បន្ទាប់ពីការផ្តល់កំណើតដល់បុត្រធីតាដោយសុវត្ថិភាពហើយនោះ ឪពុកម្តាយគ្រប់រូប តែងតែចង់ឲ្យបុត្រធីតារបស់ខ្លួនពេលធំឡើង មានកម្ពស់ខ្ពស់ស្រស់សង្ហា និងឆ្អឹងរឹងមាំ។ ក៏ប៉ុន្តែ ពេលខ្លះពួកគាត់មិនបានយកចិត្តទុក ដាក់អំពីរបបអាហាររបស់កូនៗ ដែលអាចជះឥទ្ធិពលអាក្រក់ដល់ ការលូតកម្ពស់ និងឆ្អឹងរបស់កូនតាំងពីវ័យ កុមារភាព។ មាតាបិតាគ្រប់រូបគប្បីផ្តល់អាហារ ដែលសម្បូរសារធាតុកាល់ស្យូមតាំងពីកូនរបស់ខ្លួននៅក្នុងផ្ទៃ មកម្ល៉េះ ហើយវារឹតតែសំខាន់ថែមទៀត នៅពេលកុមារស្ថិតក្នុងវ័យលូតលាស់។ អ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភ នោះគឺ កុមារខ្លះរើសចំណី និងមិនចូលចិត្តបរិភោគបន្លែបៃតងចាស់ ដែលជាប្រភពនៃសារធាតុកាល់ស្យូម។ កាល់ស្យូមជាសារធាតុមួយ ដែលជីវិតត្រូវការជាចាំបាច់ ដែលមិនត្រូវមើលរំលងជាពិសេសសម្រាប់ការលូតលាស់ឆ្អឹង និងកម្ពស់របស់កុមារ។ យោងទៅតាមទិន្នន័យរបស់ការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា(CDHS) ឆ្នាំ២០១៤ របស់ក្រសួងសុខាភិបាល និងក្រសួងផែនការបានឲ្យដឹងថា នៅកម្ពុជា៣២%នៃ កុមារដែលមានអាយុក្រោម៥ឆ្នាំ មានបញ្ហាកម្ពស់មិនស្របនឹងវ័យ (ក្រិន)។ ដើម្បីធានាដល់ការលូតលាស់ជា អតិបរមា និងជៀសផុតពីជំងឺក្រិន មាតាបិតាគ្រប់រូបគួរតែ យកចិត្តទុកដាក់អំពីការផ្តល់សារធាតុកាល់ស្យូមឲ្យ បានគ្រប់គ្រាន់ជាពិសេស ក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត។ តើមានវិធីអ្វីក្នុងការចិញ្ចឹមកូនឲ្យលូតកម្ពស់ បានល្អ?

(1) សំណួរ៖ អ្វីទៅជាសារធាតុកាល់ស្យូម? ចម្លើយ៖កាល់ស្យូមគឺជាសារធាតុរ៉ែ ដែលសំខាន់សម្រាប់ការលូតលាស់ឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ ជាង៩៩% នៃ កាល់ស្យូមផ្ទុកនៅក្នុងឆ្អឹង និងធ្មេញ ហើយមានតួនាទីផ្សេងទៀត នៅក្នុងរាង្គកាយរាប់បញ្ចូលទាំង មុខងារ បេះដូង។ 

(2) សំណួរ៖ប្រសិនបើខ្វះសារធាតុកាល់ស្យូម តើកុមារអាចទទួលរងផលវិបាកអ្វីខ្លះ? ចម្លើយ៖កុមារដែលមិនទទួលបានសារធាតុកាល់ស្យូម គ្រប់គ្រាន់អាចប្រឈមមុខខ្លាំងជាមួយ បញ្ហានៃការលូតលាស់ឆ្អឹង និងធ្មេញជាពិសេសប្រឈម ជាមួយរោគក្រិស និងក្រិន។ 

((3) សំណួរ៖អ្វីទៅជារោគក្រិស? តើវាបណ្តាលមកពីមូលហេតុអ្វី? ចម្លើយ៖រោគក្រិសស្តែងឡើងដោយមានភាពមិនប្រក្រតី នៃការរីកលូតលាស់ឆ្អឹង ហើយភាគច្រើនកើតមានចំពោះកុមារ។ វាបណ្តាលមកពី៖
-កង្វះកាល់ស្យូម
-កង្វះវីតាមីនដេ
- កង្វះផូស្វាត និងមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់។

(4) សំណួរ៖តើរោគក្រិសមានអាការៈយ៉ាងដូចម្តេច? ចម្លើយ៖ ជាទូទៅរោគក្រិសមានអការៈដូចជា៖
- ឈឺឆ្អឹងដៃ ជើង ត្រគាក និង ខ្នង
- ភាពក្រិន
-  បាក់ឆ្អឹង
- រមួលក្រពើ
-ធ្មេញដុះមិនប្រក្រតី
- ទ្រង់ទ្រាយឆ្អឹងខុសប្រក្រតី
- ប្រកាច់ 

(5) សំណួរ៖ តើកុមារណាខ្លះដែលប្រឈមនឹងរោគក្រិស? ចម្លើយ៖
- កុមារដែលមានសកម្មភាពរាងកាយតិច
- កុមារដែលបរិភោគអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ដូចជាអាហារដែលពុំសូវមានជាតិកាល់ស្យូម និងវីតាមិន D
-ទារក ឬកុមារដែលបៅដោះម្តាយដែលមិនត្រូវពន្លឺថ្ងៃ
- 20% កុមារដែលមានពូជអម្បូរក្រិស/ក្រិន  

(6) សំណួរ៖ តើមានវិធីសាស្ត្រអ្វីខ្លះដែលអាចការពាររោគក្រិស? ចម្លើយ៖
- ទទួលទានអាហារសម្បូរកាល់ស្យូម
- ទទួលទានអាហារសម្បូរវីតាមីនដេ
- ទទួលទានអាហារសម្បូរផូស្វ័រ
- ចំណាយពេលខ្លះហាលថ្ងៃ 

(7) សំណួរ៖តើអ្វីជាការលូតលាស់មិនប្រក្រតី (ភាពក្រិន)? ចម្លើយ៖ភាពក្រិនគឺស្តែងឡើងដោយមានកម្ពស់ទាបបើធៀបជាមួយនឹងអាយុ ដោយសារតែមានការប៉ះពាល់ ដល់ការរីកលូតលាស់ពេលដែលកុមារមិនបានទទួលរបបអាហារ ឬអាហារូបត្ថម្ភគ្រប់គ្រាន់ជាពិសេសជាតិ កាល់ស្យូមក្នុង១០០០ថ្ងៃដំបូងនៃជីវិត។

(8) សំណួរ៖តើត្រូវដូចម្តេច ដើម្បីសម្គាល់ថាកូនរបស់អ្នក មានការលូតកម្ពស់មិនប្រក្រតី? ចម្លើយ៖មាតាបិតាគ្រប់រូបអាចតាមដានមើល ការលូតលាស់របស់កូនដោយ ផ្អែកលើប័ណ្ឌលឿង (ប័ណ្ឌចាក់ថ្នាំបង្ការ) របស់កូនដែលចេញ ដោយមន្ទីរពេទ្យបាន ប្រសិនបើកូនៗរបស់អ្នកមានការលូតលាស់ មិនតាមស្តង់ដាររបស់ប័ណ្ឌលឿង សូមទៅពិគ្រោះជាមួយគ្រូពេទ្យកុមារ។ 

(9) សំណួរ៖តើឪពុកម្តាយត្រូវធ្វើដូចមេ្តច ដើម្បីការពារបុត្រធីតាខ្លួនពីការលូតលាស់មិនប្រក្រតី (ភាពក្រិន) នេះ? ចម្លើយ៖មធ្យោបាយដើម្បីជៀសវាងនូវភាពក្រិនគឺ៖
- មាតាត្រូវទទួលទានអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ
- បំបៅដោះកូនឲ្យបានគ្រប់គ្រាន់
- មានអនាម័យល្អក្នុងការរស់នៅ 

((10) សំណួរ៖តើអាហារអ្វីខ្លះដែលសម្បូរសារធាតុកាល់ស្យូម? ចម្លើយ៖អាហារដែលសម្បូរជាតិកាល់ស្យូមមានដូចជា៖ ទឹកដោះគោស្រស់/ជូរ តៅហ៊ូ ទឹកសណ្តែក ត្រីសាឌីន និងបន្លែពណ៌បៃតងចាស់ដូចជា (ស្ពៃតឿ ខាត់ណា និងស្ពៃ Broccoli) ។ល។

(11) សំណួរ៖ តើឪពុកម្តាយគួរធ្វើដូចម្តេច ដើម្បីធានាថាបុត្រធីតារបស់ខ្លួនទទួលបាន សារធាតុកាល់ស្យូមគ្រប់គ្រាន់? ចម្លើយ៖ កុមារមួយចំនួនជាប្រភេទក្មេងរើសចំណី រអ៊ូរទាំ និងមិនចូលចិត្តញ៉ាំអាហារប្រភេទសាច់ ឬបន្លែ នោះទេ។ ឪពុកម្តាយដ៏ឆ្លាតវៃប្រាកដជាមាន ការព្រួយបារម្ភពីការលូតលាស់របស់កូន។ ដូច្នេះពួកគាត់អាចជ្រើសរើសយកការផ្តល់នូវ សារធាតុបំប៉នកាល់ស្យូមនានា ដើម្បីបំពេញការខ្វះខាត និងជួយដល់ការលូតលាស់ ជាអតិបរមារបស់កូនៗពួកគាត់។ 

(12) សំណួរ៖តើសារធាតុកាល់ស្យូមជួយអ្វីខ្លះ ដល់ការលូតលាស់របស់កុមារមុនចូលសាលារៀន? ចម្លើយ៖ក្នុងវ័យនេះកុមារត្រូវការនូវអាហារបំប៉ន ក៏ដូចជាអាហារូបត្ថម្ភជាច្រើនដើម្បីទ្រទ្រង់ ដល់ការលូតលាស់ទាំងផ្នែករាង្គកាយ ស្មារតី និងសតិបញ្ញា។ប្រសិនបើកូនលោកអ្នកខ្វះ ជាតិកាល់ស្យូមរ៉ាំរ៉ៃ វានឹងធ្វើឲ្យសារធាតុរ៉ែរបស់ឆ្អឹងមិនប្រក្រតី ភាពរឹងមាំរបស់ឆ្អឹង ថយចុះឬបាត់បង់ អាចបណ្តាលឲ្យ មានភាពក្រិន និង រោគក្រិស។ ជាការពិត អ្នកម្តាយគ្រប់រូបពិតជាមិន ចង់ឲ្យកូនរបស់ខ្លួនលូតលាស់មិនប្រក្រតី និងមានភាពក្រិននោះទេ។ ដូច្នេះអ្នកម្តាយគួរតែ ផ្តល់នូវអាហារូបត្ថម្ភទាំងឡាយណា ដែលសម្បូរជាតិកាល់ស្យូមដល់កូន។ 

(13) សំណួរ៖តើកុមារត្រូវការកាល់ស្យូមប្រចាំថ្ងៃប៉ុន្មាន ដើម្បីធានាដល់ការលូតលាស់ល្អប្រសើរ? ចម្លើយ៖យោងតាម National Academy Pressឆ្នាំ២០១០ បានណែនាំថា៖ កុមារអាយុចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំត្រូវការកាល់ស្យូម ចំនួន៧០០មិល្លីក្រាម ជាប្រចាំថ្ងៃ កុមារអាយុចាប់ពី៤ឆ្នាំ ទៅ៨ឆ្នាំត្រូវការកាល់ស្យូម ចំនួន១០០០មិល្លីក្រាម ជាប្រចាំថ្ងៃ កុមារអាយុចាប់ពី៩ឆ្នាំ ទៅ១៨ឆ្នាំត្រូវការកាល់ស្យូម ចំនួន១៣០០មិល្លីក្រាម ជាប្រចាំថ្ងៃ

(14) សំណួរ៖ តើមាតាបិតាគ្រប់រូបប្រាកដទេថា កូនរបស់លោកអ្នកបានញុំាកាល់ស្យូមគ្រប់គ្រាន់តាម តម្រូវការប្រចាំថ្ងៃ? ចម្លើយ៖ បើមិនប្រាកដទេ មាតាបិតាគួរកុំចាំដល់កូនលោកអ្នក មានបញ្ហាទាក់ទងនឹងការលូតលាស់ដូចជា៖ កម្ពស់ទាបជាងអាយុ ការលូតលាស់ មិនប្រក្រតីដែលបង្កឲ្យទៅជារោគក្រិស និងក្រិនជាដើម។ លោកអ្នកគួរចាប់ផ្តើមផ្តល់ សារធាតុបំប៉នកាល់ស្យូមឲ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការប្រចាំថ្ងៃ។ ដូច្នេះ លោកអ្នកនឹងរីករាយនៅពេលឃើញកូនៗ ធំលូតលាស់មានកម្ពស់ខ្ពស់ស្រស់សង្ហានាថ្ងៃខាងមុខ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]