ជំនឿបានឆ្លាក់ជាប់នៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរយើង តាំងពីយូរលង់ណាស់មកហើយ។ ហើយវាក៏មិនដែលសាបសូន្យដែរ នៅក្នុងចិត្តរបស់ពួកគាត់។ ជាក់ស្តែងថ្ងៃនេះ ខ្មែរឡូត សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ទៅស្គាល់ពីប្រភេទរុក្ខជាតិមួយចំនួន ដែលប្រជាជនខ្មែរយើងនិយមដាំ និងមានជំនឿថានាំឱ្យមានសិរីសួស្តីចូលមកដល់ក្នុងផ្ទះ។

ជួបជាមួយអ៊ំស្រីសុភាពជាអ្នកដែលមានជំនឿ ទៅលើរុក្ខជាតិដែលមាន សិរីមង្គលនេះ និងនិយមដាំវានៅជុំវិញផ្ទះផង អ៊ំស្រីបានរៀបរាប់ប្រាប់ក្រុមការងារ Khmerload យើងដូចតទៅនេះថា៖

#ប្រភេទរុក្ខជាតិដំណាំហូបផ្លែ៖

១. ដើមទទឹម៖ តាមជំនឿគាត់បានដាំមុខផ្ទះ និងត្រូវស្ថិតនៅទិសខាងកើតនៃ កាំជណ្តើរផ្ទះរបស់គាត់។ អ៊ំស្រីមានជំនឿថា ដើមទទឹមនេះបាននាំនូវសិរីមង្គលដល់ សមាជិកនៅក្នុងក្រុមគ្រួសារ ហើយប្រសិនបើវាមានផ្លែផ្កាទៀតផងនោះ  គាត់ចំណាំថា នឹងមានលុយកាក់ទ្រព្យសម្បត្តិផ្សេងៗ ហូរចូលផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់។  ក្រៅពីនេះស្លឹកវា គេក៏អាចយកទៅឆុងទឹកពិសាបានដែរ ដើម្បីឱ្យមានសុខភាពល្អគ្មានជំងឺ។

២. ដើមស្វាយ៖ គាត់បានដាំនៅទិសខាងជើង មានជំនឿថាមានកូនចៅបរិវារ ស្រឡាញ់ចោមរោមច្រើន។

៣. ដើមដូង៖ គាត់មានជំនឿថា ត្រូវដាំនៅខាងមុខផ្ទះទិសខាងកើតដែរ ដើម្បីឱ្យកើតសិរីមង្គលដល់អ្នកដែលស្នាក់អាស្រ័យនៅក្នុងផ្ទះទាំងអស់គ្នា។

៤. ដើមទឹកដោះគោ៖ ធម្មតាមនុស្សយើងក៏អាចរស់រានមានជីវិត បានដោយសារ ទឹកដោះ ដូច្នេះយោងតាមឈ្មោះនៃរុក្ខជាតិនេះ អ៊ំស្រីមានជំនឿថា នាំឱ្យគ្រួសារគាត់ មានភាពសម្បូរសប្បាយទាំងលុយកាក់ នំចំណីសព្វគ្រប់បែបយ៉ាង។ គាត់បានដាំវានៅខាងមុខផ្ទះ ព្រោះកាលណាមានផ្លែផ្កាគាត់ក៏មានជំនឿដែរថា មនុស្សនៅជិតខាងភូមិផងរបងជាមួយ នឹងនិយមមានសេចក្តីអាណិតស្រឡាញ់ រាប់អាន ជួយយកអាសារគ្រប់ៗគ្នាជាប់ជានិច្ចឥតដាច់នោះទេ។

#ប្រភេទរុក្ខជាតិដាំលម្អ៖

១. ដើមចំប៉ីក្រហម៖ ដើមនេះក្រៅពីបានជួយលម្អគេហដ្ឋានហើយ គាត់ក៏មានជំនឿ ថាវាជាដើមរុក្ខជាតិ ដែលមានមង្គលជោគសិរីទាក់ទាញអ្នកផង ឱ្យស្រឡាញ់អាណិត ព្រោះភាគច្រើន វាក៏ត្រូវបានទទួលសេចក្តីរាប់អាន ដាំតែនៅក្នុងផ្ទះអ្នកមានមុខមាត់ មានទ្រព្យសម្បត្តិស្តុកស្តម្ភតែប៉ុណ្ណោះ។

២. ដើមក្តោប៖ ដើមនេះគាត់ដាំនៅខាងមុខផ្ទះ អមច្រកខ្លោងទ្វារចូលទាំងសងខាង ព្រោះគាត់មានជំនឿថា ពេលណាដើមនេះលូតឡើង ទៅលើកាន់តែខ្ពស់រាសីម្ចាស់ផ្ទះ ក៏លូតឡើងតាមជាលំដាប់ដែរ។ ហើយគាត់បានបញ្ជាក់ថា គ្រួសារដែលមានជីវភាព ធូធារគេក៏តែងដាំដែរ ដើម្បីលម្អផ្ទះ និងជួយលើកជោគជតារាសីខ្លួនឱ្យឡើង ដូចជាដើមនេះផង។

៣. ដើមសារិកា៖ ផ្កាវាមានពណ៌ស បើវារីកច្រើនមានន័យថា ក្នុងគ្រួសារនឹងរស់នៅ ដោយមានក្តីសុខ គ្មានការឈ្លោះប្រកែកទាស់ទែងគ្នា។

៤. ដើមតែ៖ អ៊ំស្រីជឿថា វាជារុក្ខជាតិ ដែលមានតម្លៃម្យ៉ាងដែលមានតែគ្រួសារអ្នក អភិជន ឬទីកន្លែងគាប់ប្រសើរទេ ទើបគេនិយមដាំដែលភាគច្រើន គេបានកាត់មែកវា ឱ្យមានរូបរាងមូល ឬជ្រុងតាមតម្រូវការ។ ដូច្នេះបើដាំវានៅក្នុងផ្ទះនឹងមានសិរីជួយ លើកកិត្តិយសម្ចាស់ផ្ទះដែរ។

៥. ដើមលុយ៖ មានជំនឿថានឹងមានលុយហូរចូលផ្ទះជាច្រើនប្រសិនបើវាមានផ្កា ឬបើទោះជាគ្មានផ្កាក៏ដោយ ក៏គាត់ជឿថាអ្នកដាំនឹងមានលុយចាយដូចជាឈ្មោះវា ដូច្នោះដែរ។

ក្រៅពីនេះនៅផ្ទះអ៊ំសុភាពក៏មានដាំប្រទាលមួយចំនួនផងដែរ ដែលគាត់ជឿជាក់ថា វានាំមកនូវសិរីសួស្តីចំពោះគេហដ្ឋាន៖

#ប្រភេទប្រទាល៖

១. ប្រទាលមានបាន៖ គាត់មានជំនឿថា នឹងមានសិរីសួស្តីដល់ផ្ទះរកស៊ីមានបាន ដូចឈ្មោះប្រទាលនេះដែរ។

២. ប្រទាលជញ្ជាំង៖ គាត់មានជំនឿថាប្រទាលនេះអាចបាំងក្លិនស្អុយបានយ៉ាងមាន ប្រសិទ្ធភាព ប្រសិនបើដាំបាំងនៅទិសខាងណាដែលមានក្លិនមិនល្អ។

៣. ប្រទាលកន្ទុយក្រពើ៖ តាមសម្តីអ៊ំស្រីគាត់បាននិយាយថា ជំនឿតាំងពីដើមរៀងមក ជឿថាគេមិនឱ្យដាំប្រទាលនេះនៅបរិវេណដីក្នុងផ្ទះនោះទេ ព្រោះប្រទាលនេះឈ្មោះ ជាក្រពើ គេគិតថាវាជាសត្វសាហាវគ្មានសិរីមង្គល ជាពិសេសគឺចៀសវាងការដាំនៅ កណ្តាលដី។ ប៉ុន្តតាមការពិតបើដាំប្រទាលនេះនៅក្នុងផ្ទះ គឺល្អវិសេសវិសាលណាស់ ព្រោះវាគឺប្រភេទរុក្ខជាតិឱសថ ដែលមានអត្ថប្រយោជន៍ជាច្រើនមុខសម្រាប់សុខភាព។

៤. ប្រទាលគុជខ្យង៖ ផ្កា និងផ្លែរបស់វាមានពណ៌សដូចជាគុជខ្យងអញ្ចឹង នៅពេលយប់ប្រសិនបើវាមានផ្កាច្រើនវិញ វាមានក្លិនប្រអូបឈ្ងុយឈ្ងប់ដូចជា នៅលើឋានសួគ៌យ៉ាងដូច្នេះដែរ។

៥. ប្រទាលរំសាយសក់៖ តាមជំនឿគាត់យល់ថា កាលពីដើមតាំងពីយូរលង់ណាស់ មកហើយនៅក្នុងរឿងព្រេងបុរាណខ្មែរយើង នាងរំសាយគឺជាទេពធីតាមួយព្រះអង្គ ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យ លើសស្រីនានានៅក្នុងលោក។ ហេតុដូច្នេះបើ មានប្រទាលនាងរំសាយសក់ ដាំនៅក្នុងផ្ទះហាក់ដូចជាមានទេពធីតា មកគង់នៅចាំ ថែរក្សាផ្ទះយើងឱ្យមានសេចក្តីសុខ ក្សេមក្សាន្តយ៉ាងដូច្នោះឯង។

៦. ប្រទាលហុងកុង៖ វាមានរូបរាងស្រស់ស្អាត គាត់និយមដាំលម្អ និងជឿថាជួយ រក្សាទ្រព្យក្នុងផ្ទះ។

៧. ប្រទាលព្រះខ័ន៖ គាត់ច្រើនដាំដើមនេះ នៅតាមរបងផ្ទះ ព្រោះគាត់មានជំនឿថា វាជួយការពារសត្រូវដែលមានគំនិត ប៉ុនប៉ងអាក្រក់មកលើខ្លួនពីគ្រប់ទិសទី។ ដូច ឈ្មោះព្រះខ័ននេះ គឺជាអាវុធដ៏ពូកែស័ក្តិសិទ្ធិរបស់ព្រះរាជា ឬអ្នកខ្លាំងពូកែណាម្នាក់។

៨. ប្រទាលឆ្អឹង៖ ដោយសារប្រទាលប្រភេទនេះ មានរូបរាងដូចជាឆ្អឹង ហេតុនេះទើប គេដាក់ឈ្មោះវាថាប្រទាលឆ្អឹង និងមានជំនឿថាមិនឱ្យដាំវានៅ មុខផ្ទះទេគួរដាំនៅ ខាងក្រោយផ្ទះវិញ។ ហើយវាក៏អាចព្យាបាលជំងឺថ្លោះគ្រិច ឬភ្លាត់ឆ្អឹង បានយ៉ាងពូកែ ស័ក្តសិទ្ធិ ឬបើមានសត្វល្អិតទិចខាំក៏អាចយកទៅញីបាត់ផងដែរ។

ងាកមកជួបបងស្រី សុជាតិ បច្ចុប្បន្នមានអាជីពជាគ្រូបង្រៀននៅអនុវិទ្យាល័យ ឯណេះវិញ ក៏បានប្រាប់ផងដែរពីរុក្ខជាតិ ឈើហូបផ្លែដែលនាំសិរីមង្គលនេះថា៖

១. ដើមមាន៖ បងស្រីមានជំនឿថា វានាំលាភសំណាង នាំមាសប្រាក់ចូលផ្ទះ ដូចជាឈ្មោះវាដែរ ជាពិសេសពេលវាចេញផ្លែផ្កា។

២. ដើមសាគូរ៉ា៖ ភាគច្រើនគាត់ដាំនៅខាងមុខផ្ទះ ព្រោះពេលដែលវាមានផ្កាគឺស្រស់ ស្អាតណាស់ និងម្យ៉ាងទៀតក៏តំណាង ឱ្យមានលុយកាក់ហូរចូលផ្ទះច្រើន ប្រៀបដូចជា ដើមលុយយ៉ាងដូច្នោះដែរ។ នៅស្រុកយើងវាច្រើនចេញផ្កានៅខែមិនា ឬមេសាមុនចូលឆ្នាំខ្មែរ។ តែបើវាចេញផ្កានៅចំពេលថ្ងៃចូលឆ្នាំខ្មែរវិញ បងស្រីជឿថាគ្រួសារនឹងមានសេចក្តីសុខ មានលុយចាយហូរហែ។

២. ដើមកន្ទួត៖ គាត់ដាំវានៅខាងលិចផ្ទះ ព្រោះវាមានរសជាតិជូរ មិនឱ្យដាំនៅខាង មុខផ្ទះឡើយ។ ប៉ុន្តែគាត់ក៏មានជំនឿថាមានញាតិមិត្តស្រឡាញ់រាប់អានមកពី គ្រប់ទិសទី។

៤. ដើមរាជឆ្ពឹះ ឬរាជព្រឹក្ស៖ ដើមនេះក៏មានមង្គលដូចជាដើមផ្សេងៗដែរ ជាពិសេស នៅរដូវចូលឆ្នាំប្រពៃណីខ្មែរយើង ចាស់ៗមួយចំនួន និងបងសុជាតិយល់ថា​ប្រសិនបើវាមានផ្កាពណ៌លឿងរីកចេញមកច្រើនស្គុះស្គាយនោះក៏មានន័យថា គ្រួសារយើងនឹងមានលាភសំណាង មានលុយកាក់សម្បូរសប្បាយណាស់។

ចុងក្រោយជួបជាមួយបងប្រុសសុខធឿន គាត់ក៏បាន ប្រាប់យើងថានៅផ្ទះគាត់ក៏ មានដាំរុក្ខជាតិមួយចំនួនផងដែរ ហើយគាត់មានជំនឿ ថាវាបាននាំជោគលាភ និងមង្គលសិរីមកជាបន្តបន្ទាប់ដូចជា៖

១. ដើមផ្កាអូគីដេ៖ បងប្រុសបានដាំវាដាក់ព្យួរនៅខាងមុខតូបរកស៊ីលក់ដូររបស់គាត់ ដើម្បីលម្អផង និងមានជំនឿថាវានាំភ្ញៀវមកចូលហាងបានកាក់កបជារៀងរាល់ថ្ងៃ។

២. ដើមខ្នុរ៖ គាត់បានដាំនៅក្នុងបរិវេណផ្ទះ និងមានជំនឿថាដើមខ្នុរនេះអាចជួយ ទប់ស្កាត់គ្រោះចង្រៃ ការពារឋានៈយសសក្តិរបស់គ្រួសារឱ្យនៅគង់វង្សល្អផ្ចាញ់សត្រូវ អាក្រក់ផ្សេងៗ។

ក្រៅពីនេះនៅផ្ទះបងប្រុសក៏មានដាំដើមចេកដែលស្ថិតនៅទិសខាងកើតនឹងកើតសិរីសួស្តី ដល់ផ្ទះសម្បែង ឯដើមពុទ្រា ឬរុក្ខជាតិនានាដែលមានបន្លាវិញត្រូវដាំនៅទិសខាងលិច ទាំងអស់ដើម្បីឱ្យវាលិចទៅតាមថ្ងៃ ហើយនាំមង្គលសិរីចូលមកក្នុងផ្ទះវិញ។

សរុបមកនេះគឺជាជំនឿបុគ្គលទាក់ទងទៅនឹងជំនឿខ្មែរលើរុក្ខជាតិ។ ចុះប្រិយមិត្តវិញមានមតិយោបល់យ៉ាងណាដែរ ឬមានការយល់ឃើញដូចម្តេចវិញ ចំពោះរុក្ខជាតិទាំងនេះ? ចូលរួមចែករំលែកទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]