អារ៉ាប់រួម៖ យន្តហោះមួយគ្រឿង ប្រភេទ Boeing 777 ជើងហោះហើរ EK521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៃសហព័ន្ធអារ៉ាប់រួម បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈផ្ទុកអ្នកដំណើរជាច្រើន រយនាក់នៅលើនោះ ធ្វើឲ្យពួកគេភ័យស្លន់ស្លោយ៉ាងខ្លាំង។

ប្រភពបានឲ្យដឹងថា យន្តហោះ Boeing 777 មួយគ្រឿង បានជួបឧបទ្ទេហេតុរន្ធត់ ក្រោយហោះចេញពីព្រលានយន្តហោះ Trivandrum ប្រទេសឥណ្ឌា មកកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ (Dubai International Airport)។ នៅពេលមកដល់ ធ្វើការចុះចតនៅព្រលានយន្តហោះទីក្រុងឌូបៃ ស្រាប់តែឆេះកង់មុខ ហុយផ្សែងទ្រលោមតែម្តង។

ភ្លាមៗអ្នកដំណើរជាច្រើន បាននាំគ្នាស្រែកឈូឆរពេញយន្តហោះ ហើយក៏បាននាំគ្នា ប្រវេប្រវ៉ាទាញយកអីវ៉ាន់ វ៉ាលី ដើម្បីរត់ចុះ ជាហេតុធ្វើឲ្យអាកាសយានិក បង្ខំចិត្តបើកច្រកចេញចូល ពេលមានអាសន្ន ដើម្បីឲ្យអ្នកដំណើរទាំងអស់នោះ លោតចុះចេញពីលើយន្តហោះដោយសុវត្ថិភាពផងដែរ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក អង្គុយនៅជួរខាងមុខ នៃយន្តហោះ លោក Ibrahim Thomas មកពីទីក្រុង Trivandrum ប្រទេសឥណ្ឌានិយាយថា «ខ្ញុំអង្គុយនៅកៅអីជួរខាងមុខ ហើយខ្ញុំពិតជាសំណាងណាស់ ដែលនៅរស់។ ខ្ញុំបានឃើញម៉ាស៊ីនខាងស្តាំរបស់យន្តហោះឆាបឆេះ បន្ទាប់មកក៏រាលដាលដល់កាប៊ីនអង្គុយ របស់អ្នកបើកបរតែម្តង។ ហើយប្រហែលជា ៥នាទីក្រោយមក ទើបអាកាសយានិក បានបើកច្រកទ្វារ ចេញចូលពេលមានអាសន្ន ដើម្បីឲ្យពួកយើងលោតចុះផងដែរ។ ក្នុងគ្រានោះ ខ្ញុំគិតថា ខ្ញុំប្រហែលជាមិនរស់ទេមើលទៅ» ។ 

ដោយឡែក សាក្សីផ្សេងទៀត បានលើកឡើងថា ឃើញផ្សែងខ្មៅហុយទ្រលោម មុនពេលជើងយន្តហោះ ចុះចតប៉ះដី នៅអាកាសយាន្តដ្ឋានដែរ។

ទោះបីជាយ៉ាងណា ខាងក្រុមហ៊ុនអាកាសចរណ៍ បានអះអាងថា ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់អណ្តាតភ្លើង ដែលឆាបឆេះនេះបានសម្រេចជាស្ថានពរផងដែរ។

បើតាមការឲ្យដឹងពីខាងក្រុមហ៊ុនអាកាសចរណ៍ និយាយថា យន្តហោះនេះបានផ្ទុកអ្នកដំណើរទាំងអស់ចំនួន ២៨២នាក់ ក្នុងនោះមានដូចជា ជនជាតិអង់គ្លេស ២៤នាក់ ជនជាតិអាមេរិក ៦នាក់ ជនជាតិអូស្រ្តាលី ២នាក់ ជនជាតិ អៀរឡង់ ៤នាក់ និងក្រុមអាកាសយានិកចំនួន ១៨នាក់ផងដែរ ដែលត្រូវបានជម្លៀសចេញ បានដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់ រងរបួសនោះឡើយ។ 

គួរឲ្យដឹងថា ស្ថិតក្នុងហេតុការណ៍នេះ អ្នកពន្លត់អគ្គីភ័យម្នាក់ឈ្មោះ Jasim Issa Mohammed Hassan ត្រូវបានស្លាប់ ខណៈអ្នកដំណើរប្រមាណជា ១០នាក់ទៀត ដែលបានរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ ៕

ទស្សនាវីដេអូ៖

រូបភាព៖ Jasim Issa Mohammed Hassan ជាអ្នកពន្លត់អគ្គីភ័យ ដែលត្រូវបានស្លាប់

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលតម្រូវឲ្យចុះចតវិញជាបន្ទាន់ ដែលផ្ទុកទៅដោយមនុស្ស រាប់រយនាក់

បើតាមប្រភពបានឲ្យដឹងថា កាលពីព្រឹកថ្ងៃច័ន្ទវេលាម៉ោង ២:០៥នាទី ម៉ោងនៅក្នុងតំបន់ ជើងហោះហើរ SQ368 បានចេញដំណើរពីព្រលានយន្តហោះសិង្ហបុរី ទៅកាន់ទីក្រុង Milan ចៃដន្យហោះហើរទើបតែបានរយៈពេល ២ម៉ោងប៉ុណ្ណោះ ស្រាប់តែ ពីឡុតប្រកាសថា យន្តហោះកំពុងតែមានបញ្ហាផ្នែកម៉ាស៊ីន តម្រូវឲ្យចុះចតជាបន្ទាន់។

ប្រភពបន្តថា ភ្លាមៗនោះដែរ យន្តហោះត្រូវបានហោះត្រលប់មកកាន់ ព្រលានយន្តហោះសិង្ហបុរីវិញ បានទាន់ពេលវេលា មុនពេលដែលម៉ាស៊ីនខាងស្តាំនៃយន្តហោះធុន Boeing 777 បានផ្ទុះឆាបឆេះឡើង។

អ្នកដំណើរម្នាក់ឈ្មោះ Chuan បានប្រាប់មកខាងសារព័ត៌មាន BBC ឲ្យដឹងថា «មុនពេលចាប់ផ្តើមជះមានក្លិនឧស្ម័នមិនល្អ ពួកយើងហោះហើរក្នុងបរិយាកាសដ៏សែនអាប់អួរជាង១ម៉ោង។ ក្រោយមកពីឡុត បានរាយការណ៍តាមរយៈប្រព័ន្ធទាក់ទង ទៅកាន់ខាងភ្នាក់ងារព្រលានវិញថា មានធ្លាយប្រេងនៅក្នុងម៉ាស៊ីនលើយន្តហោះ ហើយពួកយើងនឹងវិលត្រលប់ទៅ ព្រលានវិញ»។

លោក Chan បានបន្ថែម ឲ្យដឹងទៀតថា ក្រោយការប្រកាសដំណឹងរួច អ្នកដំណើរមានអារម្មណ៍ស្ងប់ជាធម្មតា រួចគាត់ក៏សម្ងំគេងវិញ។

គួររំលឹកដែរថា យន្តហោះខាងលើនេះ មានផ្ទុកអ្នកដំណើរចំនួន ២២២នាក់ និងក្រុមការងារលើយន្តហោះចំនួន ១៩នាក់ទៀតផងដែរ ហើយត្រូវបានជម្លៀស ទៅទីតាំងសុវត្ថិភាព ក្រោយពីដឹងថា យន្តហោះមានបញ្ហាដំណើរការមិនស្រួល ដោយពុំមានអ្នកដំណើរណាម្នាក់ ទទួលរងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុមួយនេះឡើយ។

ជាមួយគ្នាដែរ ក្រោយពេលចុះចត ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេល ប្រមាណជា ៥ទៅ១០នាទី ដើម្បីពន្លត់អណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ បានដោយជោគជ័យ។ ហើយក្រោយមក អ្នកដំណើរទាំងអស់នោះ ក៏ត្រូវបានផ្ទេរទៅជិះជើងហោះហើរថ្មី ដោយសង្ឃឹមថាទៅដល់ទីក្រុង Milan នៃប្រទេសអីុតាលីវិញ ទាន់ពេលវេលាផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]