ចិន៖ យើងដឹងហើយថាចិន ជាប្រទេសមួយដែលមាន ប្រជាជនរាប់លាននាក់ ច្រើនជាងគេបំផុត ក្នុងពិភពលោក ខណៈចរាចរណ៍តាមដងផ្លូវ នៃប្រទេសមួយនេះ ហាក់បីដូចជាតឹងតែងខ្លាំង ពីមួយថ្ងែទៅមួយថ្ងៃ។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីការទន្ទឹងរង់ចាំ អស់រយៈជាច្រើនឆ្នាំកន្លងមកនេះ បន្ទាប់ពីចិន បានបង្ហាញគម្រោងរបស់ខ្លួនថា នឹងផលិតរថយន្តក្រុង ខ្នាតយក្សមួយប្រភេទ ដែលមានសមត្ថភាពអាច បើកបរគ្របដណ្តប់លើ រថយន្តធុនតូចបាន ដើម្បីចូលរួមចំណែកកាត់បន្ថយ ការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននោះ ពេលនេះក្តីសុបិនដែលប្រជាជនចិន ជាច្រើនលាននាក់ ប្រាថ្នាចង់បានចង់ឃើញនោះ បានលេចចេញជារូបរាងហើយ។

ទើបតែពេលថ្មីៗនេះ រថយន្តក្រុងខ្នាតយក្ស  ត្រូវបានបញ្ចប់ការផលិតរួចរាល់ជាស្ថាពរ ហើយទើបតែបើកដំណើរការសាងល្បង រត់លើដងផ្លូវសាធារណៈ ជាលើកដំបូងរបស់ខ្លួន កាលពេលព្រឹកមិញនេះ ស្ថិតក្នុងទីក្រុង Qinhuangdao ខេត្ត Hebei ប្រទេសចិន ជាហេតុធ្វើឲ្យ ប្រជាជនជាច្រើន មានភាពភ្ញាក់ផ្អើល សាទរជាខ្លាំង។

យោងទៅតាមប្រភពសារព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា រថយន្តក្រុងខ្នាតយក្សដ៏ចម្លែក និងមិនធ្លាប់មានក្នុងពិភពលោកនេះ មានឈ្មោះថា Transit Elevated Bus (TEB) ហើយវាជារថយន្តក្រុងមួយប្រភេទ ដំណើរការដោយភ្លើងអគ្គីសនី ដែលមានបណ្តោយខ្លួនប្រវែង ២២ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រកន្លះ និងកម្ពស់ ៤,៨ម៉ែត្រ ហើយវាអាចផ្ទុកអ្នកដំណើរ បានរហូតដល់ទៅ ៣០០នាក់ (ប៉ុន្តែនាថ្ងៃអនាគត និងមានការផលិតកែច្នៃបន្ថែម ដែលអាចផ្ទុកអ្នកដំណើរ បានលើសនេះ)

ដោយឡែក បើតាមការឲ្យដឹង ពីវិស្វករផលិត និយាយថា វានឹងអាចផ្ទុកអ្នកដំណើរ ចាប់ពី ១,២០០នាក់ឡើងទៅ ដែលអាចធ្វើដំណើរក្នុងរយៈចម្ងាយ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist | Techcrunch

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកមួយវិញទៀត កន្លងទៅនេះ ស្ថិតក្នុងទីក្រុង Pingxiang ខេត្ត Jiangxi ប្រទេសចិន បានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រើនទៀតក្នុងប្រទេសចិន ដែលបានរៀបចំកន្លែងអង្គុយដ៏ពិសេសមួយ នៅលើរថយន្តក្រុងដឹកអ្នកដំណើរ ដែលអនុញ្ញាតឲ្យស្រ្តីមានកូនតូច អាចបំបៅដោះបានដោយពុំមានការខ្មាសអៀនអ្វីទៀតឡើយ។ កន្លែងអង្គុយដ៏ពិសេសនោះ មានភាពងាយស្រួល សម្រាប់ស្រ្តីដែលចង់បំបៅដោះកូន ដែលមានព័ទ្ធបាំងជុំវិញដោយវាំងននត្រឹមត្រូវ។ យ៉ាងណាមិញ អ្នកដំណើរផ្សេងទៀតអាចអង្គុយនៅកន្លែងកៅអីនោះបាន ប្រសិនបើទំនេរ មិនមានស្រី្តបំបៅដោះកូនអង្គុយ ប៉ុន្តែបើមាន ស្រ្តីណាស្នើសុំចង់បំបៅដោះកូន អ្នកដំណើរត្រូវតែផ្លាស់ប្តូរកន្លែងអង្គុយផ្សេងទៀតដោយគ្មានលក្ខខណ្ឌ។

ប្រភពបន្តថា អង្គការសុខភាពពិភពលោក “WHO” បានធ្វើស្ថិតិកាលពីឆ្នាំ២០១៣ បង្ហាញឲ្យឃើញថា ភាគរយនៃស្រ្តីបំបៅដោះកូននៅក្នុងប្រទេសចិនមានការធ្លាក់ចុះសល់ត្រឹមតែ ២៨ភាគរយ ដែលទាបជាងចំនួនជាមធ្យម ៤០ភាគរយ លើពិភពលោក។ ជាការពិតណាស់ ការបំបៅដោះកូនពិតជាផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ទារកទើបនឹងកើត។ នៅថ្ងៃអនាគត ចិនសង្ឃឹមថា នឹងមានស្ត្រីបំបៅដោះកូនក្នុងទីសាធារណៈ ដែលអាចមានភាគរយកើនឡើងដល់ ៥០ភាគរយ នៅក្នុងឆ្នាំ២០២០ និងគ្មានការហាមឃាត់ដូចមុនទៀតឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]