ប្រេស៊ីល៖ ព្រឹត្តការណ៍អូឡាំពិក Rio 2016 វិញ្ញាសារកីឡាបាល់ទាត់ដែលការប្រកួតបានចាប់ផ្តើមដំនើរការហើយ កាលពីយប់មិញនេះ ដែលក្រុមម្ចាស់ផ្ទះ U23 ប្រេស៊ីល ទទួលស្វាគមន៍ក្រុមភ្ញៀវមកពីអាហ្រ្វិកខាងត្បូង ដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០ ធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង។

គួររំលឹកផងថា ព្រឹត្តការណ៍អូឡាំពិក វិញ្ញាសារបាល់ទាត់នេះ ចម្រាញ់យកក្រុមជម្រើសជាតិដែលមានអាយុក្រោម ២៣ឆ្នាំតែប៉ុណ្ណោះ ហើយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ របស់ប្រេស៊ីលនេះដែរ ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិ U23 របស់អាហ្រ្វិកខាងត្បូង អ៊ីរ៉ាក់ និងដាណឺម៉ាក។

ប្រេស៊ីល គឺជាក្រុមដែលគេរំពឹងថា អូឡាំពិកឆ្នាំនេះនឹងធ្វើបានល្អ ប៉ុន្តែបែរជាគ្មានសំណាងក្នុងការប្រកួតដំបូង ដោយបានត្រឹមស្មើជាមួយ ក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូង ក្នុងលទ្ធផល ០ ទលនឹង ០ ។

ក្រុមជម្រើសជាតិប្រេស៊ីល ដែលគេគិតរំពឹងថាអាចនឹងទទួលបានមេដាយមាសនោះ ដោយសារតែប្រេស៊ីល មានវត្តមានកីឡាករឆ្នើម Neymar និងខ្សែប្រយុទ្ធចំនូលថ្មីវ័យក្មេងរបស់ក្លិប Manchester City គឺកីឡាករ Gabriel Jesus ដែលពួកគេទាំង២នាក់នេះ លេចធ្លោជាងគេក្នុងព្រឹត្តការណ៍អូឡាំពិក វិញ្ញាសារកីឡាករបាល់ទាត់។

ទាក់ទងនឹងការប្រកួតវិញ ឃើញថាប្រេស៊ីលដាក់ទម្រង់ប្រយុទ្ធមុតស្រួចបី នៅខាងមុខ ដូចជា Neymar, Gabriel Jesus និង Babosa ប៉ុន្តែនៅតែធ្វើអ្វីគូប្រកួតមិនបាន ទោះបីជាក្នុងការប្រកួត ប្រេស៊ីលមានការគ្របដណ្តប់ និងសម្រុកខ្លាំងក៏ដោយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺ ក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូង ទទួលបាននូវការពិន័យកាតក្រហមមួយទៀត ប៉ុន្តែលទ្ធផលនៅតែរក្សា ០-០ រហូតដល់បញ្ចប់ការប្រកួត។

ដូច្នេះប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ទទួលបានត្រឹមតែម្នាក់១ពិន្ទុប៉ុណ្ណោះ ក្នុងពូលA ស្របពេលដែល អ៊ីរ៉ាក់ និងដាណឺម៉ាក ក៏ប្រកួតស្មើគ្នា បានម្នាក់១ពិន្ទុដូចគ្នា ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]