(ក្រុងរីយ៉ូ)៖ នាយកបេសកកម្មលោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ Fresh News មុននេះថា អត្តពលិកកម្ពុជា កីឡាការិនី លី ណារី បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៣៣ ក្នុងចំណោមអត្តពលិកមកពី ១៥៧ប្រទេសចូលរួមរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តិការណ៍ Rio Olympic Games នៅប្រេស៊ីល។

កីឡាការិនីអនិកជនខ្មែរ-បារាំងរូបនេះ ពុំទទួលបានមេដាយអ្វីឡើយ ក្នុងវិញ្ញាសារត់ប្រណាំងចម្ងាយ ៤២គីឡូម៉ែត្រ ដោយប្រើថិរវេលា ៣ម៉ោង ២០នាទី និង ២៥វិនាទី ដោយមិនអាចបំបែកកំណត់ត្រាចាស់របស់គាត់ឡើយ ដោយកំណត់ត្រាចាស់នោះគឺ ២ម៉ោង និង ៥៩នាទី។

លោក វ៉ាត់ ចំរើន បានពន្យល់ថា មិនត្រឹមតែ លី ណារី មិនអាចបំបែកកំណត់ត្រាប៉ុណ្ណោះទេ អ្នកជាប់លេខ១ លេខ២ និងលេខ៣ ក៏ធ្វើមិនបានដូចគ្នា ហើយអ្នកខ្លះទៀតរត់មិនដល់ទីផង ដោយបោះបង់ការប្រកួតពាក់កណ្តាលផ្លូវ ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ជាមួយនឹងផ្លូវបត់បែនច្រើន។

សូមបញ្ជាក់ផងដែរថា សម្រាប់ Rio 2016 នេះ កម្ពុជា នៅសល់អត្តពលិក ៣រូបទៀតមិនទាន់ប្រកួត រួមមានកីឡាករ នីកូ (រត់ប្រណាំង), កីឡាការិនី ចូវ សុធារ៉ា (ចំបាប់) និងកីឡាការិនី ស៊ន សៀវម៉ី (តេក្វាន់ដូ)៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អត្តពលិកទី៣ របស់កម្ពុជា គឺកីឡាការិនី លី ណារី បានចូលប្រកួតកីឡាម៉ារ៉ាតុង វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ នៃអូឡាំពិក Rio 2016 នៅប្រេស៊ីល។

យោងទៅតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មដឹកនាំអត្តពលិកកម្ពុជាទៅចូលរួមលើកនេះ បានថ្លែងប្រាប់ Fresh News ថា អនិកជនខ្មែរ-បារាំង លី ណារី ជាអត្តពលិកទី៣ របស់កម្ពុជា ដែលត្រូវចាប់ផ្តើមប្រកួត បន្ទាប់ពីកីឡាហែលទឹក កីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទិនី បានប្រកួតចប់ហើយ ធ្លាក់ក្នុងជុំទី១ ដូចគ្នា។

លី ណារី ធ្លាប់ធ្វើបានយ៉ាងល្អនៅក្នុងការរត់ចម្ងាយ ៤២គីឡូម៉ែត្រ ដោយប្រើរយៈពេលជិត ៣ម៉ោង ក្នុងព្រឹត្តិការណ៍ Full Marathon មួយនៅក្រុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះដោយបានបញ្ចប់ក្នុងថិរវេលា ២ម៉ោង ៥៩នាទី និង ១២វិនាទី ស្ថិតក្នុងចំណាត់លេខ២៥ ក្នុងចំណោមកីឡាការិនីសរុប ១,៧៥០នាក់ មកពីជុំវិញពិភពលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]