អាមេរិក៖ យ៉ាងហោចណាស់ មនុស្សចំនួន ៣នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើនរយនាក់ទៀត ត្រូវបានជម្លៀសចេញ ទៅរកទីទួលសុវត្ថិភាព ដោយសារតែកើតមានគ្រោះធម្មជាតិទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀង ក្នុងរដ្ឋ Louisiana សហរដ្ឋអាមរិក ។

ប្រភពបានឲ្យដឹងថា អស់រយៈពេលប្រមាណជា ៣ខែកន្លងមកហើយ ដែលភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងក្លា វាយប្រហារមកលើរដ្ឋ Louisiana ។ ចាប់ពីយប់ថ្ងៃសុក្រ រហូតបន្តមកដល់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ ភ្លៀងនៅតែបន្តធ្លាក់ កាន់តែខ្លាំងឡើងៗ លាយឡំជាមួយនឹងព្យុះកំបុតត្បូង Hurricane រហូតបង្កទៅជាទឹកជំនន់លិចលង់ ផ្ទះសម្បែងប្រជាពលរដ្ឋ អស់ជាច្រើនពាន់ខ្នង ថែមទាំងបានបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតអស់ទ្រព្យសម្បត្តិអស់ជាច្រើនទៀត។

ពិសេសបានឆក់យកជីវិតមនុស្សអស់ ៣នាក់ ខណៈដែលប្រជាជន រងគ្រោះច្រើនជាង ១,០០០នាក់ផ្សេងទៀត ត្រូវបានក្រុមជួយសង្គ្រោះ ចុះជួយធ្វើអន្តរាគមន៍ ជម្លៀសចេញដើម្បីរក ទីតាំងមានសុវត្ថិភាព ស្នាក់នៅបណ្តោះអាសន្នផងដែរ។

ក្នុងនោះក្រុមអ្នកជួយសង្គ្រោះ មានទាំងកងទ័ពជើងទឹក (ឬកងកម្លាំងទាហានជិះទូក) និងក្រុមហោះហើរលើដែនអាកាស ជិះឧទ្ធម្ភាគចក្រ ដើម្បីមកជួយសង្គ្រោះ និងជម្លៀសប្រជាជនរងគ្រោះក្នុងតំបន់។

កម្លាំងភ្លៀងធ្លាក់យ៉ាងខ្លាំងធ្ងន់ធ្ងរ វាយបោកបក់មកកាន់រដ្ឋ Louisiana និងទឹកជំនន់នេះ វាអាចមានលទ្ធភាពកើតឡើង ក្នុងរយៈពេល ៥០០ឆ្នាំម្តងតែប៉ុណ្ណោះ នេះបើតាមប្រភពឲ្យដឹងពី Pacific Standard។

ទន្ទឹមនឹងនោះ លោក William Mayfield វ័យ ៦៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ ដោយសារតែរូបគាត់ បានរអិលជើងធ្លាក់ចូលទៅក្នុងប្រឡាយទឹកហូរ។ ចំណែកបុរសម្នាក់ទៀត វ័យ ៥០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ស្លាប់ដោយសារតែការជាប់គាំង ក្នុងរថយន្តដឹកទំនិញរបស់គាត់។

ស្រ្តីរងគ្រោះម្នាក់ បាននិយាយថា «មានសត្វពស់ជាច្រើន នៅសឹងតែគ្រប់កន្លែងទាំងអស់ ហើយគ្រប់ពេលខ្ញុំតែងតែ អធិដ្ឋានដល់ព្រះជាម្ចាស់ ដើម្បីឲ្យខ្ញុំ និងគ្រួសាររបស់ខ្ញុំ មានសំណាងល្អជានិច្ច»

លើសពីនេះ បើតាមការឲ្យដឹង ពីស្រ្តីរងគ្រោះខាងលើនេះ ឲ្យដឹងថា គ្រួសាររបស់គាត់ បាត់បង់អស់ទ្រព្យសម្បត្តិជាច្រើនរួមមាន រថយន្ត២គ្រឿង និងសម្លៀកបំពាក់សិស្សសាលាថ្មីៗ ដែលទិញទុក សម្រាប់កូនស្រីជាទីស្រលាញ់ផងដែរ ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នរដ្ឋាភិបាលក្នុងតំបន់ និងក្រុមជួយសង្គ្រោះជាច្រើន ក៏កំពុងតែចេញប្រត្តិបតិការ ដុតដៃដុតជើង ចុះជួយដល់ប្រជាជនរងគ្រោះ និងជម្លៀសចេញពួកគាត់ចេញ រកទីទួលសុវត្ថិភាពផងដែរ៕

ទស្សនាវីដេអូ៖   

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កន្លងទៅនេះ បើតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង ២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះធម្មជាតិទឹកជំនន់ ស្ថិតនៅក្នុងភាគខាងលិច រដ្ឋ Virginia សហរដ្ឋអាមេរិក ហើយក្នុងនោះផងដែរ បូករួមទាំងក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ និងកុមារតូចម្នាក់ទៀតផងដែរ។ 

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីសំណាក់ លោកអភិបាល Earl Ray Tomblin មានប្រសាសន៍ថា «មានខ្យល់ព្យុះយ៉ាងខ្លាំង និងថែមទាំងមានទឹកជំនន់ ដែលបង្កឲ្យមានការខូតខាតស្ទើរតែ ទាំងស្រុងនៅក្នុងរដ្ឋ Virginia តែម្តង» ។ នៅក្នុងនោះ មានការកិច្ចខិតខំប្រឹងប្រែង ជួយសង្រ្គោះមនុស្ស ដែលជាប់គាំងនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជាង៥០០នាក់ ខណៈដែរក្រុមមន្រ្តីជាច្រើននាក់ផ្សេងទៀត ក៏កំពុងតែបន្ត បេសកម្មចេញស្វែងរក និងជួយសង្គ្រោះដល់អ្នក ដែលបានជាប់គាំងនៅតាមតំបន់លិចលង់ ជាច្រើនកន្លែងទៀតផងដែរ។

ប្រភពបានបន្ដឲ្យដឹងទៀតថា ទឹកជំនន់បាន បំផ្លិចបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ អស់ប្រមាណជាង ១០០ខ្នង និងបណ្ដាញអគ្គិសនីក៏បានដាច់ផងដែរ ក្រោយពីកម្លាំងខ្យល់ព្យុះ បានបោកបក់យ៉ាងខ្លាំងក្លា លាយឡំជាមួយទឹកភ្លៀង។

គួរបញ្ជាក់ដែរថា តំបន់ ៤៤កន្លែងផ្សេងទៀត ដែលស្ថិតក្នុងរដ្ឋទាំង៥៥ នៅក្នុងប្រទេសក៏ មានការប្រកាសអាសន្នផងដែរ និងបច្ចុប្បន្នលោកអភិបាល Earl Ray Tomblin បានបញ្ចេញក្រុមនាយទាហានជាតិ ជាង២០០នាក់ ដើម្បីចេញប្រតិបត្តិការរុករក និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ នៅតាមតំបន់ទាំង៨ផ្សេងទៀត ទូទាំងរដ្ឋផងដែរ ហើយថែមទាំងធ្វើការត្រួតពិនិត្យ និងព្យាបាលសុខភាពជូនដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ជាទីបំផុត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]