(ក្រុងរីយ៉ូ)៖ ចូលរួមគាំទ្រទាំងអស់គ្នា អត្តពលិកកីឡាហែលទឹកកម្ពុជា ហែម ថុនវិទិនី ចាប់ផ្តើមប្រកួតហែលទឹក ចម្ងាយ ៥០ម៉ែត្រសេរីនៅម៉ោង ១១រាត្រីនេះ (ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេស ប្រេស៊ីល។

នាយកបេសកកម្មលោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មាន Fresh News តាំងពីប្រទេសប្រេស៊ីលមកថា ទៅតាម កាលបរិច្ឆេទ កីឡាការិនីកម្ពុជា ហែម ថុនវិទិនី នឹងចាប់ផ្តើមប្រកួតនាម៉ោង ១៖០០នាទីរសៀល នៅប្រេស៊ីល ស្មើនឹងម៉ោង ១១យប់នៅកម្ពុជា ដែលជាអត្តពលិកទី២ របស់កម្ពុជា ដែលបានធ្វើការនៅ Rio 2016 លើកទី៣១នេះ ក្នុងចំណោម ៤ប្រភេទកីឡាដែលបានបញ្ជូនទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយលើកនេះ។

សម្រាប់កីឡាករ ពូ សុវិជ្ជា (Pou Sovijja) ដែលបានប្រកួតមុនគេ ក្នុងចំណោមអត្តពលិកទាំង ៦រូបរបស់កម្ពុជានោះ គឺធ្វើមិនបានល្អឡើយ ដោយបានជ្រុះក្នុងជុំទី១ នៃវិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រសេរី តាំងពីរាត្រីថ្ងៃទី០៩ សីហា គ្រាដែលកីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ នឹងធ្វើការប្រកួតជាបន្តបន្ទាប់ទៀត។

គិតត្រឹមថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នេះ ព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 បានដំណើរការប្រកួតអស់ រយៈពេល ១សប្តាហ៍ហើយ ក្នុងនោះដែរអាមេរិក បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ពីការឈ្នះមេដាយបាន ៣៨គ្រឿង ច្រើនជាងគេ ចិន ឈរនៅលេខ២ ឈ្នះមេដាយបាន ៣០គ្រឿង និងជប៉ុន លេខ៣ ឈ្នះបាន២២មេដាយ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា ធ្លាក់ហើយ ដោយបានឈ្នះនេប៉ាល់មួយប៉ុណ្ណោះ គួររំលឹកផងដែរថា​ កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា បានធ្លាក់ហើយ ក្នុងវិញ្ញសាហែលចម្ងាយ ១០០ម៉ែត្រសេរី នៅប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Olympic Games 2016 ដោយបានឈ្នះតែប្រទេសនេប៉ាល់មួយប៉ុណ្ណោះ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងប្រាប់ Fresh News ឲ្យដឹង។

អត្តពលិកកូនកាត់ខ្មែរ-អាមេរិក ពូ សុវិជ្ជា (Pu Sovijja) ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិក៨រូប ដែលចូលរួមប្រកួតហែលចម្ងាយ១០០ម៉ែត្រ បែបសេរី ផ្នែកបុរស ប្រភេទកីឡាហែលទឹក។

ពូ សុវិជ្ជា បានប្រកួតមុនគេចប់ទៅហើយ តែកម្ពុជានៅសល់អត្តពលិក៥រូបទៀត ដែលមិនទាន់ចាប់ផ្តើម មានកីឡាហែលទឹកផ្នែកនារី កីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]