ភ្នំពេញ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជាបន្តរៀបចំសិក្ខាសាលា នៅសណ្ឋាគារភ្នំពេញ ដោយបានអញ្ជើញ អ្នកឯកទេសខាងវេជ្ជសាស្ត្រ ប្រមាណ១០០នាក់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីជំងឺពីរមុខ ដែលជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋកម្ពុជាគឺ៖ ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បានបញ្ជាក់ នៅក្នុងសិក្ខាសាលានោះថា៖ “ក្រុមហ៊ុនសាណូហ្វី តែងតែបេ្តជ្ញាធ្វើការងារ ដែលពាក់ព័ន្ធនឹងជំងឺសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ គឺជាឱកាសយ៉ាងវិសេសវិសាល ហើយយើងពិតជាសប្បាយរីករាយ ដោយបានរៀបចំឲ្យមានវេទិកាជួបជុំផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ដែលជាជំងឺដ៏កាចសាហាវ និងបានសម្លាប់មនុស្សអស់រាប់លាននាក់នៅលើសកលលោក។ យើងទាំងអស់គ្នាត្រូវមានយុទ្ធសាស្រ្តរួមគ្នា ក្នុងការកំណត់រកជំងឺទាំងនេះឲ្យបានលឿន តាំងពីដំណាក់កាលដំបូងនៃជំងឺ ត្រូវចាប់ផ្តើមព្យាបាលឲ្យទាន់ពេល និងការលើកកម្ពស់គុណភាព ព្យាបាលរបស់ជំងឺទាំងពីរនេះ។

អ្នកស្រីបានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺទាំងពីរនេះជាសាធារណៈ ដែលស្របទៅនឹងបេសសកម្មរបស់ ក្រុមហ៊ុនសាណូហ្វីក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រដល់អ្នកជំនាញថែទាំសុខភាព និងអ្នកជំងឺ ជាមួយនឹងការនាំមកនូវផលិតផល ដែលជារបកគំហើញថ្មីៗ ដើម្បីជាដំណោះស្រាយសម្រាប់តម្រូវការ ក្នុងវិស័យសុខាភិបាលកម្ពុជា។”

នៅក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺសរសៃឈាមបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា៖ «យោងតាមអង្គការសុខភាពពិភពលោក មានមនុស្សម្នាក់បានស្លាប់ រៀងរាល់១០នាទីម្តង ដោយសារជំងឺទឹកនោមផ្អែម នៅទូទាំងពិភពលោក។ មនុស្សដែលប្រឈមនឹងជំងឺនេះខ្លាំងជាងគេ គឺមនុស្សចាស់អាយុចាប់ពី៥៥ឆ្នាំឡើងទៅ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ ចំនួនអ្នកកើតជំងឺទាំងពីរនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យព្រួយបារម្ភ ដោយសារអ្នកជំងឺភាគច្រើនមិនដឹងខ្លួនថាកើតជំងឺនេះ។ ពោលគឺពួកគាត់មិនមានទម្លាប់ពិនិត្យ និងតាមដានកម្រិតជាតិស្ករក្នុងឈាម និងកម្រិតសម្ពាធឈាមឲ្យបានទៀងទាត់នោះឡើយ ជាពិសេសចំពោះមនុស្សវ័យចំណាស់តែម្តង។

របាយការណ៍របស់អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថា នៅឆ្នាំ២០០៨ មានមនុស្សប្រមាណ ១៧,៣ លាននាក់បានស្លាប់ ដែលស្មើនឹង៣០% នៃអត្រាមរណៈសកលលោក។ ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន ៧,៣ លាននាក់ គឺដោយសារជំងឺបេះដូង និង ៦.២លាននាក់ផ្សេងទៀត ស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រទេសដែលមានចំណូលទាប និងមធ្យមគឺរងផលប៉ះពាល់ច្រើនជាងគេ។ ការស្លាប់ដោយសារជំងឺលើសម្ពាធឈាមជាង៨០% គឺកើតឡើងក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងអត្រាស្មើគ្នារវាងបុរស និងស្ត្រី។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសខាងជំងឺសរសៃឈាម លើសឈាម និងបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ក៏បានចែករំលែកទិន្នន័យ និងចំណេះដឹងជាក់ស្តែងអំពីជំងឺលើសសម្ពាធឈាម៖ “តាមការអង្កេត STEPS របស់ក្រសួងសុខាភិបាលក្នុងឆ្នាំ២០១០ បង្ហាញថា ប្រេវ៉ាឡង់នៃអ្នកកើតជំងឺលើសសម្ពាធឈាម គឺមានប្រមាណ១១,២% នៃប្រជាជនពេញវ័យក្នុងប្រទេសកម្ពុជា។ មនុស្សដែលមានអាយុចាប់ពី៥៥ឆ្នាំ ដល់ ៦៤ឆ្នាំ គឺរងផលប៉ះពាល់ច្រើនជាងគេក្នុងអត្រាប្រេវ៉ាឡង់ដល់ទៅ ២៤,២%។ នៅក្នុងរបាយការណ៍អង្កេតនោះក៏បានបង្ហាញផងដែរថា អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមគឺ ២,៣% នៅក្នុងតំបន់ជនបទ និង៥,៦%នៅទីក្រុង។ ហើយមនុស្សដែលមានអត្រាកើតជំងឺនេះច្រើនជាងគេ គឺមនុស្សវ័យចំណាស់ ចាប់ពីអាយុ៦៥ឆ្នាំ ទៅ ៦៩ឆ្នាំក្នុងអត្រាប្រេវ៉ាឡង់៦%។ អត្រានៃជំងឺទាំងពីរមុខនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភ។”

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថានៅឆ្នាំ២០១០ មានអ្នកជំងឺតែ៤៥,៥% នៃអ្នកជំងឺលើសឈាមនិង៥០,៣% នៃអ្នកជំងឺទឹកនោមផ្អែម ដែលត្រូវបានធ្វើរោគវិនិច្ឆ័យ។ នៅក្នុងពេលជាមួយគ្នានោះដែរ មានតែ២៨,៦% នៃអ្នកជំងឺលើសសម្ពាធឈាម និង ២៣,៩% នៃអ្នកជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ ដែលទទួលបានការ គ្រប់គ្រងកម្រិតជំងឺដោយជោគជ័យទៅតាមគោលដៅរបស់គ្រូពេទ្យ។

ចំពោះករណីនៃជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមភាគច្រើន បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់, អាហារមិនសមស្របសម្រាប់សុខភាព និងមិនធ្វើលំហាត់ប្រាណដែលធ្វើឲ្យជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងជាហេតុបង្កើនសម្ពាធឈាម។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម សុទ្ធសឹងតែមិនបានដឹងថាខ្លួនឯងមានជំងឺនេះ ដោយសារតែជាទូទៅពុំមានរោគសញ្ញា។ ក៏ប៉ុន្តែរោគសញ្ញាទូទៅ ដែលទទួលបានពីផលលំបាករបស់អ្នកជំងឺមានដូចជា៖ ទន់មួយចំហៀងខ្លួន ហត់ ឈឺដើមទ្រូង និងហើមជើង។ លើសពីនេះតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឲ្យដឹងថា មានរោគសញ្ញាមួយចំនួនតូចផ្សេងទៀត មានដូចជាឈឺក្បាល វិលមុខ រោយក ឬឈាមច្រមុះជាដើម។

លោកវេជ្ជបណ្ឌិត អំពាវនាវឲ្យប្រជាជនកម្ពុជា ដែលមានវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើង ទៅគួរតែទៅពិនិត្យសុខភាពឲ្យបានយ៉ាងតិច ១ ទៅ ២ ដងក្នុងមួយឆ្នាំ ដើម្បីតាមដានកម្រិតសម្ពាធឈាម និងជាតិស្ករក្នុងឈាម។ លោកវេជ្ជបណ្ឌិត ក៏បានដាស់តឿនទៅកាន់អ្នកជំងឺ ឬអ្នកដែលមិនទាន់មានជំងឺក្តី គួរចងចាំថា ការការពារ និងរក្សាស្ថេរភាពសុខភាពពីជំងឺទឹកនោមផ្អែម និងលើសសំពាធឈាមគឺមិនមែនតែថ្នាំមួយមុខទេ តែអ្វីដែលសំខាន់ គឺការយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពដោយធ្វើលំហាត់ប្រាណជាប្រចាំ កាត់បន្ថយការជក់បារី កាត់បន្ថយការពិសារស្រា និងកាត់បន្ថយអាហារមានជាតិប្រៃ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]