(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន នាយកបេសកកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games រដូវក្ដៅ លើកទី៣១ នៅទីក្រុង Rio ប្រទេសប្រេស៊ីល បានឲ្យដឹងថា កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា នឹងធ្វើការប្រកួតមុនគេលើវិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រសេរីនាវេលាម៉ោង ១១យប់នេះ(ម៉ោងនៅកម្ពុជា) ខណៈអត្តពលិក ៥ផ្សេង នឹងប្រកួតនៅពេលបន្ដបន្ទាប់ទៀត។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលរូបនេះ មិនបានបញ្ជាក់ពីចំនួនគូប្រកួតរបស់កីឡាករ ពូ សុវិជ្ជា ទេ ប៉ុន្ដែគេគឺអត្តពលិកតំណាងឲ្យប្រទេសកម្ពុជាមុនគេ ដែលបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦នេះ។ លោកបានបន្ថែមថា យប់នេះប្រតិភូ និងថ្នាក់ដឹកនាំទាំងអស់ នឹងចេញដំណើរនៅទីលានហែលទឹក ដើម្បីផ្ដល់កម្លាំងចិត្តកីឡាករ ពូ សុវិជ្ជា ។

សម្រាប់កម្មវិធីប្រកួតបន្ដលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖

១/. កីឡាការិនី ហែម ថុនវិទិនី វិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី ប្រកួតនៅថ្ងៃទី១២ សីហា វេលាម៉ោង ១រសៀល(ម៉ោងនៅប្រេស៊ីល)។

២/. កីឡាការិនីអត្តពលកម្ម (រត់ប្រណាំង) លី ណារី ប្រកួតថ្ងៃទី១៤ សីហា វេលាម៉ោង ៩ព្រឹក(ម៉ោងនៅប្រេស៊ីល)។

៤/. កីឡាការិនីចំបាប់ ចូវ សុធារ៉ា វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ប្រកួតថ្ងៃទី១៧ សីហា វេលាម៉ោង ១០ព្រឹក(ម៉ោងនៅប្រេស៊ីល)។

៤/. កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី វិញ្ញាសាទម្ងន់ លើស ៦៧គីឡូក្រាម (+67Kg) ប្រកួតថ្ងៃទី២០ សីហា វេលាម៉ោង ១រសៀល(ម៉ោងនៅប្រេស៊ីល)។

៥/. កីឡាករអត្តពលកម្ម នីកូ ប្រកួតថ្ងៃទី២១ សីហា វេលាម៉ោង ៩៖៣០នាទីព្រឹក(ម៉ោងនៅប្រេស៊ីល)៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស៊ន សៀវម៉ី ប៉ះ​កីឡា​ការិ​នី​ហូឡង់ Reshimie Oogink ក្នុង​​ជុំ​​ទី​​១ នៃ​​កីឡា​តៃក្វាន់​ដូ នៅ Rio 2016គួររំលឹកផងដែរថា កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រជែងទល់នឹងកីឡាការិនី Reshimie Oogink មក​ពី​ប្រទេស​ហូឡង់ ក្នុង​ជុំ​ទី​១ ប្រភេទ​ទម្ងន់​លើស ៦៧​គីឡូ​ក្រាម (+67Kg) ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង Rio de Janeiro 2016 នៃ​ប្រទេស​ប្រេ​ស៊ីល​។

យោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះជា​១ប្រកួតរបស់ម្ចាស់​មេ​ដាយ​មាស​ប្រចាំ​ទ្វីប​អាស៊ី ដែល​ត្រូវ​ប្រជែង​ទល់​នឹង​កីឡាការិនី​ហូឡង់ Oogink ក្នុងវគ្គ១៦នាក់ ប្រភេទកីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់ វិញ្ញាសា +៦៧​គីឡូ​ក្រាម ក្នុង​ការ​ប្រជែង​យក​មេ​ដាយ​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​ស្វែង​រក​មេដាយ​នៅ​ក្នុង​កីឡាអូឡាំពិក លើកទី៣១ នេះ។

ពួកគេទាំងពីរ នឹងត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ គ្រាដែលម្ចាស់មេដាយមាស នៃវគ្គជម្រុះកីឡាអូឡាំពិក ប្រចាំ​ទ្វីប​អាស៊ី ស៊ន សៀវម៉ី វ័យ​២០​ឆ្នាំ កម្ពស់ ១.៨៣​ម៉ែត្រ ប៉ះកីឡាការិនីហូឡង់ ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ដែលជាជើងខ្លាំងមួយរូបផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី