ប្រេស៊ីល៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តការណ៍ Olympic នឹងចាប់ផ្តើមដំណើរការជាផ្លូវការ ដែលមានអត្តពលិកជាច្រើន មកពីបណ្តាប្រទេសជុំវិញពិភពលោក ចូលរួមធ្វើការប្រកួតទៅតាមវិញ្ញាសារផ្សេងៗគ្នា។ ព្រឹត្តការណ៍ Olympic ឆ្នាំ២០១៦ ឆ្នាំនេះ នឹងប្រារព្ធឡើងនៅទីក្រុង Rio ប្រទេសប្រេស៊ីលវិញម្តង ប៉ុន្តែព្រឹត្តការណ៍ Olympic នៅប្រទេសប្រស៊ីលឆ្នាំនេះ កំពុងជួបប្រទះ នឹងបញ្ហាប្រឈម ដោយសារតែសំរាមពាសវាលពាសកាល ពេញទឹកពេញដី ដែលធ្វើឲ្យអត្តពលិក ជាច្រើន កំពុងព្រួយបារម្ភ ពីបញ្ហាសុខភាពរបស់ពួកគេ។

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ រូបភាពជាច្រើនសន្លឹក បានបង្ហាញពីភាពកខ្វក់នៃបរិស្ថាន ជាពិសេសនៅលើផ្ទៃសមុទ្រនៅក្នុងតំបន់ Ganabara Bay ដែលបង្កឡើងដោយសំរាមពាសពេញ ធ្វើឲ្យអត្តពលិកដែលពាក់ព័ន្ធ នឹងកីឡាដែលទាក់ទងនឹងវិញ្ញាសារទឹក ត្រូវបានហាមមិនឲ្យមុជក្បាលចូលក្នុងទឹក ។ តំបន់ Ganabara Bay ក្នុងប្រទេសប្រេស៊ីលនេះដែរ គឺជាទីកន្លែងទទួលរៀបចំវិញ្ញាសារ កីឡាជិះទូកក្តោង កីឡារត់ ហែលទឹកនិងជិះកង់ និងហែលទឹកម៉ារ៉ាតុង ប៉ុន្តែនៅលើផ្ទៃទឹក ត្រូវបានគេប្រទះឃើញសាកសព និងសំរាមពាសពេញទឹក ដែលអាចនឹងបង្កហានិភ័យដល់អត្តពលិក។

ដោយសល់តែប៉ុន្មានថ្ងៃមុននឹងព្រឹត្តការណ៍ចាប់ផ្តើម ក្រលេកមកមើលទីក្រុង Rio de Janeiro វិញម្តង គឺថា ក៏កំពុងតែទទួលរងនូវភាពកខ្វក់បរិស្ថានដូចគ្នា ដូចជា កាកសំនល់ផ្សេងៗ សត្វល្អិត ទឹកលូដែលមានក្លិន ដែលនេះអាចបង្កជាមេរោគ និងបាក់តេរីផ្សេងៗដល់អ្នកចូលរូម ជាពិសេស សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសប្រេស៊ីលផ្ទាល់ ក្នុងព្រឹត្តការណ៍ Olympic នេះតែម្តង ដោយត្រូវបានគេរំពឹងទុកថា នឹងមានប្រហែលប្រមាណជាង ៣០មឺុននាក់ ទៅ៥០មឺុននាក់ ចូលរួម។

យោងតាមអ្នកជំនាញបានស្រាវជ្រាវឲ្យឃើញថា សំរាមដ៏ច្រើនសន្ធឹក នៅតាមតំបន់ និងនៅលើផ្ទៃទឹកនេះ អាចនឹងបង្កជាហានិភ័យ ឬមេរោគ និងជម្ងឺផ្សេងៗដល់អត្តពលិកប្រមាណជាង ១,៤០០នាក់ ដោយសារតែភាពកង្វក់បរិស្ថាន មិនថែមតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចប្រឈមនឹងបញ្ហានេះដូចគ្នាដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]