ជាការពិត ច្រមុះខ្ពស់ស្រួច ជាផ្នែកមួយនៃសម្រស់ ដែលមនុស្សគ្រប់គ្នាតែងត្រូវការយ៉ាងខ្លាំង ដើម្បីទទួលបានចំណាប់អារម្មណ៍ពីក្រសែភ្នែកអ្នកដទៃ។ នាពេលបច្ចុប្បន្ន មានមនុស្សភាគច្រើន បានធ្វើការវះកាត់ច្រមុះ ដើម្បីឲ្យខ្ពស់ស្រួច ដែលពេលខ្លះវាអាចមានគ្រោះថ្នាក់  រឺបញ្ហាអាក្រក់កើតឡើងជាយថាហេតុ។ ប៉ុន្តែសម្រាប់ថ្ងៃនេះ ប្រិយមិត្តនឹងបានដឹងពី តិចនិកល្អមួយចំនួន ក្នុងការធ្វើឲ្យច្រមុះស្រួចពីធម្មជាតិដោយមិនចាំបាច់វះកាត់ ហើយទទួលបានសុវត្ថិភាពល្អទៀតផង។

១) ក្តិច ឬបូត ច្រមុះរបស់អ្នកថ្នមៗ ជាប្រចាំ៖ នេះជាវិធីដ៏ស្រួលបំផុត ក្នុងការធ្វើឲ្យច្រមុះខ្ពស់ស្រួចស្អាត ហើយអ្នកក៏អាចអនុវត្តនៅផ្ទះក៏បាន។ បន្ថែមពីនេះទៅទៀត អ្នកក៏មិនចាំបាច់ចំណាយលុយ ទៅលើវិធីនេះដែរ គឺគ្រាន់តែប្រើប្រាស់ ជាមួយនឹងម្រាមដៃចង្អុលរបស់អ្នកតែប៉ុណ្ណោះ ដើម្បីទៅក្តិចច្រមុះ ឬពាក្យខ្មែរ គេហៅថា បូតច្រមុះនោះ។ ចំពោះវិធីនេះ គឺទាមទារអ្នកឲ្យមានការអត់ធ្មត់ខ្ពស់បំផុត ក្នុងពេលអនុវត្តវា។ ប៉ុន្តែទោះជាយ៉ាងណា គុណសម្បត្តិរបស់វិធីមួយនេះដែរ គឺសុវត្ថិភាពល្អសម្រាប់សុខភាពរបស់អ្នក ព្រោះវាមិនបានប្រើប្រាស់នូវសារធាតុណាមួយ ដែលនាំប៉ះពាល់ដល់រាងកាយ។ បន្ថែមពីនេះផងដែរ សូមលាងដៃឲ្យបានស្អាតជាមុនផងដែរ។

២) ឧបករណ៍កៀបច្រមុះ៖ ថ្មីៗនេះ មានឧបករណ៍ម្យ៉ាង ដែលគេហៅថាប្រដាប់កៀបច្រមុះ ហើយឧបករណ៍នេះផងដែរ ក៏ទទួលបានការគាំទ្រ និងពេញនិយមផងដែរ។ ឧបករណ៍កៀបច្រមុះនេះ កំពុងត្រូវបានដាក់លក់ពេញអនឡាញ ជាមួយនឹងតម្លៃផ្សេងៗគ្នា ហើយក៏មានមនុស្សជាច្រើនបានប្រើប្រាស់វា ដែលអាចជួយឲ្យខ្ទង់ច្រមុះខ្ពស់ត្រដែតបានផងដែរ។ ដូច្នេះលទ្ធផលដែលទទួលបានអាចក្នុងកម្រិតអតិបរិមា តែត្រូវប្រាកដថាអ្នកអនុវត្តជាប្រចាំ។

៣) ធ្វើច្រមុះឲ្យកម្រើក៖ វិធីនេះ វាពិតជាជួយធ្វើឲ្យច្រមុះរបស់អ្នកមានខ្ទង់ស្អាត ពីធម្មជាតិ។ វិធីអនុវត្ត៖ អ្វីដែលអ្នកត្រូវធ្វើគឺ កម្រើកច្រមុះរបស់អ្នក តែត្រូវប្រាកដថាមុខរបស់អ្នក គឺនៅត្រង់ ខណៈអ្នកកំពុងតែកម្រើកច្រមុះ។ អ្នកគួរតែព្យាយាម អនុវត្តវិធីនេះ យ៉ាងតិចឲ្យបាន១ដងក្នុងមួយថ្ងៃ ដើម្បីជួយឲ្យខ្ទង់ច្រមុះខ្ពស់ស្រួច។

៤) ខ្ទប់ច្រមុះទាំងសងខាង៖ វិធីនេះ អាចជួយឲ្យច្រមុះរបស់អ្នក ខ្ពស់ស្អាត និងជួយកាត់បន្ថយ ការធ្លាក់យារសាច់ច្រមុះបានទៀតផង។ វិធីអនុវត្ត៖ យកម្រាមដៃរបស់អ្នក ទៅខ្ទប់ច្រមុះទាំងសងខាង ហើយព្យាយាមដកដង្ហើមចេញក្រៅដោយបង្ខំបែបថ្នមៗ ដោយមិនខ្លាំងក្លាពេកនោះទេ។ ហើយព្យាយាមធ្វើវាម្តងហើយម្តងទៀត អាចយ៉ាងតិច១០ដង។

៥) ម៉ាស្សាច្រមុះ៖ វិធីនេះទទួលបានអត្ថប្រយោជន៍ច្រើនណាស់ អាចព្យាបាលអាការៈឈឺក្បាលជាដើម។ វិធីអនុវត្ត៖ អ្នកអាចម៉ាស្សាច្រមុះ ចាប់ពីខ្ទង់ច្រមុះ រហូតដល់ចុងច្រមុះ ហើយចុងក្រោយគឺម៉ាស្សាត្រង់ស្លាបទាំងសងខាង។ ហើយត្រូវប្រាកដថា ម្រាមដៃចង្អុលរបស់អ្នក គឺម៉ាស្សាថ្នមៗលក្ខណៈជារង្វង់។  ក្នុងនោះដែរ អ្នកគួរតែម៉ាស្សាច្រមុះ រយៈពេល៥នាទី ជារៀងរាល់ថ្ងៃ ហើយព្យាយាមធ្វើវាជាប្រចាំ ដើម្បីទទួលបានលទ្ធផលល្អ។

៦) ការហាត់ប្រាណដោយការដកដង្ហើម៖ ការហាត់ប្រាណដោយការដកដង្ហើម គឺពិតជាជួយអ្នក ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ទាំងខ្ទង់ច្រមុះខ្ពស់ និងច្រមុះមានទម្រង់ស្អាតទៀតផង។ វិធីអនុវត្ត៖ បិទរន្ធច្រមុះខាងស្តាំរបស់អ្នកជាមួយនឹងមេដៃ ហើយដកដង្ហើមចូលតាមរន្ធខាងឆ្វេង។ ហើយផ្លាស់ប្តូរ និងបិទរន្ធច្រមុះទាំងសងខាង ឲ្យបានជាច្រើនដង។

៧) ធ្វើមាត់ស្រួច រឺច្របូញ៖ ការអនុវត្តវិធីនេះ អាចជួយកែសម្រួលនូវច្រមុះរីកធំ រឺមានសាច់ច្រើននៅលើច្រមុះ ហើយក៏ជួយកាត់បន្ថយនូវសាច់ដុំថ្ពាល់ផងដែរ។ វិធីអនុវត្ត៖ធ្វើមាត់ស្រួច ដែលគេចំណាំនិយាយថាធ្វើមុខ Cute នោះឲ្យយូរបន្តិច រយៈពេល១៥ ទៅ ២០វិនាទី ហើយធ្វើធម្មតាវិញ។ ធ្វើបែបនេះដដែលឲ្យបានច្រើនដង ចាប់ពីទៅ១០ ទៅ២០ដង។

៨) ពន្លាតស្បែកមុខ៖ ចំពោះការពន្លាតស្បែកមុខ អាចឲ្យមានខ្ទង់ច្រមុះរបស់អ្នកខ្ពស់បាន។  វិធីអនុវត្ត៖ ពន្លាតស្បែកមុខរបស់អ្នក ដោយប្រើចង្អុលដៃ និងម្រាមកណ្តាល អូសពន្លាតទៅដល់គុម្ពត្រចៀក។ ​ហើយព្យាយាមធ្វើវា ពីស្បែកមុខម្ខាងទៅម្ខាង ឲ្យបានច្រើនដង។

៩) ប្រើប្រាស់ប្រេងល្អៗ លាបលើច្រមុះ៖ អ្នកក៏អាចប្រើប្រាស់ប្រេងដែលធ្វើពីផ្កាទៅលាបលើច្រមុះបានផងដែរ ដើម្បីជួយធ្វើឲ្យខ្ទង់ច្រមុះងើបឡើង ហើយម៉ាស្សាជុំវិញបរិវេណខ្ទង់ច្រមុះ ក្បែរភ្នែករបស់អ្នក។ អ្នកអាចអនុវត្តវិធីនេះ ៤ ទៅ៥នាទី ជាប្រចាំថ្ងៃ។ 

១០) កាន់ខ្ទង់ច្រមុះជាមួយនឹងមេដៃ និងម្រាមដៃចង្អុល៖ នេះក៏ជាវិធីដ៍ចាប់អារម្មណ៍មួយ ដែលជួយឲ្យច្រមុះរបស់អ្នកខ្ពស់បានដែរ។ វិធីអនុវត្ត៖ យកមេដៃ និងម្រាម ដៃចង្អុល ទៅកាន់ខ្ទង់ច្រមុះ រួចហើយយកម្រាមដៃចង្អុលម្ខាងទៀត លើកច្រមុះឡើង។ ព្យាយាមធ្វើបែបឲ្យបាន១០ដង យ៉ាងតិចជារៀងរាល់ថ្ងៃ។ 

អនុវត្តតាមរូបភាពដែលបានបង្ហាញ

១១) បើកមាត់របស់អ្នកជាអក្សរO ៖ វិធីអនុវត្ត៖ បើកមាត់របស់អ្នក រាងជាអក្សរO រួច យកម្រាមដៃចង្អុលទាំងសងខាង ទៅបិទរន្ធច្រមុះពាក់កណ្តាល តែអ្នកត្រូវប្រាកដថា មានលទ្ធភាពក្នុងការដកដង្ហើមតាមច្រមុះបានជាធម្មតា។ បន្ទាប់មក អ្នកត្រូវសម្លឹងមើលទៅជញ្ជាំង ខណៈពេលដកដង្ហើមចេញមកក្រៅតាមរន្ធច្រមុះ។ ក្នុងនោះដែរ អ្នកអាចអនុវត្ត វិធីនេះឲ្យបាន១៥ ទៅ២០ដង ក្នុងមួយថ្ងៃ។

អនុវត្តតាមរូបភាពដែលបានបង្ហាញ

វិធីល្អៗបែបធម្មជាតិនេះ អាចជួយឲ្យអ្នកមានច្រមុះខ្ពស់ស្រួច សមតាមក្តីប្រាថ្នាបាន ប៉ុន្តែការអនុវត្តវិធីទាំងអស់នេះដែរ ក៏ត្រូវទាមទារឲ្យអ្នកមានការអត់ធ្មត់ខ្ពស់ ក្នុងការរង់ចាំមើលលទ្ធផលល្អ៕

ប្រភព៖ bebeautyps.com & lifetimestyleswellordie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]