ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងត្រូវបិទ មិនឲ្យធ្វើចរាចរទាំងស្រុង ក្នុងរយៈពេល២ឆ្នាំ រហូតដល់អំឡុងខែមករាឆ្នាំ២០១៩ ដើម្បីធ្វើការជួសជុល និងកែលម្អរឡើងវិញ ខណៈស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង។

ក្នុងកិច្ចប្រជុំ ជាមួយ គណៈកម្មការ អន្តរក្រសួង ដោះស្រាយផលប៉ះពាល់គម្រោងជួសជុល ស្ពានជ្រោយ ចង្វារចាស់ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន នៅរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ សីហានេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៏ថា ពេលនេះគណៈកម្មការ អន្តរ ក្រសួងដោះស្រាយផលប៉ះពាល់គម្រោងជួសជុល ស្ពានជ្រោយចង្វារចាស់ បានជួបប្រុំគ្នា ដើម្បីដោះស្រាយ ប្រជាពលរដ្ឋរស់នៅគល់ស្ពាន ដែលទទួលរងផលប៉ះពាល់ ហើយការជួសជុលនេះ មានទ្រង់ទ្រាយធំ ។

លោក បន្តថា ការងារជួសជុលស្ពាននេះ ត្រូវបិទការធ្វើចរាចរណ៏ទាំងស្រុង ដើម្បីឲ្យក្រុមការងារ ងាយស្រួល ព្រោះស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសកំណល់ ឬធ្នឹមទ្រតួស្ពានសងខាង និងការងារជាច្រើនទៀត ត្រូវចំណាយថវិកាអស់ប្រមាណ៣៣លាន ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទាន សហប្រតិបត្តិការពីប្រទេសជប៉ុន ដោយចាប់ផ្តើមពីខែមករា២០១៧តទៅ និងត្រូវបញ្ចប់ជាស្ថាពរនៅពាក់ កណ្តាល ខែមករា២០១៩ខាងមុខនេះ ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ពានជ្រោយចង្វារចាស់ ត្រូវបានបិទមិនឲ្យមានការបើកបរ ឆ្លងកាត់ គឺទុកឲ្យក្រុមមន្រ្តីជំនាញជនជាតិជប៉ុន និងអ្នកជំនាញរបស់ក្រសួងសាធារណការ ធ្វើការត្រួតពិនិត្យ អំពីគុណភាពរបស់ស្ពាន និងរៀបចំឲ្យមានរថយន្តចំណុះ២៥តោន ចំនួន២៥គ្រឿងបើកឆ្លងកាត់ចុះឡើងៗ ដើម្បីវាយតំលៃគុណភាព។ ការបិទបណ្តោះអាសន្ននោះ បន្ទាប់ពីស្ពាននេះ បានទទួលរងស្នាមប្រេះក្បាល ស្ពានទំាងសងខាង ។

ស្ពានជ្រោយចង្វារចាស់មានប្រវែង៧០៩ម៉ែត្រ ត្រូវបានកសាងឡើង នៅសម័យសង្គម រាស្ត្រនិយមក្នុងឆ្នាំ១៩៦៦ ក្រោយមកបានត្រូវកាត់ផ្តាច់នៅឆ្នាំ១៩៧២ ដោយសារការដាក់បង្កៃគ្រាប់មីន នៅក្នុងរថយន្ត ក្រោយមកបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើសបា្រស់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៤ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន បច្ចុប្បន្នស្ពានមានលក្ខណៈទ្រុឌទ្រោម ឈានដល់ចំណុចប្រកាសអាសន្ន និងមិនឲ្យមានការធ្វើចរាចរឆ្លងកាត់ទៀតផង កាលពីពេលថ្មីៗកន្លងមក តែកាលនោះ ដោយសារគ្មានជម្រើស ម្យ៉ាងស្ពានជ្រោយចង្វារថ្មីសាងសង់មិនទាន់រួច ទើបរាជរដ្ឋាភិបាលស្នើ សុំទៅភាគីជប៉ុន ដើម្បីសុំពន្យារពេលរហូតមកដល់ពេលនេះតែម្តង ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]