(ព្រះសីហនុ)៖ នៅតំបន់មាត់សមុទ្រនាខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាល តែម្តង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ ស្ថានភាពខ្យល់ និងរលកនៅបន្តបោកបក់ ពីមធ្យមទៅខ្លាំងដដែល ដូច្នេះសមត្ថកិច្ចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅ​ព្រឹកថ្ងៃទី២០ ខែសីហា​ឆ្នាំ២០១៦​នេះ​ អាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ​ មេឃងងឹត ភ្លៀងធ្លាក់ច្រើន កម្លាំងខ្យល់បក់​កន្រ្តាក់ម្តងៗ​ មានជាមធ្យម ​និងទឹករលកយោលមធ្យមនៅ​ចន្លោះឃ្លង។​ នៅឆ្នេរអូឈើទាល​ ខ្សល់បក់និងទឹក​រលកមានជាមធ្យម ហើយអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហស័​»។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃម្សិលមិញ រលកសមុទ្រ បានបោកបក់មកលើប្រជាពលរដ្ឋដែលកំពុងលេងទឹក នៅឆ្នេរអូរឈើទាល បណ្តាលឲ្យឈ្លក់ស្លាប់ម្នាក់ ដែលគេដឹងថា ជាកូនអ្នកមាននៅខេត្តកំពង់ចាម និងមនុស្សមួយទៀតត្រូវបានជួយសង្គ្រោះទាន់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីម្សិលមិញនេះ នៅព្រះសីហនុ ឆ្នេរអូរឈើទាល​ដូចគ្នា ក៏មានករណីជួបខ្យល់​គួចខ្លាំង ដែលបណ្តាលឲ្យ​មនុស្សម្នាក់​ស្លាប់ និងច្រើននាក់ទៀត​ជួយ សង្រ្គោះ​ទាន់ពេលវេលា។

នៅម៉ោងប្រមាណ ៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅឆ្នេរសមុទ្រក្នុងឆ្នេរអូរឈើទាល បានជួបខ្យល់គួចខ្លាំង បណ្តាលរលកសមុទ្របក់បោកខ្លាំង រហូតបណ្តាលឲ្យអ្នកលេង ទឹកសមុទ្រម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបានជួយសង្រ្គោះទាន់ពេលវេលា។

យោងតាមសេចក្តីរាយការណ៍ ព័ត៌មានបឋមបានឲ្យដឹងថា នៅមុនពេលកើតហេតុមានអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើននាក់នាំគ្នា លេងទឹកនៅឆ្នេរអូរឈើទាល នៅចំណុចតូបលេខ៦៦៦ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ស្រាប់តែមានខ្យល់បោកបក់ និងគួចខ្លាំងលាយឡំជាមួយភ្លៀងបង្កជារលកសមុទ្រធំៗ បោកលើអ្នកលេងទឹកសមុទ្រ។

ភ្លាមៗនោះ អ្នកលេងទឹកសមុទ្រ បានផ្អើលឈូឆររត់ឡើងគោក តែជាអកុសល្យ បុរសម្នាក់បានលង់ទឹកស្លាប់ភ្លាមៗ បើទោះបីជាមានការ ព្យាយាមជួយសង្រ្គោះយ៉ាងណាក្តី។ ដោយឡែកភ្ញៀវទេសចរ ជាច្រើនទៀត ត្រូវបានក្រុមម៉ូតូទឹកនៅកន្លែងកើតហេតុ បានចេញជួយសង្រ្គោះទាន់ពេលវេលា។

ក្រោយការសួរនាំ ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះ កាន់ គុយហ៊ាង អាយុ៤៨ឆ្នាំ ជាកូនតាកូយ យាយផេត ផ្ទះនៅផ្លូវកណ្តាល ក្រុងកំពង់ចាម ហើយនៅពេលនេះសពកំពុងដឹកយកទៅផ្ទះឯស្រុកកំណើត ទឹកដីខេត្តកំពង់ចាម។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បានធ្វើការរឹះគន់ត្រង់ៗ មកអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រង់ និង អភិវឌ្ឍតំបន់ឆ្នេរខេត្ត ថាអត់សមត្ថភាពក្នុងការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ដោយពួកគេហាក់មិនបាន ជូនដំណឹងពីការវិវឌ្ឍន៍ នៃអាកាសធាតុនោះឡើយ ។ សូមរំលឹកថា រដូវនេះជារដូវវស្សា ដែលនៅតាមសមុទ្រឧស្សាហ៍ កើតមានបាតុភូតខ្យល់បោកបក់ខ្លាំង ជាញឹកញាប់ ដែលអាជ្ញាធរគ្រប់ គ្រងឆ្នេរ គួរបង្កើនការជូនដំណឹងដល់ភ្ញៀវឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ពេល ទៅលេងទឹកសមុទ្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]