អាមេរិក៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមអ្នកស្រុករស់នៅក្នុងរដ្ឋ Maryland ជាច្រើននាក់ បាននាំគ្នាស្វះស្វែង ធ្វើយ៉ាងណារកវិធីសាស្រ្ត ដើម្បីចូលជួយនារីរងគ្រោះម្នាក់ ដែលជាប់គាំងនៅក្នុងរថយន្ត ក្នុងអំឡុងពេលមាន គ្រោះទឹកជំនន់ធ្ងន់ធ្ងរមួយ កើតឡើងក្នុងតំបន់ Elliciott City រដ្ឋ Maryland សហរដ្ឋអាមេរិក។

យោងតាមប្រភពបានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ យ៉ាងហោចណាស់ មនុស្ស២នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារ ដោយព្យុះផ្គរ រន្ទះ ជាហេតុបង្កទៅជាទឹកជំនន់ជន់លិច ស្ថិតនៅភាគកណ្តាលនៃរដ្ឋ Maryland ។

ដោយឡែក តាមរយៈវីដេអូឃ្លីប ដែលបានបង្ហោះចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយម្ចាស់អាជីវកម្មក្នុងស្រុកម្នាក់ ប្រើគណនីឈ្មោះ Sarah Arditti បានឲ្យដឹងថា នារីមិនស្គាល់អត្តសញ្ញាណម្នាក់ ស្ទើរតែត្រូវបាន កម្លាំងទឹកដែលហូរបោកបក់ យ៉ាងលឿនគួចយកទៅបាត់ ខណៈដែលនាងព្យាយាមបើកបរ រថយន្តឆ្លងកាត់ទឹកជំនន់ ដែលកំពុងជន់លិច និងហូរបោកបក់ខ្លាំង។

គណនីខាងលើ បានសរសេរទៀតថា ភ្លាមៗនោះ អ្នកស្រុករស់នៅក្បែរតំបន់ កើតហេតុខាងលើ បានស្រែកប្រាប់ឲ្យនាង ចុះចេញពីលើរថយន្ត ខណៈមានមនុស្សប្រមាណជា ៤នាក់ផ្សេងទៀត បានកាន់ដៃតៗគ្នាយ៉ាងសស្រាក់ ដើរឆ្លងកាត់ផ្ទៃទឹក ដែលកំពុងហូរបោកបក់ខ្លាំង ដើម្បីជួយសង្គ្រោះនារីរងគ្រោះ ចេញពីរថយន្ត ហើយជាលទ្ធផលនារីរងគ្រោះ ក៏រួចផុតជីវិត ពីហេតុការណ៍រន្ធត់នេះផងដែរ។

ជាមួយគ្នានេះដែរ បើការឲ្យដឹងពីមន្រ្តីក្នុងតំបន់ លោក Kittleman និយាយថា ទឹកជំនន់ដែលបានកើតឡើងក្នុងតំបន់ Ellicott City នេះ ធ្លាប់បានបោកបក់ មកលើតំបន់ពាណិជ្ជកម្មនេះម្តង ដោយព្យុះ Hurricane Agnes កាលពីអំឡុងឆ្នាំ ១៩៧២ មានចម្ងាយប្រមាណជា ៥៦គីឡូម៉ែត្រ ភាគខាងជើង ពីរដ្ឋវ៉ាស៊ីនតោនដែលបានបំផ្លិចបំផ្លាញអស់ នូវទ្រព្យសម្បត្តិជាច្រើន។

លោកបន្តថា «ខ្ញុំស្ទើរតែមិនជឿសោះ ថាទឹកជំនន់ដែលបង្កឡើង ដោយព្យុះភ្លៀងនេះ បានកើតឡើងជាថ្មីម្តងទៀត ក្នុងរយៈតែមួយយប់សោះ ហិនហោចមិនស្ទើរ រួមទាំងផ្លូវជាតិ សំខាន់ៗថែមទៀតផង។ ដោយឡែក ចំណែកសាកសព អ្នកដែលបានស្លាប់ ២នាក់ ក្នុងហេតុការណ៍នេះ ត្រូវបានរកឃើញហើយ ប៉ុន្តែមិនទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយនោះទេ។ ក្នុងនោះមាន នារីម្នាក់ និងបុរសម្នាក់ផងដែរ»

គួរឲ្យដឹងថា នេះគឺជាប្រវត្តិសាស្រ្តនៃតំបន់ Ellicott City ហើយ ដែលទទួលរងមហន្តរាយ យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការវាយប្រហារ ពីព្យុះផ្គរនេះ ព្រោះទីតាំងនៃតំបន់នេះ គឺជាតំបន់ពាណិជ្ជកម្មមួយឈានមុខ ខណៈថ្មីៗនេះត្រូវបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់ ដ៏កាចសាហាវមួយនេះ ៕    

ទស្សនាវីដេអូ៖

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]