តៃវ៉ាន់៖ យើងដឹងហើយថា តៃវ៉ាន់ មានច្បាប់ដ៏តឹងរឹងមួយ មិនអនុញ្ញាតឲ្យលេងហ្គេម ក្នុងអំឡុងពេលបើកបរ ឬតាមផ្លូវសាធារណៈ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុឡើយ។

យ៉ាងណាមិញក្រោយពីហ្គេម Pokémon Go ទើបតែបានហូរចូលមកដល់តំបន់អាស៊ីក្នុងរយៈពេលប្រមាណ ៣សប្តាហ៍ចុងក្រោយនេះរួចមក មន្រ្តីប៉ូលិសនៅតៃវ៉ាន់បានធ្វើការផាកពិន័យអ្នកលេងល្មើសច្បាប់ អស់ជាច្រើននាក់ សរុបប្រមាណជា ៣៤៩នាក់ផងដែរ។

ទន្ទឹមនឹងនោះ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ការងប់ងល់លេងហ្គេម Pokémon Go នៅតៃវ៉ាន់បន្តការកើនឡើង មានសឹងតែគ្រប់រូបភាពទាំងអស់ និងស្ទើរតែលែងខ្វល់ពីការផាកពិន័យ ដែលច្បាប់បានចែងទៅទៀត។

តាមរយៈវីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ មានអ្នកចុចចូលមើលជាច្រើនលានដង និងចែករំលែកតៗគ្នា (Share) ជាច្រើនម៉ឺននាក់ផងដែរ ស្តីពីទិដ្ឋភាពមនុស្សទាំងហ្វូង មិនថាក្មេង មិនថាចាស់ ឈ្លក់វង្វេងជាមួយហ្គេម Pokémon Go នាំគ្នាដើរដេញចាប់សត្វ Snorlax ដែលមាននៅក្នុងហ្គេម Pokémon Go នេះ ពេញដងផ្លូវក្នុងតំបន់ Beitou ទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

ទិដ្ឋភាពបែបនេះមើលទៅ ហាក់បីដូចជាការរត់គេចពីគ្រោះថ្នាក់អ្វីមួយអីចឹង  មិនត្រឹមប៉ុណ្ណោះបានបណ្តាលឲ្យ មានសម្រាមរាយប៉ាយជាច្រើន  និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ ទោះបីជាភ្លើងសញ្ញាចរាចរណ៍ ខៀវ ក្រហម យ៉ាងណាក៏ដោយ ក៏អ្នកទាំងអស់នោះនៅតែនាំគ្នា សម្រុករត់ដេញតាមចាប់សត្វ Pokéon ដោយមិនខ្ចីខ្វល់ពីសុវត្ថិភាពរបស់ខ្លួនឯងឡើយ។ ជាមួយគ្នានេះដែរ អ្នកនិយមលេង បណ្តាញសង្គមមួយចំនួន បានបញ្ចេញពាក្យរិះគន់ នូវទង្វើបែបនេះ ដោយមិនសំចៃមាត់ផងដែរ។

គួរឲ្យដឹងថា Pokémon GO គឺជាហ្គេមកម្សាន្ត ដ៏ជក់ចិត្តមួយប្រភេទ លេង ដោយប្រើប្រពន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃ របស់អស់លោកអ្នកទាំង iOS និង Android។ សម្រាប់បច្ចុប្បន្ននេះ វាក៏កំពុងតែមាន ឈ្មោះល្បីល្បាញ ខ្លាំងនៅសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក ថ្មីៗកន្លងទៅនេះ ហ្គេមប្រភេទនេះ ក៏បានដាក់ដំណើរការលេង នៅក្នុងតំបន់អាស៊ី ដែលក្នុងនោះមានជាច្រើនប្រទេស ផ្សេងទៀតអាចលេងវាបាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕

ទស្សនាវីដេអូ៖ 

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ទាក់ទងនឹងហ្គេម Pokémon Go នេះដែរ បើតាមប្រភពក្នុងតំបន់ បានឲ្យដឹងថា ត្រឹមតែរយៈពេល២ថ្ងៃ ក្រុមហ៊ុនហ្គេម Pokémon Go ដែលបានប្រកាសតាមរយៈបណ្តាញសង្គម Twitter របស់ខ្លួនថា តំបន់មួយចំនួនក្នុងតំបន់អាស៊ី ក្នុងនោះមានកោះតៃវ៉ាន់ផងនោះ គឺអាចលេងហ្គេមនេះបាន។

ផ្ទុយទៅវិញ បើក្រឡេកទៅមើលច្បាប់នៅតៃវ៉ាន់ ហាក់បីដូចជាតឹងរឹងបន្តិច ពោលគឺនាយកដ្ឋានមួយរបស់រដ្ឋាភិបាល បានចេញច្បាប់រួចទៅហើយ ជាពិសេសទាក់ទង នឹងការលេងហ្គេមតែម្តង ដែលប្រជាពលរដ្ឋក្នុងតំបន់មិនគួរមើលរំលងឡើយ។

ច្បាប់នេះប្រសិនណា ប្រជាពលរដ្ឋលេងហ្គេម ក្នុងអំឡុងពេលបើកបរ នឹងត្រូវផាកពិន័យចំនួនទឹកប្រាក់ប្រមាណ ៩៥ដុល្លារអាមេរិក ហើយសម្រាប់អ្នកលេងហ្គេមក្នុងអំឡុងពេលជិះម៉ូតូ ឬកង់វិញ នឹងត្រូវផាកពិន័យក្នុងចំនួនទឹកប្រាក់ប្រមាណ ៣២ដុល្លារអាមេរិក។ សម្រាប់អ្នកបង្កភាពរាំងស្ទះចរាចរណ៍តាមដងផ្លូវក្នុងរូបភាពផ្សេងៗវិញ ក៏នឹងអាចទទួលរងការផាកពិន័យ ក្នុងចំនួនទឹកប្រាក់ប្រមាណ ១០ដុល្លារអាមេរិក ផងដែរ។

បើតាមការឲ្យដឹងពីរដ្ឋបាលផ្លូវដែក (Taiwan Railways Administration) ក្នុងតំបន់បានឲ្យដឹងថា បន្ទាប់ពីហ្គេម Pokémon Go មកដល់កោះតៃវ៉ាន់ គេសង្កេតឃើញមនុស្សម្នាជាច្រើន នាំគ្នាមកចាប់សត្វ Pokémon តាមបណ្តោយផ្លូវស្ថានីយ៍រថភ្លើងយ៉ាងយូរក៏មួយម៉ោងទៅពីរម៉ោងដែរ។ ហេតុនេះហើយ ត្រូវតែធ្វើការហាមឃាត់ជាបន្ទាន់មិនអនុញ្ញាត ឲ្យលេងហ្គេមប្រភេទនេះ នៅទីតាំងស្ថានីយ៍រថភ្លើង និងក្នុងរថភ្លើងឡើយ ក៏ដូចជាតំបន់ផ្សេងៗទៀតផងដែរ ព្រោះវាងាយនឹងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ណាស់។

ចំណែកក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងព្រមានទៅកាន់ប្រជាពលរដ្ឋដែលលេងហ្គេមនេះ មិនអនុញ្ញាតឲ្យចូល ឬត្រូវតែចេញឲ្យឆ្ងាយ ត្រង់ចំណុចទីតាំងភូមិសាស្រ្ត នៃតំបន់យោធា ក៏ដូចជាទីតាំងជំរំទ័ព ដែលមានព្រំដែនត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។

ដោយឡែក លោកនាយករដ្ឋមន្រ្តី Lin Chuan នៃកោះតៃវ៉ាន់ បានសរសេរសារខ្លីមួយ លើទំព័រហ្វេសប៊ុករបស់លោកថា «បើចាប់សត្វដ៏កម្រនោះក៏ចាប់ចុះ ប៉ុន្តែកុំចាប់ ឬនាំគ្រោះថ្នាក់ មកដាក់ខ្លួនឡើយ» ។

គូសបញ្ជាក់ផងដែរថា អ្នកប្រព្រឹត្តខុស លេងហ្គេម Pokémon Go ក្នុងទឹកដីកោះតៃវ៉ាន់ អំឡុងពេលបើកបរនេះ ត្រូវបានចាប់ខ្លួន និងផាកពិន័យរួចរាល់ មានជាង ៣៤៩នាក់មកហើយ។

រីឯខាងសារមន្ទីរជាតិនៃទីក្រុងតៃប៉ិ បានបញ្ចេញសារខ្លី ហាមឃាត់ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យលេងហ្គេម Pokémon Go នេះក្នុងសាលពិព័រណ៍ ខាងក្នុងឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]