ខួរក្បាលរបស់កុមារ ត្រូវការរំញោច ពីបរិយាកាសជុំវិញ ដើម្បីធ្វើការអភិវឌ្ឍន៍។ ជាពិសេស កុមារមិនទាន់គ្រប់អាយុចូលរៀន ការយល់ដឹងរបស់ពួកគេគឺ ពឹងផ្អែកលើកត្តា ក្រុមគ្រួសារ ហ្សែន វប្បធម៌ប្រពៃណី -ល-។ ការចង់ដឹងចង់ឃើញរបស់កុមារ ជួយឲ្យពួកគេអាចស្វែងយល់ពីពិភពលោកមួយនេះ។ ហេតុនេះ ម្តាយឪពុក ត្រូវតែបង្កើតនូវសកម្មភាពទាំងឡាយណា ដែលអាចផ្តល់ការអភិវឌ្ឍន៍ ដល់ការយល់ដឹងរបស់កូនៗ។

សកម្មភាពខាងក្រោមនេះ នឹងផ្តល់នូវការកំសាន្ត ជាមួយនឹងការអភិវឌ្ឍន៍ជំនាញយល់ដឹង របស់កុមារ បាននៅក្នុងពេលដំណាលគ្នា ៖ 

១. បទពិសោធន៍ក្នុងវ័យ ៦ ឆ្នាំដំបូង

នៅក្នុងវ័យ ៦ ឆ្នាំដំបួងរបស់កុមារគ្រប់ៗរូប គឺជាពេលដែលពួកគឹឈានចូលមកពិភពលោកមួយនេះ និងត្រូវរៀនស្គាល់អ្វីថ្មីៗជាច្រើន។ រឿងដែលឪពុកម្តាយគ្រប់រូប អាចធ្វើបានគឺបង្រៀនកូនៗ ឲ្យចេះដើរត្រង់ទៅមុខ ចេះស្តាប់ភាសានិយាយ ចេះអានបន្តិចបន្តួច ចេះស្គាល់វត្ថុណាមួយដោយគ្រាន់តែចាប់កាន់ ចេះនិយាយនិងសរសេរពីវត្ថុអរូបិយផ្សេងៗ។ សកម្មភាពទាំងនេះ មានសារសំខាន់ណាស់ ព្រោះវាជាគ្រឹះ និងជាមូលដ្ឋានសម្រាប់កុមារ ក្នុងការរៀនជាបន្តបន្ទាប់ទៀត។

២. បង្ហាញក្តីស្រលាញ់

ការផ្តល់នូវ ភាពកក់ក្តៅ និងសេចក្តីស្រលាញ់ដល់កុមារ គឺជាកត្តាសំខាន់ ក្នុងការបង្កើនការយល់ដឹងរបស់ពួកគេ។ ការបង្ហាញក្តីស្រលាញ់ ទាំងការប៉ះពាល់ ទាំងការប្រើប្រាស់ពាក្យសំដី នឹងជួយអភិវឌ្ឍន៍ជំនាញខាងផ្លូវអារម្មណ៍ របស់កុមារ និងកសាងទំនាក់ទំនងដ៏រឹងមាំ រវាងអ្នកជាមួយកូនៗ។ ជាលទ្ធផល ពួកគេនឹងមានទំនុកចិត្តខ្ពស់ និងមានសមត្ថភាពយកចិត្តទុកដាក់ខ្ពស់ទៀតផង។ ហេតុនេះ មិនថាជាការថើប ឱប ម៉ាស្សា ឬប៉ះអង្អែលបែបណាទេ គឺសុទ្ធតែជាការសម្តែងនូវសេចក្តីស្រលាញ់ទៅឲ្យកូនៗទាំងអស់។ 

៣. ហាត់ប្រាណដើម្បីបង្កើនបញ្ញា

ការធ្វើលំហាត់ប្រាណ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ខួរក្បាល និងការយល់ដឹង ដោយសារសកម្មភាពរាងកាយនេះ ជួយបង្កើនអុកស៊ីសែនទៅកាន់ខួរក្បាលរបស់កុមារបានយ៉ាងរហ័ស និងលូតលាស់បានយ៉ាងមានសុខភាពល្អ។ ជាងនេះទៅទៀត ពួកគេអាចបង្កើនសារធាតុ ស៊ីនេទិច បានយ៉ាងល្អប្រសើរជាងមុន (ជួយដល់ការឆ្លើយតបពីខួរក្បាល ទៅសរសៃប្រសាទសាច់ដុំបានយ៉ាងលឿន)។ ជាក់ស្តែង ការហែលទឹកជា លំហាត់ប្រាណល្អបំផុត ព្រោះវាប្រមូលផ្តុំកម្លាំង នៃសាច់ដុំទាំងអស់។

៤. ផ្តល់អាហាររូបត្ថម្ភ

កត្តាមួយទៀត ដែលអាចជំរុញការយល់ដឹងរបស់កុមារបានគឺ អាហារដែលមានសុខភាពល្អ។ អាហារដែលសម្បូរទៅដោយ សារជាតិប្រូតេអ៊ីន ដូចជា សាច់ស្រស់ ផលិតផលធ្វើពីទឹកដោះគោ បន្លែ និងផ្លែឈើ សុទ្ធតែជួយបង្កើនសមត្ថភាពខួរក្បាល របស់កុមារតាំងពីតូចៗ។ ទន្ទឹមនឹងនេះដែរ អាហារដែលសំបូរទៅដោយជាតិខ្លាញ់អូមេហ្គា ៣ (Omega-3) មានដូចជា ត្រី គ្រាប់ធញ្ញជាតិ ស៊ុត -ល- ក៏ជាអាហាររូបត្ថម្ភដែលជំនួយដល់ការផ្តោតអារម្មណ៍ ការគិត និងបង្កើនជំនាញដោះស្រាយបញ្ហាទៀតផង។

៥. អនុញ្ញាតឲ្យខួរក្បាលសម្រាកបានគ្រប់គ្រាន់

នៅពេលដែលកំពុងគេង ខួរក្បាលរបស់អ្នក ដូចជាសាកថ្ម ឡើងវិញយ៉ាងអញ្ចឹង ជាពិសេស ប្រមូលផ្តុំ ក៏ដូចជារក្សានូវសកម្មភាពពេញមួយថ្ងៃ ទុកក្នុងការចងចាំទៀតផង។ នេះហើយជាមូលហេតុ ដែលខួរក្បាលរបស់កុមារត្រូវការ សម្រាក និងប្រមូលកម្លាំងឡើងវិញ ឲ្យបានយ៉ាងហោចណាស់ ១០ ម៉ោង។ ឪពុកម្តាយគួរបង្កើត សកម្មភាពកម្សាន្តផ្សេងៗ ឬនិយាយសរសើរពីកូនៗ ដើម្បីធានាថាពួកគេអាចគេងបានលក់ស្រួល។ អារម្មណ៍កក់ក្តៅ និងអារម្មណ៍លួងលោមទាំងឡាយ អាចឲ្យកុមារសុបិនរឿងល្អៗ និងបណ្តាលឲ្យពួកគេចេះស្រមើស្រមៃ និងពូកែច្នៃប្រឌិត។ 

៦. លេង គឺជាគន្លឹះដ៏សំខាន់

កុមារ រៀនពីអ្វីៗដែលនៅជុំវិញ តាមរយៈការលេងនោះឯង។ ឪពុកម្តាយអាច ឲ្យកូនៗ លេងជាមួយប្រដាប់ប្រដា ឬល្បែងលេង ជាច្រើនប្រភេទ ដើម្បីអភិវឌ្ឍន៍ការយល់ដឹងរបស់កូន ដូចខាងក្រោមនេះ ៖

• ការលេងហ្គេមដែលទាក់ទង នឹងការចងចាំ គឺពិតជាជួយដល់ការចងចាំទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់កុមារ។ ល្បែងចងចាំពាក្យ ចងចាំរូបភាព ល្បែងផ្គុំរូប គឺសុទ្ធតែជាល្បែងដែលបង្កើន ដល់ការចងចាំរបស់កុមារ បានយ៉ាងល្អប្រសើរ។

• ហ្គេមទាក់ទងនឹងពាក្យ ឬលេខ ដែលមានដូចជា Sudoku និង Crossword សុទ្ធតែជួយដល់ការគិត ការរៀបចំ និងជំនាញខាងភាសារបស់កុមារ។ ដូចគ្នានេះដែរ វាជាហ្គេមដ៏សាមញ្ញ ក្នុងការជួយពង្រឹងវាក្យស័ព្ទ និងការពារហានិភ័យ ពីជំងឺវង្វេងវង្វាន់ទៀតផង។

• អានសៀវភៅ ជាសកម្មភាពពង្រឹងការយល់ដឹងរបស់កុមារ។ តាមរយៈរឿងនិទានផ្សេងៗ កុមារអាចចេះស្រមើស្រមៃ និងបង្កើតរូបភាពអរូបិយផ្សេងៗ ជាពិសេស ធ្វើឲ្យពួកគេចេះភាសា និងពាក្យសំដី របស់ជាតិខ្លួនទៀតផង។ ដំបូងបំផុត ត្រូវជ្រើសរើសសៀវភៅណា ដែលមានរូបភាព និងពណ៌ចម្រុះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់កូនៗ។ ជឿទេថា ថ្ងៃក្រោយពួកគេនឹងដើរទៅរកសៀវភៅ ដោយខ្លួនឯង។

• តន្រ្តី ក៏ជាវិធីអភិវឌ្ឍន៍ការយល់ដឹង របស់កុមារដែរ។ ការស្តាប់តន្ត្រី អាចជួយបំបាត់ភាពតានតឹង ដែលធ្វើឲ្យខួរក្បាល អាចរីកលូតលាស់បានប្រក្រតី និងមានសុខភាពល្អ។ រីឯការលេងឧបករណ៍តន្រ្តីវិញគឺ ជួយអភិវឌ្ឍន៍ផ្លូវចិត្ត និងការស្រមើស្រមៃ របស់កុមារ។ ឧបករណ៍ដែលទាក់ទាញបំផុត សម្រាប់កុមារគឺ ស្គរ ក្តាចុច និងព្យាណូ ព្រោះវាសម្រួលដល់ការប្រើ អឌ្ឍគោលខួរក្បាលទាំងពីរ ឲ្យនៅក្នុងរង្វាស់ស្មើគ្នា។

៧. ចូលរៀនសាលាមតេយ្យ

ការបណ្តោយឲ្យកូនៗ ចូលរៀនកម្រិត ថ្នាក់មតេយ្យ គឺដូចជាបង្កើនឱកាស ឲ្យកុមារបានរៀនកាន់តែច្រើន។ ការបញ្ជូនកូនរៀនថ្នាក់មតេយ្យ មិនមែនអាចធ្វើឲ្យពួកគេ ពូកែអស្ចារ្យលើសគេនោះទេ ប៉ុន្តែជាក់ស្តែង វាជួយឲ្យកុមារអាចមានភាពវៃឆ្លាត កម្រិតមធ្យម ដូចគេដូចឯង នៅពេលធំឡើងទៅវិញទេ។ កូនៗរបស់អ្នក នឹងត្រូវប្រឈមជាមួយនឹងបញ្ហា និងការលំបាក ក្នុងវ័យកុមារ ជាលទ្ធផល ពួកគេមិនត្រឹមតែយល់ដឹងច្រើននោះទេ ថែមទាំងក្លាយជាមនុស្សដែលមានភាពរឹងមាំ នៅគ្រប់ស្ថានភាពផងដែរ។

៨. ប្រុងប្រយ័ត្ននឹងបច្ចេកវិទ្យា

ឪពុកម្តាយគ្រប់រូប អាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ការយល់ដឹងរបស់កូនៗ ដូចជាការលេងល្បែងគណិតវិទ្យា ឬរៀបពាក្យកំណត់ម៉ោង ដែលជួយឲ្យកុមារមានការចងចាំល្អ និងគិតបានរហ័ស។ ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវយកចិត្តទុកដាក់ កំណត់ពេលវេលា ឲ្យបានច្បាស់លាស់ ព្រោះទោះបីជាឧបករណ៍អេឡិចត្រូនិច ទំនើបៗ អាចជួយឲ្យកុមាររៀនបានច្រើនមែន ក៏មិនត្រូវមិនអើពើ រហូតដល់ញៀនបានឡើយ៕ 

ប្រភព៖ SPARKONIT | Everyday Power

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]