តៃវ៉ាន់៖ កាលពីពេលថ្មីៗកន្លងទៅនេះ រថក្រោះមួយគ្រឿង ដែលបើកបរដោយក្រុមកងកម្លាំង ទាហានរបស់កោះតៃវ៉ាន់ ត្រូវបានក្រឡាប់ផ្ងារជើង ធ្លាក់ចូលទៅក្នុងទឹកទន្លេ បណ្តាលឲ្យមនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែ ការបើកបរខ្វះការប្រុងប្រយ័ត្ន ទាំងមេឃកំពុងមានភ្លៀងធ្លាក់ ជោកជាំយ៉ាងខ្លាំង។

នេះបើយោងតាមប្រភព សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថក្រោះប្រភេទ CM11 បើកបរដោយកងកម្លាំងទាហាន តៃវ៉ាន់ ដែលមានគ្នា៥នាក់ ធ្វើដំណើរត្រឡប់ទៅកាន់ ទីតាំងជំរុំវិញ នៅឯតំបន់ Pingtung ដើម្បីធ្វើការហ្វឹកហាត់ធ្វើសមយុទ្ធប្រចាំឆ្នាំ ស្ថិតនៅភាគខាងត្បូង កោះតៃវ៉ាន់ ប៉ុន្តែសំណាងមិនល្អ ជាអកុសលមកដល់ ត្រង់ចំណុចស្ពានថ្មមួយកន្លែង ក្នុងអំឡុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោកជាំផងនោះ រថក្រោះមួយគ្រឿងនេះ ក៏ស្រាប់តែរអិលធ្លាក់ចេញពីស្ពាន ផ្លោងចូលក្នុងទឹកទន្លេ Wangsha តែម្តង។

គួរឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅចន្លោះម៉ោងប្រមាណជា ១០និង៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ប្រភពបន្តថា ក្នុងនោះទាហានម្នាក់ បានរំដោះខ្លួនចេញទាន់ពេល ដោយមានការរបួសតិចតួចតែប៉ុណ្ណោះ ខណៈដែលទាហានចំនួន ៤នាក់ផ្សេងទៀត បានជាប់គាំងនៅក្នុងរថក្រោះ ហើយក៏គ្មានសញ្ញាណា បង្ហាញថាអាចរស់រានមានជីវិតឡើយ។ 

ទន្ទឹមនឹងនោះផងដែរ ដំបូងឡើយ ទាហានម្នាក់និយាយថា ពួកគេទាំងអស់ ដែលជាប់គាំងក្នុងរថក្រោះ ធ្លាក់ចូលទឹកទន្លេនោះ គឺប្រាកដជាត្រូវបានស្លាប់ជាក់ជាមិនខាន ប៉ុន្តែក្រោយ ពីបានការចុះជួយសង្គ្រោះមក មានតែទាហានចំនួន ៣នាក់តែប៉ុណ្ណោះ ដែលត្រូវបានស្លាប់ ខណៈឯទាហានម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ហើយក្រោយមកក៏ត្រូវបាន បញ្ចូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យ ក្នុងក្រុង Kaohsiung ដែលនៅក្បែរទីតាំងកើតហេតុនោះផងដែរ។

ទាហានដែលនៅរស់រានមានជីវិត ក្នុងឧបទ្ទវហេតុនោះ បានលើកឡើងថា អ្នកបើកបរមិនអាចធ្វើការបញ្ជា រងក្រោះនេះបានឡើយ ទំនងជាវាខូចហើយ ហើយក៏បណ្តាលឲ្យរអិលធ្លាក់ចូល ក្នុងទឹកតែម្តង ដោយសារតែ កម្លាំងភ្លៀងខ្លាំងពេក។

គូសបញ្ជាក់ដែរថា បើតាមមន្រ្តីនាំពាក្យ បច្ចុប្បន្នទាក់ទងនឹងហេតុការណ៍នេះ មន្រ្តីកងកម្លាំងទាហាន ក៏នឹងកំពុងតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ថែម ពីមូលហេតុបង្ក ជុំវិញករណីមួយនេះ ដែលបណ្តាលឲ្យរថក្រោះមួយគ្រឿងនេះ ជួបរឿងដ៏អកុសល និងថែមទាំងបានឆក់យក ជីវិតមនុស្សផងដែរ ៕ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត យ៉ាងហោចណាស់ មនុស្សរាប់សិននាក់ ត្រូវបានស្លាប់ទាំងបាត់ខ្លួន បន្ទាប់ពីរថយន្តក្រុង ២គ្រឿងបានធ្លាក់ចូល ទៅក្នុងទឹកទន្លេ Savitri River ក្នុងហេតុការណ៍បាក់រលំស្ពានមួយកន្លែង ដែលគេស្គាល់ថាជាស្ពានចាស់មួយ សាងសង់តាំងពីសម័យអាណានិគមអង់គ្លេស ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Mahabaleshwar នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា ដោយសារតែ មានព្យុះភ្លៀងខ្លាំង និងទឹកជំនន់បោកបក់។

យោងទៅតាមសារព័ត៌មានក្នុស្រុក បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ ដែលបណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ២២នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ដែលបង្កឡើងដោយ កម្លាំងខ្យល់ព្យុះ និងភ្លៀងមូសុង បានវាយប្រហារយ៉ាងខ្លាំងក្លា មកលើតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា។

ក្នុងនោះក្រុមភ្នាក់ងារជួយសង្គ្រោះ តាមជើងយន្តហោះ រួមនឹងអ្នកជំនាញជាច្រើននាក់ទៀត បានចេញប្រតិបត្តិការជិះទូករុករកអ្នករងគ្រោះ ដែលបាត់ខ្លួនដោយសារគ្រោះធម្មជាតិនេះ ដោយមានបំពាក់ឧបករណ៍មុជទឹកត្រឹមត្រូវផងដែរ។ យ៉ាងណាមិញ សាកសពអ្នកស្លាប់ចំនួន ២នាក់ ក៏ត្រូវបានរកឃើញផងដែរ។

លោក Sanjay Patil ស្នងការនគរបាលប្រចាំការ ក្នុងតំបន់ Raigad កើតហេតុខាងលើ មានប្រសាសន៍ថា «មនុស្សចំនួន ២២នាក់ ដែលធ្វើដំណើរក្នុងរថយន្តក្រុង ២គ្រឿង ត្រូវបានបាត់ខ្លួន ក្រោយរលំបាក់ស្ពាន កម្ពស់ប្រមាណ ១៥ម៉ែត្រ» ។

នាយករដ្ឋមន្រ្តី លោក Devendra Fadnavis បានថ្លែងថា មូលហេតុដែលបណ្តាលឲ្យស្ពានមួយនេះបាក់ដូច្នេះ ដោយសារកម្លាំងទឹកជំនន់ ដែលបានហូរបោកបក់មក។

គួរឲ្យដឹងថា ស្ពានមួយខ្សែនេះ តភ្ជាប់ពីទីក្រុង Mumbai នៃរដ្ឋ Maharashtra ទៅកាន់រមណីយដ្ឋានទេសចរណ៍នៃរដ្ឋ Goa ភាគខាងត្បូងប្រទេសឥណ្ឌា។

គូសបញ្ជាក់ដែរថា កាលពីក្នុងខែមេសាកន្លងទៅ ស្ពានអាកាសមួយខ្សែ ស្ថិតក្រោមការសាងសង់មិនទាន់រួចរាល់ នៅភាគខាងកើតនៃទីក្រុង Kolkata ក៏ធ្លាប់បានបាក់រលំ ដែលបណ្តាលឲ្យមនុស្សចំនួន ២៦នាក់ ស្លាប់បាត់បង់ជីវិតផងដែរ។

តាមរបាយការណ៍បានឲ្យដឹងថា មនុស្សជាច្រើនបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែគ្រោះទឹកជំនន់ និងការបាក់ដី ក្នុងអំឡុងពេលមានព្យុះភ្លៀងមូសុង កើតឡើងក្នុងប្រទេសឥណ្ឌា ខណៈដែលបណ្តាប្រទេសជិតខាង មួយចំនួនរួមមាន នេប៉ាល់ និងបង់ក្លាដែស ក៏បានរងគ្រោះដោយសារបាតុភូតធម្មជាតិមួយនេះផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]