ប្រទេសចិន ជាប្រទេសដ៏ស្រស់ស្អាត និងមានភាពល្បីល្បាញ ដោយសារតែ មហាកំពែង (Great Wall) វប្បធម៌ដ៏សម្បូរបែប ភាពវ័យឆ្លាតរបស់ប្រជាពលរដ្ឋ ក៏ដូចជាគណបក្សកុម្មុយនីស ដែលទុកប្រជាជន ឲ្យនៅដាច់ដោយឡែកពីពិភពលោក។ បើនិយាយពីរដ្ឋាភិបាល ដែលតឹងរឹងជាងគេនោះ ប្រទេសចិនប្រាកដជាស្ថិតនៅចំណាត់ថ្នាក់លេខមួយហើយ។

Censorship in the People's Republic of China (PRC) ដែលមានន័យជាភាសាខ្មែរថា ការត្រួតត្រា លើសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុវត្តន៍ និងប្រគល់សិទ្ធិឲ្យគណបក្ស កាន់អំណាចរបស់ចិន ដែលជាគណបក្សកុម្មុយនីស (CPC)។ ជាក់ស្តែងការត្រួតត្រានេះ មានហេតុផលសំខាន់ ផ្តោតលើនយោបាយផង និងដើម្បីរក្សាការគ្រប់គ្រង លើប្រជាជនផង។ រដ្ឋាភិបាលប្រទេសចិន បានអះអាងថា ពួកគេមានសិទ្ធិស្របច្បាប់ ក្នុងការគ្រប់គ្រងរាល់ទិន្នន័យអ៊ិនធឺណេត នៅក្នុងទឹកដីរបស់ពួកគេ និងមិនបានរំលោភសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋឡើយ។

ការត្រួតត្រា ត្រូវបានហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែល មានអ្នកទស្សនា និងអ្នកប្រើប្រាស់ធំទូលាយ រួមមាន ទូរទស្សន៍ កាសែត វិទ្យុ ខ្សែភាពយន្ត ល្ខោន សារ វីដេអូហ្គេម អក្សរសិល្បិ៍ និងអ៊ិនធឺណេត។

មិនជឿមែនទេ? ឥលូវនេះមកតាមដាន នូវអ្វីដែលប្រទេសចិន បានធ្វើការហាមឃាត់ បន្តិចទៅមើល ថាតើមានអ្វីខ្លះ?

១. Facebook

នៅក្នុងឆ្នាំ ២០០៩ Facebook បានកើនឡើងប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់យ៉ាងខ្លាំង ប៉ុន្តែអ្វីដែលជាបញ្ហាគឺ ប្រទេសចិនបែរជា ធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់ នៅទូទាំងប្រទេសទៅវិញ។ ពួកគេគិតថា Facebook ជាឫសគល់នៃ ការផ្ទុះឡើងនូវកុបកម្មផ្សេងៗ។ ប្រទេសចិន មានបណ្តាញសង្គមផ្សព្វផ្សាយផ្ទាល់ខ្លួន និងមានអ្នកប្រើប្រាស់ច្រើនជាង Facebook ទៅទៀត ប៉ុន្តែវាស្ថិតក្រោមការគ្រប់គ្រង ត្រួតត្រាតឹងរឹងណាស់។ 

២. Twitter

មិនត្រឹមតែ Facebook មួយប៉ុណ្ណោះទេ ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ សូម្បីតែ Twitter ក៏ត្រូវបានរដ្ឋាភិបាលចិន ហាមឃាត់ដូចគ្នាដែរ។ បណ្តាញសង្គមដូចជា Twitter និង Facebook បានទាក់ទាញចំណាប់អារម្មណ៍អ្នករាល់គ្នា ហេតុនេះទើបវាស្ថិតក្នុងគម្រោងហាមឃាត់ របស់រដ្ឋាភិបាលកុម្មុយនីស។ 

៣. ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ

បណ្តាញផ្សព្វផ្សាយ ដែលមានភាពទូលំទូលាយទំនើបៗ ប្រើប្រាស់ដោយមនុស្សទូទៅបំផុត ក៏ត្រូវបានហាមឃាត់ដែរ។ គេហទំព័រជាង ១៨,០០០ ត្រូវបានហាមឃាត់ សូម្បីតែ YouTube,  Google (Search, Google+, Maps, Docs, Drive, Sites, និង Picasa) Dropbox Foursquare និង Flickr ក៏មិនអាចប្រើប្រាស់បានដែរ។ 

៤. ល្បែងស៊ីសង

ប្រសិនបើអ្នកស្រមៃ ចង់ទៅលេងកាស៊ីណូ ដើម្បីឈ្នះលុយឲ្យបានច្រើនក្រាស់ក្រែល ក្នុងប្រទេសចិននោះ សូមមេត្តាគិតឡើងវិញ ព្រោះទីក្រុងប៉េកាំង ចាត់ទុកការលេងល្បែងស៊ីសង ជាអំពើខុសច្បាប់ ចាប់តាំងពីឆ្នាំ ១៩៤៩  ហើយជាពិសេស មិនអនុញ្ញាតឲ្យមានកាស៊ីណូ មានប្រតិបត្តិការលើទឹកដីប្រទេសចិនឡើយ ព្រោះពួកគេមានច្បាប់តឹងរឹងណាស់។ 

៥. សៀវភៅ “Green Eggs and Ham”

សៀវភៅសម្រាប់កូនក្មេង ដ៏គួរឲ្យស្រលាញ់មួយ មានចំណងជើងថា “Green Eggs and Ham” និពន្ធដោយលោកបណ្ឌិត Seuss ក៏ត្រូវបានគេហាមឃាត់ ក្នុងព្រំដែនប្រទេសចិនដែរ។ PRC ឬរដ្ឋាភិបាលបានបង្ហាញការមិនពេញចិត្ត សៀវភៅនេះដោយ វាបង្ហាញពីគោលគំនិត និងអក្សសិល្បិ៍បែបលទ្ធិម៉ាក្សនិយម (Maxism) ដែលបង្ហាញពីទ្រឹស្តីសេដ្ឋកិច្ច និងនយោបាយរបស់លោក Karl Marx។ 

៦. រឿង “Alice in the Wonderland”

រឿងនិទាន Alice in the Wonderland របស់លោក Lewis Carroll ត្រូវបានរងការរិះគន់ ក្នុងប្រទេសអាមេរិកថា បានបង្ហាញពីរូបភាព ការប្រើប្រាស់គ្រឿងញៀន និងតិះដៀលនយោបាយ ប៉ុន្តែ ប្រទេសចិនបែរជាមិនចូលចិត្ត រឿងនិទាននេះ ដោយសារតែមានសត្វ ចេះនិយាយទៅវិញ។ នៅពេលដែលសត្វ ចេះនិយាយភាសាមនុស្ស ចិនគិតថា យើងម្នាក់ៗឲ្យតម្លៃសត្វ ស្មើនឹងតម្លៃខ្លួនឯងហើយ។ 

៧. អ៊ិនធឺណេត សម្រាប់យោធា

នៅឆ្នាំ ២០១០ គណកម្មការយោធាបក្សកុម្មុយនីស បានចេញនូវបទបញ្ញត្តិពីអ៊ិនធីណេត ជាច្រើន សម្រាប់យោធា។ ច្បាប់ដ៏តឹងរឹងទាំងនោះ ហាមឃាត់មិនឲ្យមានការណាត់ជួប ឬស្វែងរកដៃគូ រាប់អានមិត្តភក្តិ ឬរកការងារ តាមប្រព័ន្ធអ៊ិនធីណេតឡើយ។ យោធា ទាំងអស់មិនអនុញ្ញាតឲ្យចូលហាងអ៊ិនធឺណេតកាហ្វេក្នុងស្រុកបានទេ សូម្បីតែវេបសាយ គេហទំព័រ ឬ blog ផ្សេងៗក៏មិនអាចបើកបានដែរ។ ការរឹតបន្តឹងបែបនេះ គឺមិនចង់ឲ្យមានការបែកធ្លាយ ឯកសារសម្ងាត់របស់យោធា។ 

៨. ផ្កាម្លិះ

បក្សកុម្មុយនីសចិន មានការព្រួយបារម្ភខ្លាចខូចការធំ សូម្បីតែផ្កាម្លិះ។ បន្ទាប់ពី “បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution)” នៅឯទុយនេស៊ី (Tunisia) រួចមក រដ្ឋាភិបាលចិនបានហាមឃាត់ ធ្វើយ៉ាងណា មិនត្រូវឲ្យមានផ្កាឡើយ។ អ្នកមិនអាចលក់ កាន់ ច្រៀង ពីផ្កាម្លិះបានទេ សូម្បីតែ និយាយ ក៏មិនបានដែរ។ 

៩. តារាល្បីៗ

ជាក់ស្តែង មានមនុស្សដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញមួយចំនួន ដែលមិនត្រូវធាតុជាមួយនឹង ប្រទេសចិន។ រដ្ឋាភិបាល បានព្យាយាមបំបាត់ នូវអ្នកគាំទ្រ ចលនាឯករាជ្យទីបេ (The Tibetan Independence Movement) ប៉ុន្តែលោក Harry Ford និងលោក Richard Gere មិនអាចចូលប្រទេសចិនបាន ក៏ព្រោះតែពួកគេ បានសម្តែងការគាំទ្រចំពោះ ចលនាឯករាជ្យទីបេ។ រីឯ Brad Pitt វិញត្រូវបានធ្វើការហាមឃាត់ដែរ ព្រោះលោកបានសម្តែងជាតួអង្គរឿង “Seven Years In Tibet” (ប្រាំពីរឆ្នាំ ក្នុងប្រទេសទីបេ)។ 

១០. ខ្សែភាពយន្ត “Avatar”

បន្ទាប់ពីទទួលបានជោគជ័យ ដោយការគាំទ្រយ៉ាងខ្លាំង រយៈពេល ២ សប្តាហ៍ដំបូងក្នុងប្រទេសចិន ខ្សែភាពយន្ត Avartar ត្រូវបានគេហាមឃាត់ ក៏ព្រោះតែភាពយន្តនេះ មានប្រជាប្រិយភាពខ្លាំងពេក បណ្តាលឲ្យបរាជ័យភាពយន្តក្នុងស្រុក។ តែទោះជាយ៉ាងណា គេបានហាមឃាត់តែ Avatar 2D ប៉ុណ្ណោះ ប្រជាជនចិន នៅតែអាចទស្សនាបានតាមប្រភេទ 3D បាន៕ 

ប្រភព៖ Brain Jet | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]