(បាត់ដំបង)៖ បេក្ខនារីម្នាក់បាន​ដួលសន្លប់ ក្រោយមកក្រុមគ្រួពេទ្យ បានជួយសង្គ្រោះ ហើយបានដាក់ខ្យល់អុកស៊ីសែន ទើបអាចប្រឡងបានវិញ នូវ​មុខវិជ្ជារូបវិទ្យា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមណ្ឌល សកលវិទ្យាល័យ បាត់ដំបង។

Facebook អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា «សិស្សស្រីពូកែម្នាក់​បានឈឺដួលសន្លប់ និយាយមិនចេញបានត្រឹមសរសេរ លើក្រដាស​ នូវពាក្យមួយមាត់ថា ​ឈឺ​ ហើយក៏សន្លប់ទៅ»។ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា ​ក្រោយមកក្រុមគ្រូពេទ្យ ប្រឹងជួយអស់លទ្ធភាព រហូតចុងក្រោយ នាងអាចងើបឡើង ធ្វើកិច្ចការវិញបាន​ទាំងកំពុងដាក់អុកស៊ីសែន​ ហើយវិញ្ញាសារូបវិទ្យានេះ ហាក់បីដូចជាគ្មានបញ្ហាទេ​សម្រាប់នាង ព្រោះនាងមានទំនុកចិត្តខ្លាំង​មែនទែន។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែសីហា នេះគឺជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រ (ភាសាខ្មែរ និងរូបវិទ្យា)​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្រឡងបាក់​ឌុបព្រឹក​ថ្ងៃទី២ មានបេក្ខជនអវត្តមាន១៣០៧នាក់​ បញ្ហាសុខភាព២៤នាក់ គួររំលឹកផងដែរថា យោងតាមគេហទំព័រក្រសួងអប់រំ ​យុវជននិងកីឡាបានឲ្យដឹងថា​ «ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ ​ មានពីរ​មុខវិជ្ជា​ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ​ និងរូបវិទ្យា) ​និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម​ (គណិតវិទ្យា​ និង​សីលធម៌-​ពលរដ្ឋវិជ្ជា) ។ ​បេក្ខជនអវត្តមានកើនឡើងដល់​ ១៣០៧ នាក់ ។ ​ ដោយឡែកបេក្ខជន​មានបញ្ហាសុខភាព ចំនួន ២៤នាក់ ។

ដំណើរការសំណេរ​បានបន្តប្រព្រឹត្តទៅដោយរលូនល្អ​ ពោលគឺគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់​មានការទទួលខុសត្រូវខ្ពស់​ក្នុង​ការបំពេញភារកិច្ច ​ទោះបីនៅខេត្តមួយចំនួនមានភ្លៀងក៏ដោយ​ ។ បេក្ខជនបន្តគោរពបទប្បញ្ញត្តិនៃ​​ការប្រឡងបានល្អ ​មានភាព​ជឿជាក់ ​​និងខិតខំធ្វើកិច្ចការបានច្រើន ​ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ​ ដោយមានការចូលរួមយ៉ាងសកម្មពី​អាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច ​និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្តមកពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលពាក់ព័ន្ធ។

ចំពោះដំណើរការសំណេរនារសៀលនេះ ​មានមួយមុខវិជ្ជាគឺ​ វិញ្ញាសាគណិតវិទ្យា ​ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​ និងអក្សរសាស្ត្រខ្មែរ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​សង្គម »៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]