(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្នុងវិស័យកីឡាសំខាន់ៗមានដូចជា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា (NOCC) លោក អ៊ុក សិទ្ធិ​ជាតិ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ​កាយ និងកីឡា និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន រួមជាមួយនឹងមន្រ្តីកីឡាជាច្រើនទៀត នឹងអញ្ជើញទៅទទួលប្រតិភូ និងអត្តពលិក កម្ពុជានៅព្រលានយន្តហោះពោធិ៍ចិនតុង ក្រោយពីបញ្ចប់បេសកកម្មប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល។

ការចេញទៅទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីនានា គឺដើម្បីសំដែងនូវការយកចិត្តទុកដាក់ ក៏ដូចជាលើកទឹកអត្តពលិក​ជម្រើស​​ជាតិ​​កម្ពុជា​​ទាំង ៦​រូប​ដែល​បាន​បញ្ចេញ​អស់​កម្លាំង​​កាយចិត្ត និងសមត្ថភាព ទោះពុំឈ្នះមេដាយ ក៏ដោយ ព្រោះព្រឹត្តិការណ៍កីឡាអូឡាំពិក ជាកម្រិតកីឡាពិភពលោក និងមានសុទ្ធតែអត្តពលិកខ្លាំងៗចូលរួមប្រកួត ប្រជែងយកមេដាយទាំង ២០៧ប្រទេសដែលជាសមាជិករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិក ៦រូបក្នុងនោះមានស្រី៤រូប ស្មើនឹង៤ប្រភេទកីឡា រួមមានកីឡាហែលទឹក (ពូ សុវិជ្ជា និងហែម ថុន វិទិនី) កីឡា​រត់​ប្រណាំង​ម៉ារ៉ា​តុង (នីកូ និង លីណារី) កីឡាបោកចំបាប់ ចូវ សុធារ៉ា និង កីឡាតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងចំណោម ២៨ប្រភេទកីឡាប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលចាប់ ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

ប្រតិភូដឹកនាំ និងអត្តពលិកកម្ពុជា ដែលមានគ្នាសរុប ១៦រូបនឹងធ្វើដំណើរមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង នាម៉ោង ៦៖៤០​នាទី​ល្ងាច​ស្អែក​នេះ ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​សីហា ឆ្នាំ២០១៦ នេះបើយោងតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីម្សិលមិញនេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សៀវម៉ី បង្ហូរទឹកភ្នែកសុំទោសពលរដ្ឋខ្មែរ ក្រោយចាញ់កីឡាការិនីហូឡង់ នៅ Rio Olympic Games 2016 គួររំលឹកផងដែរថា វិរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់ បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបាន សុំទោសពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យនេះ។

តែទោះជាយ៉ាងណាអត្តពលិកមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ២០១៦នេះ ព្រោះកញ្ញាបានឈ្នះមេដាយមាស ១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]