សឹង្ហបុរី៖ នេះជារឿងដ៏អស្ចារ្យ និងភ្ញាក់ផ្អើលមួយ​សម្រាប់សឹង្ហបុរី ដែល Joseph Schooling ទទួលបានមេដាយមាស ក្នុងវិញ្ញសារហែលទឹកមេអំបៅ យកឈ្នះនិមិត្តរូបរបស់គេ Michael Phelps ចម្ងាយ១០០ម៉ែត្រ ក្នុងព្រឹត្តការណ៍អូឡាំពិកប្រទេសប្រេស៊ីលនេះ។

នៅក្នុងនោះបានឲ្យដឹងថា កីឡាករវ័យក្មេងហែលទឹក ដែលមានវ័យ២១ឆ្នាំ និងអាចយកភាពជោគជ័យមកជូនមាតុភូមិនេះវិញ ក៏ចំណាយប្រាក់មិនតិចដែរ ក្នុងការកសាងសមិទ្ធិផលមួយនេះ។ ក្នុងការឆ្លងកាត់ការហ្វឹកហាត់ និងការខំប្រឹងជាខ្លាំង ត្រូវបានឲ្យដឹងថា ឪពុកម្ដាយរបស់កីឡាករនេះ បានចំណាយប្រាក់ ១.៣៤លានដុល្លារសឹង្ហបុរី ឬជិត ១លានដុល្លារអាមេរិក ទៅលើរូបគេ ដែលមានដូចជា៖

១. នៅពេលអាយុ ១៤ឆ្នាំ កីឡាកររូបនេះ បានប្ដូរទៅរស់នៅសហរដ្ឋអាមេរិក និងបានចូលសិក្សានៅសាលា The Bolles School ក្នុងរដ្ឋហ្លរីដា ដែលជាកន្លែងហ្វឹកហាត់ហែលទឹកដ៏ជំនាញ និងមានតម្លៃសិក្សាថ្លៃគឺ ៤៦,៧០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

២. បន្ទាប់ពី ៥ឆ្នាំបញ្ចប់នៅសាលា The Bolles School រូបគេក៏បានប្រកួតប្រជែងចូលរៀនសាកលវិទ្យាល័យ University Texas Longhorns ដែលនាពេលនេះ កំពុងតែសិក្សា ចំនែកឯថ្លៃសិក្សាវិញ គឺ ជាង ៤0,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំដូចគ្នា។

ចំពោះចំនុចទី១ និង ទី២ បើសរុបចូលគ្នាគឺអស់ជាង ៣សែនដុល្លារអាមេរិក។

៣. សរុបថ្លៃស្នាក់នៅ ចាយវាយ និងថ្លៃផ្សេងៗ រស់នៅទីនោះ សរុបជាង ៦សែនដុល្លារអាមេរិក។

សរុបទាំង ៣ចំនុច ម្ដាយឪពុករបស់កីឡាកររូបនេះ បានចំំណាយប្រាក់ជិត ១លានដុល្លារអាមេរិក។

គួររំលឹកថា សម្រាប់ការទទួលជ័យជំនះនេះ រូបគេបានប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដែល២០ភាគរយនៃប្រាក់នេះ ត្រូវបានប្រគល់ជូន ទៅសហព័ន្ធជាតិហែលទឹកសឹង្ហបុរី និងសល់ប៉ុន្មានត្រូវ យកទៅកាត់ពន្ធប្រាក់ចំណូលផងដែរ៕

រូបភាព​ Joseph ពេលទទួលបានមេដាយមាស

ប្រភព៖ Asia Finance

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ កាលនោះ Joseph ទើបតែមានវ័យ ១៣ឆ្នាំប៉ុណ្ណោះ រូបគេបានជួបជាមួយនិមិត្តរូបរបស់ខ្លួនផ្ទាល់គឺអត្តពលិក Michael Phelps ដែលកាលនោះ Michael បានមកធ្វើទស្សនកិច្ចនៅប្រទេសសឹង្ហបុរី ដើម្បីត្រៀមខ្លួនមុនការប្រកួតអូឡាំពិកនៅប៉េកាំង ប្រទេសចិន ប៉ុន្តែដោយឡែកក្នុងឆ្នាំ២០១៦ នេះវិញម្តង Joseph មិនត្រឹមតែបានជួប Michael ទេ ថែមទាំងប្រកួតឈ្នះ Michael ដណ្តើមបានមេដាយមាសទៀតផង។

រំលឹកឡើងវិញម្តងទៀត បន្ទាប់ពី Joseph បានជួបជាមួយនិមិត្តរូបគេហើយ Joseph ក៏ធ្លាប់បាននិយាយដែរថា «Michael Phelps គឺជានិមិត្តរូបរបស់ខ្ញុំ ប៉ុន្តែទិសដៅរបស់ខ្ញុំ គឺចង់ឲ្យអាជីពហែលទឹកមួយនេះ ទទួលបានជោគជ័យ» ។

ក្រោយមកទៀត បន្ទាប់ពី Joseph ទទួលបានអាជីពជាកីឡាករហែលទឹកហើយ រូបគេក៏ចាប់ផ្តើមបន្តក្តីស្រមៃរបស់គេទៀត ដោយក្នុងឆ្នាំ២០១១ Joseph បានធ្វើរឿងអស្ចារ្យមួយ គឺជាអ្នកបំបែកកំណត់ត្រាពេលវេលាហែលទឹកមេអំបៅ ក្នុងចម្ងាយ១០០ម៉ែត្រ។ ចូលមកដល់ឆ្នាំ២០១២ Joseph មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងជាមួយ Michael នៅព្រឹត្តការណ៍អូឡាំពិក ក្នុងប្រទេសអង់គ្លេស ដោយកាលនោះគឺជាព្រឹត្តការណ៍អូឡាំពិកលើកទីមួយរបស់គេ ប៉ុន្តែគួរឲ្យសោកស្តាយ Joseph ត្រូវខកខានប្រកួត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដោយសារវ៉ែនតា ហែលទឹករបស់គេ មិនត្រូវស្តង់ដារប្រកួត ទើបត្រូវប្តូរកីឡាករជំនួស។ បន្ទាប់ពីបញ្ចប់ការប្រកួត Michael ក៏បានមកលើកទឹកចិត្ត Joseph ផងដែរ ដោយប្រាប់រូបគេ កុំឲ្យបោះបង់ចោលក្តីសង្ឃឹម ដោយសាររូបគេនៅក្មេង អនាគតវែងឆ្ងាយ និងទុករឿងនេះគឺជាបទពិសោធន៍។

រហូតមកដល់ឆ្នាំ២០១៦ នៃព្រឹត្តការណ៍អូឡាំពិកនេះ Joseph បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយរូបគេបានបញ្ចប់ការហែលទឹកមេអំបៅ ក្នុងកំណត់ត្រាថ្មីនៃព្រឹត្តការណ៍អូឡាំពិកក្នុងថេរវេលា ៥០.៣៩វិនាទី ក្នុងចម្ងាយ១០០ម៉ែត្រ ចំនែកឯ Michale Phelps បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ក្រោយពី Joseph បានឈ្នះហើយ Michael ក៏បានមកអបអរសាទរ Joseph ផងដែរ ដែលបានសម្រេចនូវក្តីស្រមៃដ៏ជោគជ័យមួយនេះ៕

រូបភាពលោក Michael Phelps និង Joseph កាលពីនៅអាយុ ១៣ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]