(ភ្នំពេញ)៖ លោក វុន សុភាណារិទ្ធ តំណាងឱ្យម្ចាស់ម៉ូតូ៥នាក់ នាថ្មីៗនេះ បានដាក់ពាក្យប្ដឹងទាមទារសំណងពីប្រធានក្រុមហ៊ុនផ្ញើម៉ូតូ ឈ្មោះ អ៊ឹម ភិនសារិទ្ធ ករណីបាត់ម៉ូតូចំនួន៥គ្រឿង ដែលពលរដ្ឋផ្ញើដើម្បីចូលទស្សនា​ការប្រកួតបាល់ទាត់កម្ពុជាប៉ះសិង្ហបុរីប៉ុន្តែម្ចាស់ ទទួលបញ្ញើ មិនបានផ្តល់សំណងសមរម្យ ដល់ជនរងគ្រោះឡើយ។

ពាក្យបណ្ដឹង ដែលប្ដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នោះ បានបញ្ជាក់ថា ដើមបណ្ដឹង បានប្ដឹងទាមទារសំណងថ្លៃម៉ូតូទាំង៥គ្រឿង ចំនួន៩,៥០០ដុល្លារ និងសំណងខាតបង់ពេលវេលា ជំងឺចិត្តនិងប្រាក់ប្រដាប់ក្ដី ចំនួន៨,០០០ដុល្លារទៀត។

តាមការរៀបរាប់ក្នុងបណ្ដឹងបានឱ្យដឹងថា ម្ចាស់ម៉ូតូទាំង៥នាក់ខាងលើ មានឈ្មោះ ស៊ីម សារាយ, ឈ្មោះ កូប ឃុតទ្រី, ឈ្មោះ ចាន់ មករា, ឈ្មោះ លី សុភ័ក្ត, និងឈ្មោះ ឆន ប្រុសណាត បានទៅទស្សនាការប្រកួតបាល់ទាត់ កម្ពុជាប៉ះសិង្ហបុរី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដោយបានផ្ញើម៉ូតូក្នុងក្រុមហ៊ុន IPS SECURITY SERVICE CO.,LTD តែជាសំណាង អាក្រក់ក្រោយពីចេញពីមកយកម៉ូតូវិញ បែរជាបាត់ម៉ូតូទាំង៥គ្រឿងនៅកន្លែងផ្ញើតែមួយ។ ក្រោយពីមានករណីនេះមក លោក អ៊ឹម ភិនសារិទ្ធ ប្រធានក្រុមហ៊ុនខាងលើ បានឱ្យតំណាងរបស់ខ្លួនទៅចរចាជាមួយម្ចាស់ម៉ូតូទាំង៥នាក់ខាងលើ តែមិនបានទទួលលទ្ធផល ព្រោះខាងក្រុមហ៊ុនផ្ដល់សំណងមិនសមរម្យសម្រាប់ម្ចាស់ម៉ូតូ ទើបម្ចាស់ម៉ូតូទាំង៥នាក់នេះ បានសម្រេចគ្នាដាក់ពាក្យបណ្ដឹងតែម្ដង៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជាបំបែកប្រវត្តិសាស្រ្ត យកឈ្នះសិង្ហបុរី ២-១ នៅពីមុខទស្ស និកជន ជាង៥ម៉ឺននាក់ គួររំលឹកផងដែរថា ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា បានបំបែកប្រវត្តិសាស្រ្ត យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក  នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-ick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។

តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា