ភ្នំពេញ៖ ពិធីការិនីប្រចាំកម្មវិធី ព័ត៌មានកម្សាន្ត ប្រចាំស្ថានីយទូរទស្សន៍ BTV កញ្ញា ណា សាឌី ហៅក្រៅ ក្វាន់ បានបង្ហាញក្តីស្រមៃ ដោយរំពឹងថា ថ្ងៃណាមួយ នាងនឹងមានឱកាសបានក្លាយ ជាតួឯកនៅក្នុងរឿងណាមួយ ប្រសិនបើអ្នកដឹកនាំរឿង ផ្តល់ឱកាសឲ្យនាងបានគ្រងតំណែងនេះ គឺនាងមិនឲ្យអ្នកដឹកនាំរឿង និងមហាជន អស់សង្ឃឹមឡើយ ។

តារាសម្តែងនិងជាពិធីការិនី កញ្ញា ណា សាឌី គឺជាអតីត Freshie girl មួយរូប ដែលមានរូបសម្រស់ ស្រស់ស្អាតមានចរិករួសរាយរាក់ទាក់ បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ នាងមានឱកាសបានសម្តែង រឿង២ហើយ ដោយរឿងទី១គឺរឿង «សុបិន្តស្នេហ៍យុវវ័យ» និងរឿងទី២គឺរឿងថ្មី ដែលទើបតែក្រុងពាលី មានចំណងជើងថា «ព្យុះជីវិតចិត្តអ្នកលេង» ដែលរឿងទាំង២នេះ សុទ្ធសឹងតែដាក់បញ្ចាំង នៅទូរទស្សន៍បាយ័ន ដោយរឿងទាំងពីរនេះ នាងនៅមិនទាន់មានឱកាស បានក្តាប់តំណែងតួឯកទេ ពោលគឺសម្តែងជាតួសំខាន់ តែប៉ុណ្ណោះ ។

បើទោះជាតារាស្រីវ័យ ២០ឆ្នាំរូបនេះ ទើបតែចូលប្រឡូកនៅក្នុងអាជីព ជាតារាសម្តែង ក៏ពិតតែនាងបាន បង្ហាញមហិច្ឆតាខ្ពស់ថា « ខ្ញុំមានក្តីស្រមៃចង់ក្លាយជាតួឯក នៅក្នុងរឿងណាមួយ ប្រសិនបើមានខាងផលិតកម្ម ផ្តល់ឱកាសខ្ញុំនឹងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាពមិនឲ្យ អ្នកដឹកនាំរឿងអស់សង្ឃឹមឡើយ ព្រោះថាបើទោះជាខ្ញុំជាតួថ្មី តែខ្ញុំស្រលាញ់ការសម្តែង និងមានដុងសម្តែងដែរ ហើយខ្ញុំអាចសម្តែង បានទាំងអស់ ទាំងតួកាចឆ្នាស់ឆ្នើម តួទឹកភ្នែក ឲ្យតែអ្នកដឹកនាំរឿងត្រូវការ » ។

កញ្ញា សាឌី បានបញ្ជាក់ថា ក្រៅពីការសម្តែង និងធ្វើជាពិធីករ នាងក៏ត្រូវបានក្រុមហ៊ុនគ្រឿងសម្អាង ទាក់ទងឲ្យ ថតស្ពតពាណិជ្ជកម្មឲ្យផងដែរ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី