រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចូល​ដក​លុយ​​ក្នុង​ទូ​ ATM គ្រា់តែ​​ដើរ​ចេញ​មក​វិញ​​បម្រុង​ឡើង​ជិះ​ម៉ូតូ​ ក៏​ត្រូវ​ជនប្រដាប់អាវុធ​បាញ់​៣​គ្រាប់​​ដេក​ដួល​ក្នុង​ថ្លុកឈាម ​ហើយ​​យក​លុយ​​និង​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ​ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រំលងអធ្រាត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​១០ ​សីហា ២០១៦ ស្ថិតនៅ​មុខ​ទូ​ATM​របស់​ធនាគារ​ឥណ្ឌូ​ឆាយ​ណា ​​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​​​ផ្លូវ​លេខ​១១៣ ​​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ប្រភព​​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​​ជិះ​មក​ឈប់​ម៉ូតូ​នៅ​មុខ​កន្លែង​ដក​លុយ​ទូ ATM របស់​ធនាគារ​​ចូល​ទៅ​ដក​លុយ​​បាន​ហើយ​ដើរ​ចេញ​មក​វិញ​ បាន​ប្រមាណ​៦​ម៉ែត្រ​ ឡើង​អង្គុយ​លើ​ម៉ូតូ​បម្រុង​ជិះ​ចេញ​ទៅ​ហើយ ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខបាន​ជិះ​មក​ដល់វាយ​ទៅ​លើ​ជន​រង​គ្រោះ​ ដើម្បី​ប្លន់​យក​ម៉ូតូ​ និង​យក​លុយ​ដែល​ទើបនឹង​ដក​ពី​ទូ​ ATM តែ​ជនរង​គ្រោះ​មិន​ព្រម​ឱ្យ​តាម​សម្រួល​ទេ​ បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ហើយ​ស្រែ​កថា «ចោរ​ៗ» ​ទើប​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​សំដៅ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ តែ​មួយ​គ្រាប់​ដំបូង​អត់ផ្ទុះ​​​បាញ់​២​គ្រាប់​ទៀត ​បណ្តាល​ឲ្យ​របួស​ចំ​ស្មា​មួយ​គ្រាប់ និង​ភ្លៅ​មួយ​ហូរ ឈាម​ពេញ​ខ្លួន​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើតហេតុ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ហើយ​ស្រែ​កថា​ចោរ​ៗ អ្នក​ឃើញ​ហេតុការណ៍​ បម្រុងរ​ត់ទៅ​ជួយ​ដែរ តែឃើញ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង​គ្រោះ​ម្នាក់​ៗ​ លែង​ហ៊ាន​ចូល​ទៅ​ជួយ ទាល់ តែ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​និង​លុយ​ទៅ​បាត់​អស់ ទើប​នាំ​គ្នា​ចូល​ទៅ​មើល​ជន​រង​គ្រោះ​ដែល ដេក​ដួល​ក្នុង​ថ្លុកឈាម​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ត្រឹម​មក​ឈរ​មើល​ជន​រង​គ្រោះ​ដេក​ដួល​ក្នុងថ្លុក​ឈាម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។​

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត នៅចិនឯណោះវិញ កាលពីឆ្នាំកន្លងទៅ ស្ត្រីម្នាក់អាយុ ២៥ឆ្នាំ (មិនបញ្ចេញឈ្មោះ) បាននិយាយថា៖ នៅពេលដែលនាង កំពុងឈរចាំ ដកលុយពីទូរ ATM ស្រាប់តែមាន បុរសម្នាក់ ដើរមកពីក្រោយ ហើយយកកំបិត មកភ្ជង់-ក ប្លន់យកប្រាក់របស់នាង រំពេចនោះនាង ក៏បានតដៃ ប្រតាយប្រតប់គ្នា និង ព្យាយាមដណ្ដើម កាំបិតពីចោរ ហើយចោរក៏បានបោកនាង ទៅនឹងដី ដើម្បីទាញកាបូបរត់ទៅបាត់ បន្ទាប់មក នាងក៏បានស្រែកខ្លាំង ដើម្បីឲ្យគេជួយ។ 

នៅទីបំផុត បុរសដែលជាចោរ អាយុ ២៣ ឆ្នាំ មានឈ្មោះ ឆាយ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតនោះ ចាប់ជាប់ ហើយបញ្ជូនខ្លួនឲ្យទៅ ប៉ូលីសដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់។ ជនសង្ស័យ បាននិយាយប្រាប់ ប៉ូលីសថា៖ រូបគេទើបតែត្រូវបាន បណ្ដេញចេញពីការងារ ហើយដោយសារតែ ត្រូវការប្រាក់ជាបន្ទាន់ ទើបសំរេចធ្វើដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]