(ភ្នំពេញ)៖ កីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី ត្រូវប្រជែងទល់នឹងអត្តពលិកមកពីជុំវិញពិភពលោក ១៥​ប្រទេស​ផ្សេង​ទៀត ក្នុង​ការ​​ដណ្តើម​យក​មេ​ដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក រដូវ​ក្តៅ Rio 2016 នៅប្រទេស ប្រេស៊ីល ដែលចាប់ផ្តើមសម្ពោធក្នុង​សប្តាហ៍​នេះ​ហើយ​។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន និងជានាយកបេសកកម្មផងនោះបាន​ថ្លែង​ប្រាប់ Khmertalking តាម​ទូរ​ស័ព្ទ​ពី​ប្រទេស​ប្រេ​ស៊ីល​ថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នឹងប្រកួតកីឡាតេក្វាន់ដូ វិញ្ញាសាទម្ងន់ +៦៧គីឡូក្រាម ដែលមានអត្តព​លិក​មក​ពី​១៦​ប្រទេស​ចូល​រួម​ក្នុង Olympic Games 2016 ដោយ​មាន កីឡាការិនីមកពីប្រទេសចិន នេប៉ាល់ ហ្វីលីពីន និងកម្ពុជា មកពីទ្វីបអាស៊ី។

លោកបានបន្តទៀតថា ក្រៅពីនេះមានមកពីប្រទេសអង់គ្លេស បារាំង ហូឡង់ ម៉ិចស៊ិក កូដឌីវ័រ ស៊ែប៊ី ន័រវ៉េ និងប្រទេសផ្សេងៗទៀត ក្នុង​កា​រ​ចូល​រួម​ប្រកួត​យក​មេ​ដាយ ដោយ​អត្ត​ពលិក​ណា​ចាញ់ នឹងហាលអាវតែម្តង គ្រាដែលអ្នកឈ្នះ នឹង ឡើងទៅកាន់វគ្គ ៨​នាក់​ចុង​ក្រោយ​តែ​ម្តង​។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ លើកទី៣១ នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៥ ដល់ថ្ងៃ ទី​២១ ខែ​សីហា ឆ្នាំ​២០១៦ មាន​អត្ត​ពលិក​ជាង ១០​៥០០​នាក់ មក​ពី​ជាង ២០០ប្រទេសចូលរួម ដើម្បីដណ្តើមយក មេដាយពីយុទ្ធនាការដែលមានរយៈពេល ៤​ឆ្នាំ​ម្តង​ទៅ​លើ ២៨​ប្រភេទ​កីឡា ក្នុង​​នោះ​​កម្ពុជា​ក៏​មាន​៤ប្​រភេទ​កីឡា​ចូល​រួម​នឹង​គេ​ដែរ គឺកីឡាតេក្វាន់ដូ ហែលទឹក អត្តពលកម្ម និងកីឡាចំបាប់៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស៊ន សៀវម៉ី ទម្លាយរឿងស្នេហា ៥ឆ្នាំ ជាសាធារណៈ គួររំលឹកផងដែរថា កាលពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ កីឡាការិនី តៃក្វាន់ដូ ជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានទទួលមេដាយមាស បន្ទាប់ពីប្រកួតឈ្នះ កីឡាកា រិនីអ៊ីរ៉ង Rouhani Fatemeh ក្នុងទម្ងន់៧៣គីឡូក្រាម ដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាង កាន់តែល្បីរន្ទឺ ទាំងក្នុងសង្គម និងវិស័យកីឡា។

រយៈពេលជិត ២ឆ្នាំនេះ កីឡាការិនី ស៊ន សៀវម៉ី ក៏បានចូលរួមប្រកួត ក្នុងកម្មវិធីផ្សេងៗទៀត ដែលនៅក្នុងនោះ កីឡាការិនីរូបនេះ នឹងមានវត្ដមាននៅក្នុង ការប្រកួតកីឡាអូឡាំពិក(Olympic Games) ឆ្នាំ២០១៦នេះផងដែរ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយពីបញ្ចប់ការប្រកួតជម្រុះទ្វីបអាស៊ី នៅហ្វីលីពីន តាមការវាស់ស្ទង់សមត្ថភាពកីឡាការិនីទាំង ១៦នាក់ ដែលដណ្ដើមបានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក(Olympic Games) ឆ្នាំ២០១៦ លើប្រភេទទម្ងន់ ៦៧គីឡូក្រាមឡើង វិរៈកីឡាការិនី ស៊ន សៀវម៉ី មានប្រៀបជាងដៃគូប្រកួត ៦នាក់ ដែលត្រូវជួបគ្នាក្នុងជុំផ្ដាច់ព្រ័ត្រនៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហា ខាងមុខនេះ ហើយសម្រាប់វិញ្ញាសាកីឡាតេក្វាន់ដូទម្ងន់លើស ៦៧គីឡូក្រាមនារី មានកីឡាការិនី ១៦នាក់ប៉ុណ្ណោះចូលរួម ប៉ុន្ដែមិនមានវត្តមានកីឡាការិនីកូរ៉េចូលរួមក្នុងប្រភេទទម្ងន់នេះឡើយ ។ ការអវត្តមានកីឡាការិនីកូរ៉េ គឺជាក្ដីសង្ឃឹមមួយ សម្រាប់កីឡាការិនី ស៊ន សៀវម៉ី ឆ្ពោះទៅរកមេដាយជូនជាតិ ប៉ុន្ដែក៏មានកីឡាករលេខ១ ឬលេខ២ កម្រិតពិភពលោក ពិសេសគឺកីឡាការិនីចិនតែម្ដង ក៏ចូលរួមផងដែរ ។ ហេតុនេះ សៀវម៉ី ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានល្អបំផុត ទើបទទួលបានលទ្ធផលល្អប្រសើរ បើទោះបីគេមានកម្រិតសមត្ថភាពលើគូប្រកួតរបស់ខ្លួនមួយចំនួនក៏ដោយ ។ លើសពីនេះ សៀវម៉ី ក៏ត្រូវបំប៉នការហ្វឹកហាត់ កម្លាំងកាយឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី