ភ្នំពេញ ៖ ការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣១ ដែលធ្វើឡើងនៅទីក្រុង Rio ប្រទេសប្រេស៊ីល បានដំណើរការប្រកួត រយៈពេល៥ថ្ងៃ រួចទៅហើយ ទន្ទឹមជាមួយគ្នានេះ គេឃើញកីឡាករ-កីឡាការិនី កម្ពុជា ក៏ខិតខំហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ សម្រាប់ការប្រកួតខាងមុខ ផងដែរ បន្ទាប់កីឡាករហែលទឹក កម្ពុជា ម្នាក់ គឺកីឡាករ ពូ សុវិជ្ជា បានធ្លាក់ត្រឹមវគ្គជម្រុះ ពីម្សិលមិញ ។

ជាក់ស្ដែងកីឡាការិនី ចូវ សុធារ៉ា អតីតម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ក៏កំពុងព្យាយាមហ្វឹកហាត់ តាមការកំណត់ របស់ គណៈកម្មការ រៀបចំការប្រកួត ដើម្បីត្រៀមប្រកួត ប្រភេទទម្ងន់ ៤៨គីឡូក្រាម របស់ខ្លួន នៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ ផងដែរ ។

ប៉ុន្ដែលោក ធិន វិចិត្រ គ្រូបង្វឹកកីឡាចំបាប់ ជម្រើសជាតិកម្ពុជា បានឲ្យពីប្រទេសប្រេស៊ីល ថា គិតមកទល់ពេលនេះ ចំនួនអត្ដពលិក ផ្នែកកីឡាចំបាប់ ដែលធ្វើដំណើរ មកចូលរួមប្រកួត កីឡាអូឡាំពិក រដូវក្ដៅនេះ គឺមានកើនឡើងច្រើន ។ អាស្រ័យហេតុនេះ កីឡាការិនី ចូវ សុធារ៉ា ដែលជាអត្តពលិក តំណាងឲ្យកម្ពុជាម្នាក់គត់ លើប្រភេទកីឡានេះ ត្រូវធ្វើការហ្វឹកហាត់ជាមួយ អត្តពលិកផ្សេងៗ ដើម្បីជាការដោះដូរ នូវបទពិសោធន៍ ។

ក្រៅពីកីឡាការិនីចំបាប់រូបនេះ កម្ពុជាក៏មានអត្តពលិកនៅសល់ ៤រូបផ្សេងទៀត ត្រូវធ្វើការប្រកួត ជាបន្ដបន្ទាប់ ផងដែរ ដូចជា កីឡាការិនី ហែមថុន វិទិនី ដែលត្រៀមប្រកួតវិញ្ញាសា ហែលចម្ងាយ ៥០ម៉ែត្រសេរី នៅថ្ងៃទី១២ ខែសីហាស្អែកនេះ ព្រមទាំងកីឡាម៉ារ៉ាតុង គឺមានកីឡាករ នីកូ និងកីឡាការិនី លី ណារី ពិសេស គឺកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាបេក្ខភាពពេញសិទ្ធិ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ តែម្ដង ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា បានធ្លាក់ហើយ ក្នុងវិញ្ញសាហែលចម្ងាយ ១០០ម៉ែត្រសេរី នៅប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Olympic Games 2016 ដោយបានឈ្នះតែប្រទេសនេប៉ាល់មួយប៉ុណ្ណោះ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងប្រាប់ Fresh News ឲ្យដឹង។

អត្តពលិកកូនកាត់ខ្មែរ-អាមេរិក ពូ សុវិជ្ជា (Pu Sovijja) ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិក៨រូប ដែលចូលរួមប្រកួតហែលចម្ងាយ១០០ម៉ែត្រ បែបសេរី ផ្នែកបុរស ប្រភេទកីឡាហែលទឹក។

ពូ សុវិជ្ជា បានប្រកួតមុនគេចប់ទៅហើយ តែកម្ពុជានៅសល់អត្តពលិក៥រូបទៀត ដែលមិនទាន់ចាប់ផ្តើម មានកីឡាហែលទឹកផ្នែកនារី កីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]