អាមេរិក៖ ធ្លាប់តែឃើញសកម្មភាពលោតពីយន្តហោះ ចុះមកផ្ទាល់ដី ដោយប្រើឆ័ត្រយោងជាជំនួយ  ប៉ុន្តែរឿងដែលមិនគួរឲ្យជឿមួយនេះវិញ គឺបុរសម្នាក់ លោតពីលើយន្តហោះ មកក្រោមដែលមានកម្ពស់ជាង ២៥,០០០ហ្វីត ដែលស្មើនឹង ប្រមាណជាង ៧,៦០០ម៉ែត្រ ដោយមិនប្រើប្រាស់ឆ័ត្រយោង ហើយថែមទាំងមិនប៉ះពាល់ដល់អាយុជីវិតគាត់ទៀត។

បុរសសញ្ជាតិអាមេរិករូបនេះ មានឈ្មោះថា Luke Aikins វ័យ៤២ឆ្នាំ គឺជាបុរសដំបូងគេបង្អស់ ដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ លោតពីលើយន្តហោះ ចុះមកក្រោម ដែលមានកំពស់រហូតទៅដល់ជាង ៧,៦០០ ម៉ែត្រ ដោយមិនប្រើប្រាស់ឆ័ត្រយោង ហើយក៏ធ្លាក់មកទើរលើ សំណាញ់ដែលដាក់ត្រងនៅពីក្រោម ហើយអ្វីដែលពិសេសនោះគឺ គាត់បានធ្វើការប៉ាន់ស្មាន បានយ៉ាងត្រឹមត្រូវចំពោះទីតាំងដែលគាត់ធ្លាក់ចុះមក ។

ក្នុងសកម្មភាពលោតពីលើអាកាសចុះមកនេះ រូបគាត់ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ Fox ចាក់ផ្សាយផ្ទាល់ផងដែរ ពីទិដ្ឋភាពនៃការលោតចុះ ដោយមិនខ្វល់នឹងរឿងគ្រោះថ្នាក់បែបនេះ តែយ៉ាងណាមិញ វាជាលទ្ធផលដ៏ល្អសម្រាប់លោក ដោយសារគាត់បានបំបែកកំណត់ត្រាមួយ ដែលជាមនុស្សដំបូងគេ ដែលលោតចុះពីយន្តហោះ ចុះមកក្រោមដោយមិនប្រើឆ័ត្រយោង ។

ក្នុងនោះដែរ លោក Luke Aikins គាត់បាននិយាយទាំងត្រេកអរ ជាមួយប្រពន្ធ និងកូនរបស់លោកថា «ខ្ញុំសឹងតែអណ្តែតនៅលើអាកាសទៅហើយ វាពិតជាអស្ចារ្យណាស់ ពិតជាមិនគួរឲ្យជឿ» ។ បន្ថែមពីនេះទៀតគាត់បានសម្តែងនូវអារម្មណ៍ ដោយមិននឹកស្មានដល់ថា វាអាចនឹងកើតឡើង ហើយគ្មានពាក្យអ្វីនឹងត្រូវបរិយាយ ដោយសារគាត់ត្រេកអរពេក ។ ចុងបញ្ចប់ Luke ក៏បានអរគុណដល់ក្រុមការងាររបស់លោកដែរ ក្នុងការសហការគ្នាអស់រយៈពេល២ឆ្នាំ ទៅហើយ ក្នុងរៀបចំ និងត្រៀម នូវការលោតមួយនេះ និងជាពិសេសក្រុមដែលបានរៀបចំ សំណាញ់ដ៏តាន់នេះផងដែរ ដើម្បីឲ្យប្រាកដថា អ្វីដែលលោកបានធ្វើគឺមានសុវត្ថិភាព៕

ប្រភព៖ Asian Town

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក សូមរំលឹកព័ត៍មានចាស់ផងដែរថា បុរស វ័យចំណាស់ ជនជាតិរុស្ស៊ីម្នាក់ បានច្នៃបាឡុងខ្យល់ ដ៏ធំសម្បើមមួយ ដើម្បីធ្វើដំណើរជុំវិញពិភពលោក ក្នុងរយៈពេលត្រឹមតែ ១១ ថ្ងៃប៉ុណ្ណោះ ។ គួររំលឹកផងដែរថា បុរសវ័យចំណាស់ ដែលមានឈ្មោះថា Fedor Konyukhov វ័យ ៦៥ឆ្នាំ បានបង្កើតកំណត់ត្រាថ្មីមួយ ក្នុងបញ្ជីកំណត់ត្រាពិភពលោក ដោយរូបលោក បានធ្វើដំណើរតាមបាឡុងខ្យល់ តែម្នាក់ឯង ជុំវិញពិភពលោក ត្រឹមរយៈពេលតែ ១១ថ្ងៃ ដែលជារយៈពេលដ៏លឿនជាងគេបំផុត ហើយបានយកឈ្នះកំណត់ត្រាចាស់រយៈពេល ២ថ្ងៃ ទៀតផង ។

ក្នុងដំណើរតាមអាកាស នៅលើបាឡុងខ្យល់នេះ ទីបំផុត លោក Fedor បានចុះមកលើដី បានជោគជ័យហើយ ក្រោយរយៈពេល ១១ថ្ងៃ នៅក្នុងទឹកដី នៃប្រទេសអូស្រ្តាលី។ យោងតាមប្រភពបានបង្ហាញថា លោក Fedor មិនខ្វល់ទៅលើរឿងកំណត់ត្រាចាស់នោះទេ អ្វីដែលគាត់សប្បាយចិត្តនោះ គឺគាត់បានបំបែកកំណត់ត្រា និងបានត្រលប់មកងូតទឹកវិញ ក្រោយពីខកខានមិនបានងូតទឹករយៈពេល ២សប្តាហ៍ទៅហើយ ។

គួររំលឹកផងដែរថា លោក Fedor បានចេញដំណើរដំបូង ដោយចាប់ចេញពីទីក្រុង Perth ប្រទេសអូស្រ្តាលី ដោយបានឆ្លងកាត់ឧបទ្វីប និងប្រទេសជាច្រើនដូចជា ចេញពីទ្វីបអូស្រ្តាលីឆ្លងរហូតដល់មហាសមុទ្រប៉ាស៊ីហ្វិចខាងត្បូង ដូចជាប្រទេសឈីលី អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ និងប្រេស៊ីល ជាដើម ។ គាត់បានធ្វើដំណើររហូតដែលបីហាក់ដូចជា វិលជុំវិញផែនដី មកដល់ប្រទេសអូស្រ្តាលីវិញ ក្នុងរយៈពេល ១១ថ្ងៃ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]