ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា តារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ក្នុងស្រទាប់យុវវ័យរបស់កម្ពុជា ស្រក់ទឹកភ្នែកនៅលើឆាកស៊ីអារម្មណ៍របស់PNN។

តារាចម្រៀងរូបនេះបានផ្តល់កិច្ចសម្ភាសន៍ដ៏កម្រមួយជាមួយពិធីកររូបស្រស់ ប៉ែន ចំរុង ពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួន ដែលជាចម្ងល់របស់ប្រិយមិត្ត និងមហាជនទូទៅ។ ក្នុងនោះបូករួមនឹងភាពស្អិតរមួត ជាមួយនឹងតារាចម្រៀងម្ចាស់បទ រាំញីកែងជើង G-Devith ផងដែរ។

មិនតែប៉ុននោះអ្នកនាង ក៏បានរៀបរាប់ពីបញ្ហាជំងឺប្រចាំកាយ ដែលធ្លាប់បានទទួលការពិនិត្យ នៅក្រៅប្រទេសជាច្រើនដងរួចមកហើយ។ «ខ្ញុំពិតជាស្រឡាញ់វិស័យសិល្បៈខ្លាំងណាស់ ហើយបើទោះបីជាខ្ញុំច្រៀងចម្រៀង មួយបទចុងក្រោយ ហើយត្រូវស្លាប់នៅលើឆាកក៏ខ្ញុំអស់ចិត្តដែរ»។ នេះគឺជាសម្តីដែលថ្លែង ដោយអារម្មណ៍រំជួលចិត្តរបស់អ្នកនាងពេជ្រ សោភា នៅក្នុងកម្មវិធីស៊ីអារម្មណ៍ ដែលនឹងចាក់ផ្សាយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ វេលាម៉ោង៨ និង៣០នាទីយប់ លើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។

បទចម្រៀងមនោសញ្ចេតនា ដែលបង្កប់ទៅដោយអារម្មណ៍សោកសៅ ជាទីបំផុតដែលនឹងអង្រួនចិត្តអ្នកទស្សនា តាមគេហដ្ឋានឲ្យលន្លង់លន្លោចតាម នឹងត្រូវបានលើកយកមកបកស្រាយផងដែរ នោះគឺបទ«អូនទៅហើយ»។ អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មវិធី បាននិយាយថា ៖ «មុនពេលសម្ភាសន៍ក្នុងកម្មវិធី អ្នកនាងពេជ្រសោភា បាននិយាយរបៀបលេងសើចថា គ្មានអ្នកណាអាចស៊ីអារម្មណ៍អ្នកនាងបានឡើយ តែទីបំផុតអ្នកនាងពេជ្រ សោភា បានស្រក់ទឹកភ្នែកពិតមែន ដូច្នេះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ​ គឺពិតជាមិនអសារបង់ឡើយ»។

ទស្សនិកជនចង់ដឹងថាតើ មានរឿងរ៉ាវអ្វីខ្លះ ដែលអាចធ្វើឲ្យកំពូលតារាចម្រៀងរូបនេះ ស៊ីអារម្មណ៍ ដល់សម្រក់ទឹកភ្នែកនោះ សូមកុំភ្លេចរង់ចាំតាមដាន ទស្សនានៅរាត្រីថ្ងៃច័ន្ទ ទី២២ ខែសីហានេះ។ ចាប់តាំងពីផ្តើមការផ្សាយដំបូងអំឡុង ខែមករា ដើមឆ្នាំ២០១៦មក ស៊ីអារម្មណ៍ បានបង្ហាញជូនប្រិយមិត្ត នូវវត្តមានតារាល្បីៗក្នុងវិស័យសិល្បៈជាច្រើនរបស់ប្រទេសកម្ពុជា មានដូចជា លោក ហេង ពិទូ កញ្ញា យូរី កញ្ញា មាស សុខសោភា លោក ចាន់ វឌ្ឍនាការ លោក វង្ស តារារតនា លោក អ៊ីណូ កញ្ញា ទេព បូព្រឹក្ស អ្នកនាង អេដា និងលោក ថេណា ជាដើម។

ស៊ីអារម្មណ៍ បានទាក់ទាញប្រជាប្រិយភាពជាខ្លាំង ពីសំណាក់ទស្សនិកជនរបស់ខ្លួន ទាំងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាលើបណ្តាញសង្គម ដោយមានចំនួនអ្នកចូលទស្សនារាប់លានដង ទាំងតាមរយៈ Facebook Page (www.facebook.com/PNNTVCambodia) និង YouTube: PNN TV Official ។

កម្មវិធី «ស៊ីអារម្មណ៍» ឬ Chit Chat Show របស់ ភីអិនអិន គឺជាកម្មវិធីកំសាន្តដ៏មានប្រជាប្រិយភាពមួយ ផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ៨និង ៣០នាទី ដល់ម៉ោង៩ យប់៕

ទស្សនាឈុតខ្លីរបស់អ្នកនាង ពេជ្រ សោភា ក្នុងកម្មវិធីស៊ីអារម្មណ៍ សូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1158001984271522/
https://www.youtube.com/watch?v=5HxibVh0C1c   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]