ថៃ៖ កាលពីរសៀលម្សិលមិញនេះ ស្ថិតក្នុងស្រុក Nong Chok មានហេតុការណ៍រន្ធត់មួយបានកើតឡើង បន្ទាប់ពីយន្តហោះឯកជន ធុនតូចមួយគ្រឿង ប្រភេទ Piper PA-31-350 Chieftain បានហោះបោះពួយធ្លាក់ ចូលក្នុងទឹកប្រឡាយ នៃទីក្រុងបាងកក ដែលបណ្តាលឲ្យមនុស្ស ១នាក់បានស្លាប់ និង៤នាក់ទៀតបានរបួសផងដែរ។

ប្រភពបានឲ្យដឹងថា យន្តហោះធន់តូចប្រភេទ Piper PA-31-350 Chieftain នេះ បើកបរដោយក្រុមហ៊ុនអាកាសចរណ៍ Rabbit Wing Co., ដែលឧបទ្ទវហេតុធ្លាក់នេះ កើតឡើងក្បែរទីតាំងវត្ត Lam Phra Ong នៅចន្លោះម៉ោងប្រមាណជា ៤និង៣០នាទីព្រឹក ខណៈដែលអ្នកបើកបរ (ភីឡុត) គឺត្រូវបានស្លាប់ភ្លាមៗតែម្តង។

ដោយឡែកតាមប្រភពសារព័ត៌មាន Bangkok Post បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ ត្រូវបានគេរាយការណ៍ថា ហោះចេញពីខេត្ត Nakhon Ratchasima (នរគរាជសីមា) វិលត្រលប់ទៅព្រលានយន្តហោះអន្តរជាតិ Suvarnabhumi («សុវណ្ណភូមិ» បច្ចុប្បន្នប្តូរឈ្មោះទៅជា ព្រលានយន្តហោះអន្តរជាតិបាងកក «Bangkok International Airport») ខណៈកំពុងហោះហើរស្រាប់តែបាត់ដាន ចេញពីប្រព័ន្ធរ៉ាដាតែម្តង ហើយភ្លាមៗនោះ បុគ្គលិកនៅព្រលានយន្តហោះ ក៏បានជូនដំណឹងទៅអាជ្ញាធរជំនាញ ដើម្បីជួយធ្វើការងារនេះផងដែរ។

តាមសាក្សីឃើញ ហេតុការណ៍ផ្ទាល់ភ្នែក និយាយថា ទំនងជាភីឡុតចង់ចុះចត តែដោយសារតែបើកបរ ក្នុងល្បឿនលឿនពេក ទើបជ្រុលទៅបុកស្ពានឈើ ធ្លាក់ទឹកប្រឡាយ ជាលទ្ធផលបណ្តាលឲ្យ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត។

អ្នកស្លាប់ត្រូវបានគេស្គាល់ អត្តសញ្ញាណបានថាឈ្មោះ Sirawut Tiewprasert ខណៈដែលមនុស្ស៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ ក្នុងនោះ អ្នករងរបួស ២នាក់ គឺជាអ្នកជិះនៅក្នុងយន្តហោះ ដែលគេស្គាល់ថាជាភីឡុតរង។ ទី១ ឈ្មោះ Pitak Sobted អាយុ ៣៤ឆ្នាំ និងទី២ ឈ្មោះ Sitthiporn Thanasung អាយុ ៤៤ឆ្នាំ។ 

ឯអ្នករងគ្រោះ ២នាក់ផ្សេងទៀត ជាអ្នកស្រុកដែលស្ថិតនៅជិត ទីតាំងកើតហេតុនោះផ្ទាល់។ ទី១ ឈ្មោះ Prapin Prempree អាយុ ៤៨ឆ្នាំ និងទី២ ឈ្មោះ Arun Kaewson អាយុ ៧៨ឆ្នាំ។ ក្រោយមកជនរងគ្រោះទាំងអស់នោះ ក៏ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ទោះបីជាយ៉ាងណា បច្ចុប្បន្នប៉ូលិសក៏កំពុងតែធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ លើករណីធ្លាក់នេះឲ្យកាន់តែ ច្បាស់បន្ថែមទៀតផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព៖ Bangkok.Coconuts

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត យន្តហោះមួយគ្រឿងប្រភេទ Cessna 208 បានហោះបោះពួយ ទៅបុកនឹងស្ពានមួយកន្លែង ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលបណ្តាលឲ្យមនុស្ស៥នាក់ បានស្លាប់បាត់បង់ជីវិត

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា យន្តហោះខ្នាតតូចប្រភេទ Cessna 208 ដែលជាប្រភេទយន្តហោះមួយ មានសមត្ថភាពអាចបើកបរ លើផ្ទៃទឹកបាននេះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Joy General Aviation ដែលបានធ្វើការហោះហើរ ពីតំបន់ Jinshan នៃទីក្រុងសៀងហៃ ទៅកាន់ខេត្ត Zhejiang ដោយផ្ទុកមនុស្សចំនួន ១០នាក់។

ប្រភពបន្តថា មិនដឹងជាមូលហេតុអ្វី ស្រាប់តែយន្តហោះមួយគ្រឿងនេះ ហោះបោះពួយ ទៅបុកនឹងគែមស្ពានហាយវ៉េ កាត់សមុទ្រមួយខ្សែ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងសៀងហៃតែម្តង ដែលបណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និង៥នាក់ផ្សេងទៀត បានរងរបួសផងដែរ។

ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយ នៅលើប្រព័ន្ធអីុនធឺណែត ដោយព័ត៌មានសៀងហៃ ដែលបានបង្ហាញយ៉ាងច្បាស់ក្រោយពីកើតហេតុ នៃទិដ្ឋភាពយន្តហោះមួយគ្រឿងនេះ គឺក្បាលរបស់វានៅលើស្ពាន រីឯកន្ទុយវិញ សំយុងធ្លាក់លើផ្ទៃទឹក។

បើតាមការឲ្យដឹង ពីរដ្ឋាភិបាលក្នុងតំបន់ បានបញ្ជាក់ប្រាប់ថា «នៅលើយន្តហោះរួមមាន ភីឡុត ភីឡុតរង និងអ្នកដំណើរចំនួន ៨នាក់ទៀតផងដែរ ប៉ុន្តែអ្នកដំណើរទាំង៨នាក់នោះ មិនទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយនោះទេ ហើយក្នុងនោះ ក៏មានអ្នកកាសែតយកការណ៍ផងដែរ ព្រោះយន្តហោះមួយគ្រឿងនេះ គឺជាយន្តហោះថ្មី ដែលទើបតែ ចេញការហោះហើរជាលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ តែសំណាងមិនល្អក៏បានជួបរឿង ដ៏អកុសលមួយនេះតែម្តង» ។

គួសបញ្ជាក់ដែរថា ជុំវិញករណីឧបទ្ទេហេតុមួយនេះដែរ គេនៅមិនទាន់ដឹងច្បាស់ ពីមូលហេតុបង្កនៅឡើយនោះទេ ស្របពេលដែលបច្ចុប្បន្ន គឺស្ថិតក្រោមការស៊ើបអង្កេតពីមន្រ្តីជំនាញ ខណៈដែលខាងក្រុមហ៊ុនអាកាសចរណ៍ ក៏មិនទាន់បាន ចេញមុខធ្វើការអត្ថាធិប្បាយ បញ្ជាក់ប្រាប់នៅឡើយដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]