ភាពប្រេះឆានៃចំណងអាពាហ៍ពិពាហ៍រវាងតារាចម្រៀង សុខ ស្រីនាង និងលោក ស៊ី សុវត្ថិ បានអូសបន្លាយរយៈពេលយូរមកហើយ ដោយមិនមានសញ្ញាណាមួយបង្ហាញថា នឹងវិលទៅកាន់សភាពដើមវិញឡើយ ។ ថ្មីៗនេះមានការលើកឡើងថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង២ អាចនឹងវិលទៅកាន់សភាពដើមវិញ បន្ទាប់ពីមានការសម្រុះសម្រួល ជាបន្តបន្ទាប់ពីឪពុកម្តាយក្មេករបស់ សុខ ស្រីនាង ប៉ុន្តែពេលសួររឿងនេះតារាចម្រៀងរាងខ្ពស់ស្រឡះ សុខ ស្រីនាង អះអាងថា ចំណងស្នេហ៍ប្តីប្រពន្ធរបស់នាងមិនអាចវិល ទៅរកសភាពដូចដើមឡើយ ពោលគឺនាងនឹងមិនបកក្រោយចំពោះរឿងនេះទេ ។

បញ្ហាដែលនាងត្រូវគិតនាពេលនេះ គឺធ្វើយ៉ាងណាខិតខំពង្រឹងសិល្បៈ ជាថ្មីទាន់ឱកាសហុចឱ្យ ។ ចំណងស្នេហ៍ជាង៣ឆ្នាំរបស់តារាចម្រៀង ទាំង២ដួងនេះបានឈានដល់ផ្លូវបំបែក កាលពីអំឡុងខែកក្កដា ដោយអ្នកទាំង២បានសម្រេចចិត្តដើរតាមផ្លូវរៀងខ្លួន និងមិនអាចត្រឡប់ផ្សះផ្សានឹងគ្នាវិញឡើយ បើទោះបីជាមាន ការជួយអន្តរាគមន៍ពីឪពុកម្តាយក្មេករបស់ សុខ ស្រីនាង ក៏ដោយ ។ សុខ ស្រីនាង នៅតែប្រកាន់ភាពរឹងរូសរបស់នាង ដោយបដិសេធការជានាគ្នាវិញពីស្វាមី លោក ស៊ី សុវត្ថិ បើទោះបីជាពេលនេះនាងនៅ តែមានទំនាក់ទំនងជាមួយឪពុកម្តាយក្មេក របស់នាងជាធម្មតាក៏ដោយ ។

សុខ ស្រីនាង អះអាងចំពោះចំណងស្នេហ៍របស់នាង ក្នុងពិធីក្រុងពលីថតរឿងថ្មីរបស់ផលិតកម្មសាន់ដេ ដែលនាងសម្តែងជាតួឯក កាលពីពេលថ្មីៗនេះថា សម្ព័ន្ធស្នេហ៍របស់នាងមិនអាចវិលទៅរកសភាពដើមឡើយ ហើយនាងក៏គ្មានគំនិតណាមួយដើម្បីបកក្រោយក្នុងរឿងនេះទេ  គឺនាងគិតតែខិតខំសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈឡើងវិញ បន្ទាប់ពីទទួលបានឱកាសថ្មីនេះ ។តារាចម្រៀងរូបនេះបញ្ជាក់ថា បើទោះបីជានាងមិនអាចជានាជាមួយស្វាមីវិញក៏ដោយ តែចំពោះឪពុកម្តាយក្មេកគឺនៅតែប្រាស្រ័យទាក់ទងគ្នាដដែល ដោយនាងនៅតែស្រលាញ់រាប់អានពួកគាត់ដូចមុន ។ សុខ ស្រីនាង ពោលដោយខ្លីថា«នាងខ្ញុំមិនចង់រំលឹករឿងចាស់ឡើយ ក្នុងកាលៈទេសៈដែលនាងខ្ញុំ កំពុងតែឈានជើងចូលក្នុងវិស័យចម្រៀងជាថ្មីនេះ ។ បច្ចុប្បន្ននាងខ្ញុំចង់និយាយអ្វីដែលថ្មី នៅក្នុងវិស័យសិល្បៈដែលនាងខ្ញុំកំពុងតែដើរនេះ ហើយនាងខ្ញុំចង់រស់នៅជាមនុស្សថ្មីដោយមិនចង់រំលឹករឿងចាស់» ។

យុវវ័យដែលនិយមស្តាប់បទចម្រៀងប្រហែល ជានៅមិនទាន់ភ្លេចទេពីតារាចម្រៀងរាងខ្ពស់ស្រឡះមួយដួងនេះ ដែលធ្លាប់កសាងកេរ្តិ៍ឈ្មោះដ៏ស្រស់បំព្រងនៅក្នុងចន្លោះឆ្នាំ ២០០៦ដល់២០០៨ ក្នុងផលិតកម្មKH Promotion ។ បន្ទាប់មកកេរ្តិ៍ឈ្មោះរបស់ សុខ ស្រីនាង បានបាត់ស្រមោលមួយរយៈធំបន្ទាប់ពី នាងសម្រេចចិត្តក្រាបផ្ទឹមទទួលយកផ្កាស្លាពី តារាចម្រៀងរួមផលិតកម្មគឺលោកស៊ី សុវត្ថិ ។ ការរួមរស់ជាជីវិតប្តីប្រពន្ធរបស់ តារាចម្រៀងមួយគូនេះបានត្រឹមតែជាង២ឆ្នាំ ប៉ុណ្ណោះក៏ឈានដល់ភាពប្រេះឆា ដោយមិនបានបន្សល់ទុកកូនជាចំណងដៃឡើយ ។

មូលហេតុនៃការបាក់បែកនោះបានជម្រុញចិត្តឱ្យ សុខ ស្រីនាង បណ្តែតខ្លួនចូលក្នុងពិភពសិល្បៈជាថ្មីវិញ និងបានចាប់យកអាជីពនេះបន្តទៀត ។ ការវិលមកជាថ្មីរបស់សុខ ស្រីនាង នាពេលនេះត្រូវគេមើលឃើញថា នាងនឹងអាចចាប់ឈោងភាពល្បីល្បាញឡើងវិញ ខណៈនាងជ្រកក្នុងទ្រនំសាន់ដេ ព្រមទាំងបានក្រសោបតំណែងជាតួឯកជាលើកដំបូងក្នុងឆាកជីវិតនៃអាជីពសិល្បៈរបស់នាង ។

នៅពេលសួរនាំពីរឿងស្នេហាថ្មី តារាចម្រៀងមេម៉ាយក្មេងខ្ចីរូបនេះអះអាងថា នាងនៅមិនទាន់បើកចិត្តទទួលយកសេ្នហាថ្មីឡើយ ព្រោះនាងកំពុងតែរៀបជើងព្រួលធ្វើយ៉ាងណាក្រសោបកេរ្តិ៍ឈ្មោះមកវិញ ចំណែករឿងផ្សេងនាងបានកប់ទុកចោលមិនសើរើមកវិញឡើយ ព្រោះរឿងរ៉ាវទាំងឡាយដែលបានកើតមានចំពោះនាងនាពេលកន្លងមកនោះបានធ្វើឱ្យនាងយំស្ទើរតែខ្សោះទឹកភ្នែកហើយនោះ ៕  

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]