ចិន៖ កាលពីពេលកន្លងទៅ នារីជនជាតិចិនម្នាក់ បានបង្កឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង​​ ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ដែលមិនធ្លាប់មានពីមុនមក។

នាងក្រមុំរូបនេះមានឈ្មោះ Zhou Yan បានទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្រោយពីត្រូវមិត្តប្រុសចាក់ខ្លាញ់ស្រោចពីលើខ្លួននាង រួចយកភ្លើងមកដុតទាំងរស់ បណ្តាលឱ្យរាងកាយរបស់នាងមានស្លាកស្នាម ​ដោយសារភ្លើងឆេះលើសពី៣០%នៃរាងកាយទាំងមូល។

ហេតុការណ៍នេះបានកើតឡើង​តាំងពីនាងនៅមានអាយុ១៦ឆ្នាំម្ល៉េះ ហើយមូលហេតុគឺ ដោយសារតែនាង បានបដិសេធមិនព្រមចេញទៅដើរលេងខាងក្រៅ ជាមួយនឹងបុរស ជាមិត្តប្រុស​ ដោយត្រូវបានគេស្គាល់ឈ្មោះថា Tao Rukun ដែលបានលួចលាក់មានទំនាក់ទំនងសេចក្ដីស្នេហាជាមួយនាង។

ក្រោយមកមិនយូរប៉ុន្មាន Tao Rukun ក៏ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ព្រមទាំងពិន័យឱ្យបង់ប្រាក់ សងជម្ងឺចិត្តសរុប១,៦លានយ័នចំពោះថ្លៃខូចខាត និងថ្លៃព្យាបាលជម្ងឺផ្សេងៗទៀត។ ប៉ុន្តែរឿងដែលគួរឱ្យសោកស្តាយបំផុតនោះគឺ រូបរាងកាយនាងទាំងមូលត្រូវបាត់បង់ សម្រស់គ្មានសល់ រីឯត្រចៀកមួយចំហៀងរបស់នាង ត្រូវអសមត្ថភាពនៅក្នុងការស្តាប់ទាំងស្រុងដែរ កត្តានេះហើយដែលធ្វើឱ្យនាងមិនហ៊ានប្រឈមមុខ ជាមួយនឹងមនុស្សដទៃនៅពិភពខាងក្រៅឡើយ។

កាលនាង Zhou Yan មានអាយុ១៦ឆ្នាំ

ទើបតែមកដល់បច្ចុប្បន្ននេះ នាងក៏បានបង្ហាញខ្លួនសាជាថ្មី នៅលើគេហទំព័រ Weibo និងក្នុងបណ្តាញសង្គម ជាមួយនឹងទឹកមុខភ្លឺថ្លាជាងមុនបន្តិច បន្ទាប់ពីជួបអកុសល អាក្រក់នោះមក។

ឥឡូវនេះនាងបានត្រៀមខ្លួនជាស្រេច​ ដើម្បីប្រឈមមុខនឹងពិភពលោកម្តងទៀត និងបាននិយាយថា នាងនឹងរស់នៅជាមួយភាពជឿជាក់ នៅក្នុងសេចក្ដីស្រឡាញ់ដែលមនុស្សជាច្រើន បានផ្តល់កម្លាំងចិត្តឱ្យនាង ហើយត្រូវសម្លឹងឆ្ពោះ​ ទៅរកអនាគតមួយដ៏ភ្លឺស្វាង សម្រាប់នាពេលខាងមុខ និងមិនអស់សង្ឃឹមទៀតឡើយ។

ចំណែកឯអ្នកនិយមលេងអ៉ីនធឺណិត ដែលបានឃើញរូបភាពនាងហើយ ក៏បានទទួលស្គាល់ និងកោតសរសើរនូវចិត្ដគំនិតតស៊ូ ដ៏អស្ចារ្យរបស់នាងយ៉ាងខ្លាំង ព្រមទាំងបាននាំគ្នាចូលមក Comment លើកទឹកចិត្តជាច្រើននាក់ផងដែរ៕

ទាំងនេះជា Comment មួយចំនួនដើម្បីលើកទឹកចិត្តដល់នាង Zhou Yan មានដូចជា៖

«ភាពស្រស់ស្អាតរបស់អ្នក គឺត្រូវស្តែងចេញមកពីខាងក្នុង។ អ្នកគឺនៅតែស្រស់ស្អាតទោះបីជាមនុស្សមួយចំនួន មើលមិនឃើញវាក៏ដោយ។»

«សម្ផស្សគឺមិនមែនស្ថិតនៅលើមុខមាត់ទេ តែភាពស្រស់ស្អាតពិត គឺត្រូវចេញពី បេះដូងទៅវិញទេ។ អ្នកគឺជាស្ត្រីដ៏អស្ចារ្យ និងក្លាហាន។ ព្រះស្រឡាញ់អ្នក យើងក៏ស្រឡាញ់អ្នក។»

«អ្នកគឺតែងតែស្រស់ស្អាតជានិច្ច អ្នកបានធ្វើរឿងដ៏អស្ចារ្យ។ ធ្វើតាមក្តីសុបិន្តរបស់អ្នកទោះបីជាវាជាការលំបាក ប៉ុន្តែអ្នកមិនត្រូវចុះចាញ់ទេ ។ក្លាហានឡើងអ្នកជាមនុស្សដ៏អស្ចារ្យម្នាក់។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]