(ភ្នំពេញ)៖ ឆ្លងកាត់ការចាប់ឆ្នោតបែងចែកពូល និងកម្មវិធីប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ា កាលពីយប់មិញបានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ឡាវ និងប្រ៊ុយណេ នាចន្លោះថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះ ដើម្បីដណ្ដើមកៅអីពូលB នៃជុំផ្ដាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាស៊ាននេះ ។

សម្រាប់លទ្ធផលចាប់ពូលជុំផ្ដាច់ព្រ័ត្រពីយប់មិញ គឺពូលA រួមមានក្រុមការពារតំណែងជើងឯកថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ។ ចំណែកពូលB រួមមានក្រុមជើងឯករងឆ្នាំចាស់ម៉ាឡេស៊ី វៀតណាម និងក្រុមមីយ៉ាន់ម៉ា ខណៈមួយក្រុមទៀត គឺរង់ចាំក្រុមមានពិន្ទុច្រើនជាងគេ នៅក្នុងការប្រកួតជម្រុះ ដែលនឹងធ្វើឡើងនៅលើទឹកដីកម្ពុជានាខែតុលាខាងមុខ ។

ចំពោះកម្មវិធីប្រកួតជម្រុះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិឡាវមុនគេ នៅថ្ងៃបើកឆាក ខណៈទីម័រខាងកើត ត្រូវជួបប្រ៊ុយណេ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះជាមួយគ្នា ។

បន្ទាប់មកនៅថ្ងៃទី១៨ ខែតុលា កម្ពុជា ជួបក្រុមប្រ៊ុយណេវិញម្ដង ឯក្រុមទីម័រខាងកើត ជួបក្រុមឡាវ ។ ចំណែកកម្មវិធីប្រកួតវិលជុំចុងក្រោយ គឺម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត ខណៈក្រុមប្រ៊ុយណេ ជួបឡាវ ។ ការប្រកួតនេះ ក្រុមសន្សំពិន្ទុបានច្រើនជាងគេ នឹងមានឱកាសឡើងទៅវគ្គបន្ដ ដោយបង្គ្រប់នៅពូលB នៃជុំផ្ដាច់ព្រ័ត្រ ។ ចាំមើលតើកៅអីជុំផ្ដាច់ព្រ័ត្រដ៏ពិសេសនេះ បានទៅកម្ពុជា ទីម័រខាងកើត ឡាវ ឬប្រ៊ុយណេ?

គួរបញ្ជាក់ថា សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រទាំងពូលA និងពូលB ដែលបានជម្រាបខាងលើ នឹងធ្វើការប្រកួតពីថ្ងៃទី១៩-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានប្រទេសពីរ ធ្វើម្ចាស់ផ្ទះ រួមមានប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជាបំបែកប្រវត្តិសាស្រ្ត យកឈ្នះសិង្ហបុរី ២-១ នៅពីមុខទស្ស និកជន ជាង៥ម៉ឺននាក់ គួររំលឹកផងដែរថា ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា បានបំបែកប្រវត្តិសាស្រ្ត យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទើបបញ្ចប់នៅមុននេះបន្តិច នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-kick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។ 

តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា