ភ្នំពេញ៖ ព្រៃឈើមានប្រយោជន៍ ខ្លាំងណាស់ចំពោះជីវិតមនុស្សនិងសត្វ ហើយព្រៃឈើក៏រឹតតែ មានប្រយោជន៍ផងដែរ ចំពោះបេតិកភណ្ឌ ព្រោះវាជារបាំងការពារខ្យល់ ការពារទឹកជំនន់ ទប់ស្កាត់ការសឹករិចរឹល និងស្រូបទឹកក្រោមដីដើម្បី ផ្តល់សំណើមដល់ប្រាង្គប្រាសាទ ជាពិសេសព្រៃឈើ ដែលដុះក្នុងឧទ្យានអង្គរ ជាទេសភាពធម្មជាតិ ដ៏ល្អឯកដែលរួមចំណែក លើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាព ស្រស់ស្អាតបន្ថែមទៀត។ 

ដោយយល់យ៉ាងច្បាស់ពី សារៈប្រយោជន៍របស់ព្រៃឈើ ចំពោះមនុស្ស សត្វ និងបេតិកភណ្ឌ ដូចនេះហើយបានជា ក្នុងរដូវវស្សាឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបានផ្តើម យុទ្ធនាការដាំឡើងវិញនូវ ព្រៃឈើគ្រប់ប្រភេទក្នុងឧទ្យានអង្គរ និងតំបន់ជុំវិញមួយចំនួនទៀត។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កូនឈើចម្រុះចំនួន ២០០០ដើមទៀត ជាប្រភេទឈើប្រណីត ត្រូវបានដាំនៅបរិវេណជើង ទំនប់បារាយណ៍ជ័យតដាក នៃប្រាសាទនាគព័ន្ធ ដែលជាទីតាំងត្រូវការពារ ទាំងបេតិកភណ្ឌ និងទេសភាពធម្មជាតិ នៃតំបន់ឧទ្យានអង្គរទាំងមូល ។

លោក វ៉ាត ប៊ុនថា បុគ្គលិកបច្ចេកទេសនា យកដ្ឋានគ្រប់គ្រងទឹកនៃ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កូនឈើដែលក្រុមការងារ យកមកដាំតាមជើងទេរ ទំនប់បារាយណ៍នេះមាន ៤ប្រភេទ រួមមាន កូនរំដួល៥០០ដើម កូនក្របៅ៥០០ដើម កូនកកោះ៥០០ដើម និងកូនកន្សែង៥០០ដើម ដើម្បីការពារជើងទេរ របស់ទំនប់ពីការហូរច្រោះដី នៅពេលមានភ្លៀងធ្លាក់ខ្លាំង។

កន្លងមករាល់កិច្ចការ ស្តារឡើងវិញនូវបឹង ត្រពាំង បារាយណ៍ ឬរាល់ការលើកទំនប់ជាដើម អាជ្ញាធរជាតិអប្សរាតែងតែ ផ្សារភ្ជាប់នូវការដាំដុះឡើងវិញ នូវព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទ ក្នុងន័យរួមចំណែកអភិរក្ស លើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិនៃតំបន់ឧទ្យានអង្គរ ឲ្យភាពស្រស់ស្អាតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាកាន់តែ ច្រើនឡើងថែមទៀត ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]