្ភារ​អស់​​តម្លៃ​រាប់​ពាន់​ដុល្លារ​។

បុរស​​​ជា​ថៅកែ​​បាន​ប្រាប់​​​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​​​គាត់​យក​មក​ធ្វើ​ជា​កម្មករលក់​គ្រឿងសំណង់​ រយៈពេល​ប្រ​ហែល​ ៦​ខែ​​​មក​ហើយ ។ ដោយ​គាត់​បាន​ទុកចិត្តពួក​គេ​ដូច​ជា​សមាជិកគ្រួសារ​ដែរ ហើយ​​ប្រគល់​សោរ​ទ្វារ​ឃ្លាំង​ ទៅ​ឲ្យ​ពួក​គេជា​អ្នក​កាន់​កាប់។

គាត់​​មិន​នឹក​ស្មានថា ពួក​គេ​ស៊ី​បាយ​បោក​ឆ្នាំង​នោះ​ឡើយ​ ។​ កម្មករ​២​នាក់​នេះ បាន​លួច​សម្ភារ​សំណង់ ចេញពី​ក្នុង​ឃ្លាំង យក​ទៅ​លក់​ជា​បន្តបន្ទាប់ ហើយ​នៅ​ទីនោះ ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព សម្រាប់​តាមដានដែរ ប៉ុន្តែ​នៅ​ពេល​ធ្វើ​សកម្មភាព ពួក​គេ​បាន​នាំ​គ្នា​យក​ក្រដាស់​ឡាំង ទៅ​បិទមុខ​កាមេរ៉ា​ជិត ដែល​ជ​ហេតុ​មិនអាច​ថត​ជាប់​សកម្មភាព​របស់​ពួក​គេ​ឡើយ​។

ប្រភព​ដដែល​​បន្ត​ថា គាត់​មានការ​សង្ស័យ​ យូរ​​មក​ហើយ ចំពោះ​បញ្ហា​ដែល​មាននៅ​លើ​កាមេរ៉ា ប៉ុន្តែ​គាត់​ស្មាន​តែ មាន​ក្រដាស ​ឬ​ថង់ហើរ​ទៅ​គ្រប​លើ​កាមេរ៉ា ទើប​មិន​បាន​ចាប់អារម្មណ៍ ប៉ុន្តែ​​មានការ​ងឿងឆ្ងល់ ចំពោះអីវាន់​ដែល​នៅ​ក្នុង​ឃ្លាំង លក់​មិនសូវ​ដាច់ បាន​លុយ​តិច​ ប៉ុន្តែ​អីវាន់​ចេះ​តែ​ហោចទៅ​ៗ ។​

លុះដល់វេលា​ល្ងាចថ្ងៃ​ទី​២៣ ខែសីហា គាត់​បាន​តាមដាន​កាមេរ៉ា តាម​រយៈ​ទូរស័ព្ទ​ដៃ ទើបបាន​ឃើញ​ពី​សកម្មភាព ជនសង្ស័យ​ទាំង​ពីរ​នាក់កំពុង​ធ្វើ​ សកម្មភាពលួច​សម្ភារសំណង់ ហើយ​គាត់​មិន​បាន ​ធ្វើ​ឱ្យពួកគេ​ដឹងខ្លួន​ទេ រហូត​ដល់​ព្រឹក​ឡើងថ្ងៃ​ទី​២៤ ​សីហា ទើប​គាត់​សួរ​នាំ​ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ឆ្លើយ​នោះ​ឡើយ និង​បាន​បដិសេធថា ​មិន​បាន​លួច​និង​បង្ខំ​ឱ្យគាត់​ឆែកមើល​កាមេរ៉ា ​ដែល​គាត់​បាន​ឆែក​មើល​រួច​ហើយ​នោះទៀត​ ។

ដោយសារ​តែ​បែប​នេះ​ ទើប​គាត់​ហៅ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ចោម​ចៅឱ្យជួយ​អន្តរា​គម​ន៍ឃាត់ខ្លួន​ជន ទាំង​ពីរ​នាក់​នោះ​ដិ៍​តែ​ម្ដង​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]