ចិន៖ គួរឲ្យដឹងថា កាលពីខែឧសភាកន្លងទៅនេះ ចិនទើបតែដាក់សម្ពោធឲ្យដំណើរការ ស្ពានយោលក្រាលកញ្ចក់ទី២របស់ខ្លួន ឲ្យភ្ញៀវទេសចរបានឆ្លងកាត់លេងកម្សាន្ត និងទទួលបានអារម្មណ៍ប្លែកពិសេស ពេលទស្សនាទេសភាពលើជ្រលងភ្នំដ៏ស្រស់ស្អាត។

នាពេលថ្មីៗនេះ ចិនបានបើកសម្ពោធស្ពានកញ្ចក់លើអាកាស របស់ខ្លួនថ្មីមួយទៀតដែលមានប្រវែងបណ្តោយ ១០០ម៉ែត្រ ទទឹង១ម៉ែត្រកន្លះ សាងសង់អមតាមជម្រាលភ្នំខ្ពស់មួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលមានកម្ពស់ប្រមាណ ១,៤០២ម៉ែត្រ។ ភ្ញៀវទេសចរជាច្រើន ដែលបានមកលេងកម្សាន្ត ឬចង់សាកល្បងដើរកាត់ស្ពានកញ្ចក់ដ៏ព្រឺព្រួចនេះ អាចមើលឃើញទេសភាព ដ៏ស្រស់ត្រកាល នៃជ្រលងភ្នំពីបង្កាន់ដៃស្ពាន ពីលើចុះក្រោមបានយ៉ាងច្បាស់ផងដែរ។

គួរបញ្ជាក់ថា ស្ពានកញ្ចក់ថ្មីនេះមានឈ្មោះថា “Coiling Dragon Ciff” បានបើកសម្ពោធជាផ្លូវការ ទទួលស្វាគមន៍ភ្ញៀវទេសចរកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នៅលើកំពូលភ្នំ Tianmen នៃឧទ្យានជាតិ Tianmenshan ក្នុងខេត្តហួណាន។

ទន្ទឹមនឹងការចូលលេងកម្សាន្តដើរឆ្លងកាត់ ស្ពានកញ្ចក់ដ៏គួរឲ្យចាប់អារម្មណ៍នេះផងដែរ ​ភ្ញៀវទេសចរជាច្រើនមានការព្រឺសំបុរស្រៀវសាច់មិនធម្មតា រីឯអ្នកទេសចរមួយចំនួនទៀតវិញ ស្ទើរតែវិលមុខរកសន្លប់ក៏មាន ព្រោះស្ពាននេះ មានរយៈកំពស់ខ្ពស់ពេក។

ប៉ុន្តែមិនថាយ៉ាងណា មានភ្ញៀវទេសចរមួយចំនួនធំ យើងអាចនិយាយបានថា ជាអ្នកទេសចរក្លាហាន ដែលពួកគាត់ មិនខ្លាចញញើតកំពស់ខ្ពស់អ្វីនោះឡើយ  ហើយពួកគាត់ថែមទាំងដេកននៀល និងឈរថតរូបលេងកម្សាន្តនៅលើស្ពានកញ្ចក់នោះថែមទៀតផង។ 

គូសបញ្ជាក់ថា ស្ពានកញ្ចក់ Coiling Dragon Ciff  សំបូរទៅដោយរុក្ខធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងជាកន្លែងដែលជាទីពេញនិយមបំផុតមួយ សម្រាប់ភ្ញៀវទេសចរផងដែរ៕

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បន្ទាប់ពីស្ពានយោលលើអាកាស បាតក្រាលកញ្ចក់ ដែលទើបតែ បញ្ចប់ការសាងសង់ កាលពីក្នុងខែឧសភាកន្លងទៅ និងទើបតែបើកសម្ពោធដាក់ឲ្យដំណើរការ ជូនភ្ញៀវទេសចរមកលេងកម្សាន្ត ដើម្បីមានឳកាសបានផ្តិតយកទិដ្ឋភាព ដ៏អស្ចារ្យជ្រលងដងភ្នំរួចមក ថ្មីៗនេះដែរគេសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើន មិនថាក្មេងចាស់ប្រុសស្រី ហាក់បីដូចជាភ័យខ្លាចជាខ្លាំង នៅពេលដើរឆ្លងកាត់លើស្ពានក្រាលបាតកញ្ចក់ ដ៏គួរឲ្យស្រៀវនេះ។

ប្រភពបានឲ្យដឹងថា ថ្វីត្បិតតែស្ពានក្រាលបាតកញ្ចក់ នៅចិនពិតជាទីពេញនិយម សម្រាប់ភ្ញៀវទេសចរក៏ពិតមែន ក៏ប៉ុន្តែនៅមានភ្ញៀវទេសចរជាច្រើននាក់ទៀត មានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពរបស់វាជាខ្លាំង ក្រោយពីមានផ្ទាំងកញ្ចក់មួយផ្ទាំងធ្លាប់របើកបែក។ 

ដោយឡែក តាមរយៈវីដេអូឃ្លីបដែលត្រូវបានថត និងបង្ហោះចូលទៅក្នុងបណ្តាញសង្គមនោះដោយភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្តនោះវិញ គេសង្កេតឃើញថា ភ្ញៀវទេសចរមួយចំនួន ពិតជាមានភាពតក់ស្លុត ភ័យខ្លាច ដើរសឹងតែបិទភ្នែក រហូតមានអ្នកខ្លះទៀត វិលមុខដួលថែមទៀតផង ខណៈដែលអ្នកទេសចរផ្សេងទៀត ហាក់បីដូចជាធ្វើបាប មិត្តភក្តិរបស់ខ្លួន ចាប់អូសននាលលើស្ពានក្រាលបាតកញ្ចក់នោះ ជាមួយនឹងសម្រែកស្រែកទាំងភ័យខ្លាចថែមទៀតផង។

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរចនាឡើងនូវផ្លូវដើរជាច្រើន រួមមានស្ពានជាដើម ដែលក្រាលបាតជាកញ្ចក់ស្វឹតរឹងមាំ គឺកំពុងតែមានការពេញនិយមយ៉ាងខ្លាំង និងក្លាយជាទីទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន មកកម្សាន្តនៅប្រទេសចិនផងដែរ។ ជាមួយគ្នានេះ តំបន់ទេសចរជាច្រើនកន្លែងផ្សេងទៀត ក៏កំពុងតែសាងសងបន្ថែម ដែលមានលក្ខណៈស្រដៀងគ្នា ដើម្បិទាក់ទាញភ្ញៀវទេសចរផងដែរ៕

ទស្សនាវីដេអូ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]