ភ្នំពេញ៖ កាលពីយប់មិញ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ក៏ដូចជាខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងសារដែលបង្ហោះក្នុងហ្វេសបុក។

ជាមួយនឹងសារដែលខ្សែប្រយុទ្ធរូបនេះ បានបង្ហោះកាលពីយប់មិញនេះ ហាក់បីដូចជារូបគេ ចង់បញ្ចប់អាជីពបាល់ទាត់របស់ខ្លួន ដោយសារបញ្ហាគ្រួសារ ដោយកីឡាកររូបនេះ បានសរសេរក្នុងសារថា «មានអារម្មណ៍ចង់ឈប់លេងវាទៀតហើយ ព្រោះខ្ញុំគ្មានពេលទំនេរសំរាប់គ្រួសារខ្ញុំទេ សូម្បីតែយាយស្លាប់ អ៊ុំស្រីស្លាប់ បងស្រីរៀបការ ក៏ខ្ញុំមិនបាននៅចូលរួម ខ្ញុំពិតជាអាត្មានិយមណាស់»

បន្ទាប់ពីបានបង្ហោះសារបានប៉ុន្មានម៉ោងក្រោយមក ស្រាប់តែ វឌ្ឍនាកា បានបិទគណនីហ្វេសបុករបស់ខ្លួនចោល ដោយមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់។ តែយ៉ាងណាមិញ សង្កេតឃើញថា មានអ្នកគាំទ្រ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់មួយចំនួន បានលើកទឹកចិត្ត វឌ្ឍនាកា តាមរយៈទំព័រកីឡា ក្នុងហ្វេសបុកមួយចំនួនផងដែរ ដោយមិនចង់បាត់បង់ នូវកីឡាករដែលមានធនធានមួយរូបនេះ។

គួររំលឹកផងដែរថា វឌ្ឍនាកា ទើបតែជួយបឹងកេតអង្គរ បន្តឈរលើកំពូលតារាង នៃលីកកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងមកនេះទេ ដោយបានយកឈ្នះក្រុម ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ ៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ចាន់ វឌ្ឍនាកា មានកិត្តិយស ទទួលទាន អាហារថ្ងៃត្រង់ ជាមួយសម្តេចតេជោ។ កីឡារករ ចាន់ វឌ្ឍនាកា ត្រូវបានផ្តល់ជាកិត្តិយស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេចអញ្ចើញរូបគេ មកទទួលទានអាហារថ្ងៃត្រង់ជាមួយសម្តេច នៅឯខេត្តកំពត ស្របពេលដែលសម្តេចបានចុះទស្សនកិច្ចនៅទីនោះផ្ទាល់ ។

ជាមួយគ្នានេះដែរ នៅក្នុងគេហទំព័រហ្វេសបុក របស់ វឌ្ឍនាកា ក៏បានសរសេរសារមួយដែលទាក់ទង នឹងការទទួលអាហារថ្ងៃត្រង់នេះថា «ខ្ញុំបាទ ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជានិងក្លិបបឹងកេតអង្គរ ពិតជាមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយសម្ដេចនៅខេត្តកំពត។ ក្នុងនាមយុវជនមួយរូបដែលជាសសរទ្រូងនៃប្រទេសជាតិ ខ្ញុំបាទសូមថ្លែងអំណរគុណសម្ដេចដែលតែងយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់យុវជនទាំងអស់របស់កម្ពុជា ក៏ដូចជាការលះបង់របស់សម្ដេចក្នុងការប្ដូរយកសុខសន្តិភាពជូនប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនទៅមុខ។ ខ្ញុំបាទប្ដេជ្ញាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ តាមរយៈក្រុមបាល់ទាត់ជម្រើសជាតិនិងក្លិប។ សូមសម្ដេចនិងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]