(ក្រុងឡុងដ៍)៖ អត្តពលិកទី៣ របស់កម្ពុជា គឺកីឡាការិនី លី ណារី នឹងប្រកួតកីឡាម៉ារ៉ាតុង វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ នៃអូឡាំពិក Rio 2016 នៅប្រេស៊ីល ម៉ោង ៧យប់នេះ ម៉ោងនៅកម្ពុជា។

យោងទៅតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មដឹកនាំអត្តពលិកកម្ពុជាទៅចូលរួមលើកនេះ បានថ្លែងប្រាប់ Fresh News ថា អនិកជនខ្មែរ-បារាំង លី ណារី ជាអត្តពលិកទី៣ របស់កម្ពុជា ដែលត្រូវចាប់ផ្តើមប្រកួតយប់នេះ បន្ទាប់ពីកីឡាហែលទឹក កីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទិនី បានប្រកួតចប់ហើយ ធ្លាក់ក្នុងជុំទី១ ដូចគ្នា។

លី ណារី ធ្លាប់ធ្វើបានយ៉ាងល្អនៅក្នុងការរត់ចម្ងាយ ៤២គីឡូម៉ែត្រ ដោយប្រើរយៈពេលជិត ៣ម៉ោង ក្នុងព្រឹត្តិការណ៍ Full Marathon មួយនៅក្រុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះដោយបានបញ្ចប់ក្នុងថិរវេលា ២ម៉ោង ៥៩នាទី និង ១២វិនាទី ស្ថិតក្នុងចំណាត់លេខ២៥ ក្នុងចំណោមកីឡាការិនីសរុប ១,៧៥០នាក់ មកពីជុំវិញពិភពលោក៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងពីប្រេស៊ីលមកថា អត្តពលិកកម្ពុជា កីឡាការិនី ហែម ថុនវិទិនី បានត្រឹមតែបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយបានត្រឹមជាប់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រេស៊ីល ដែលទើបបញ្ចប់មុននេះ។

កីឡាការិនី ហែម ថុនវិទិនី បានត្រឹមបំបែកកំណត់ត្រាចាស់ ដោយប្រើពេលតែ ២៩.៣៧វិនាទី ក្នុងការហែលចម្ងាយ ៥០ម៉ែត្រសេរី ខណៈដែលកំណត់ត្រាចាស់កាលពី៤ឆ្នាំមុននៅ Olympic Games 2012 ទីក្រុងឡុងដ៍ មានរហូតដល់ ៣០.៤៤នាទី៕

គួររំលឹកថា កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី ក៏ធ្លាប់បានជួបថតរូបផ្ទាល់ ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង Usain Bolt ផងដែរ នៅពេលទៅដល់ប្រទេសប្រេស៊ីល។ នៅក្នុងកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្តាញសង្គមហ្វេសបុករបស់កញ្ញា ដោយកញ្ញាជួបថតរូបផ្ទាល់ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង គឺកីឡាករ Usain Bolt ។ ជាមួយរូបថតមួយសន្លឹក ដែលវិទីនីបានបង្ហោះនោះ គឺកញ្ញាបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង នៅពេលដែលបានជួបអត្តពលិកដ៏ល្បីរូបនេះ ដោយក្នុងសារនាងបាននិយាយថា «Great moment in dining hall with #usain #bolt , can’t wait to see him bring a beat again » ។ វិទីនី ក៏បានបន្ថែមក្នុងន័យនិយាយបែបកំប្លែងទៀតដែរថា «បិុអាវខ្មៅនឹងមានអីអស្ចារ្យ គ្រាន់តែរកអ្នករត់ឈ្នះគាត់មិនទាន់ឃើញនឹង» ។

គួរបញ្ជាក់ផងដែរថា Usain Bolt ដែលមានសញ្ជាតិ ចាម៉ៃកា គឺជាអត្តពលិកផ្នែកកីឡារត់ប្រណាំងដ៏ល្បីមួយរូប ដែលធ្លាប់ទទួលបានមេដាយមាស ២សម័យ ជាប់ៗគ្នា កាលពីអូឡាំពិកឆ្នាំ ២០០៨ និង ២០១២ ហើយថែមទាំងបានបំបែកកំណត់ត្រាពិភពលោកទៀតផង ។

ដូច្នេះសង្ឃឹមថាអត្តពលិកកម្ពុជាទាំងអស់ ខំប្រឹងប្រែងក្នុងការប្រកួត ហើយជូនពរឲ្យទទួលបានជោគជ័យ និងនាំមេដាយជូនប្រទសជាតិមាតុភូមិ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]