ប្រេស៊ីល៖ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល ដែលមានកីឡាការិនីជម្រើសជាតិចិន វិញ្ញាសារហក់រឡាតចូលទឹក  នាង He Zi ត្រូវបានមិត្តប្រុស លត់ជង្គង់សុំរៀបការ នៅចំពោះមុខកញ្ចក់ទូរទស្សន៍ដែលផ្សព្វផ្សាយជុំវិញពិភពលោកតែម្តង។

កីឡាការិនី He Zi វ័យ២៥ឆ្នាំ ជាអត្តពលិកនារីតំណាងឲ្យប្រទេសចិន ចូលរួមប្រកួតក្នុងវិញ្ញាសារ ហត់រឡាតចូលទឹក កម្ពស់៣ម៉ែត្រ។ គួរឲ្យដឹងថា លោក Qin Kai គឺជាអត្តពលិកមួយរូប ប្រកួតក្នុងវិញ្ញាសារ ហក់រឡាតចូលទឹក ក្នុងកម្ពស់ ៣ម៉ែត្រដូចគ្នា ដោយរូបលោកទទួលបាន មេដាយសំរិទ្ធ កាលពីការប្រកួតសប្តាហ៍មុនផងដែរ។

នាងនិងមិត្តប្រុស ជាអត្តពលិករួមក្រុម និងស្គាល់គ្នាអស់រយៈពេល ជាច្រើនឆ្នាំមកហើយ គឺលោក Qin Kai ដែលបានដាច់ចិត្តបញ្ចេញចិញ្ចៀនបញ្ចាំចិត្ត លត់ជង្គង់សុំនាងរៀបការ នៅចំពោះមុខទស្សនិកជន និងកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ទូទាំងពិភពលោក ដែលបានធ្វើឲ្យអ្នកទស្សនាជាច្រើន រំភើបជំនួសអ្នកទាំងពីរផងដែរ។

នាង He Zi បានរៀបរាប់មកកាន់សារព័ត៌មានឲ្យដឹងថា «ពួកយើង បានស្គាល់គ្នា អស់រយៈពេលជាង ៦ឆ្នាំកន្លងមកហើយ ប៉ុន្តែខ្ញុំមិនដែលនឹកស្មានសោះថា គាត់បែរជាមកសុំខ្ញុំរៀបការ ទាំងតក់ក្រហល់នៅថ្ងៃនេះ យ៉ាងដូច្នេះសោះ ។ គាត់បានដកចិញ្ចៀន ដ៏ភ្លឺចែងចាំងហុចឲ្យខ្ញុំ ហើយនិយាយរឿងរ៉ាវជាច្រើន នៅកណ្តាលវេទិកាតែម្តង មុខអ្នកទស្សនាជាច្រើន ហើយថែមទាំងបានសន្យា ចំពោះខ្ញុំយ៉ាងច្រើនទៀតផងដែរ។ ហើយអ្វីដែលធ្វើឲ្យចាក់ដោត ដល់បេះដូងខ្ញុំយ៉ាងខ្លាំងបំផុតនោះ ខ្ញុំគិតថាគាត់គឺជាបុរសម្នាក់ ដែលខ្ញុំអាចជឿទុកចិត្ត និងផ្ញើជីវិតរួមរស់ ជាមួយគាត់រហូតដល់ស្លាប់ផងដែរ»

ទស្សនាវីដេអូ៖

ប្រភព៖ Sports.inquirer | BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]