ចិន៖ ស្របពេលថ្មីៗនេះ ប្រទេសចិន កំពុងតែទទួលរងសីតុណ្ហភាពក្តៅខ្លាំង រហូតឡើងដល់ ៤០អង្សាសេ មនុស្សជាច្រើន បាននាំគ្នាចុះហែលទឹក កកកុញពេញផ្ទៃសមុទ្រ ខណៈក្មេងប្រុស ដ៏គួរឲ្យកំសត់ម្នាក់នេះវិញ បានដើររើសកាកសំណល់ បាក់បែកឬ សំបកកំប៉ុងជាដើម ក្រោមកម្តៅថ្ងៃចែស ដោយសង្ឃឹមថា នឹងបានប្រាក់គ្រប់គ្រាន់ ដើម្បីជួយព្យាបាល ម្តាយចុងដែលកំពុងតែ ទទួលរងជំងឺមហារីកផងដែរ។

ប្រភពបានឲ្យដឹងថា ក្មេងប្រុស Wang Zheng អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ ក្នុងតំបន់ Nayang ខេត្ត Henan ប្រទេសចិន។ ក្រោយពីម្តាយរបស់ Wang បានលែងលះជាមួយនឹងស្វាមី រួចចាកចេញពីគ្រួសារមក ជាហេតុធ្វើឲ្យជីវភាពក្នុងគ្រួសារទាំងមូល គឺត្រូវធ្លាក់បន្ទុកទៅលើ ឪពុករបស់ Wang ជាអ្នកទំនុកបម្រុង ដែលតម្រូវឲ្យឪពុក Wang ចាកឆ្ងាយពីផ្ទះ ទៅធ្វើការនៅឯក្នុងទីក្រុង។

គួរឲ្យដឹងថា គ្រួសារមួយនេះ កាន់តែធ្លាក់ក្នុងស្ថានភាពតោកយ៉ាងខ្លាំង គឺចាប់តាំងពីលោកយាយរបស់ Wang បានធ្លាក់ខ្លួនឈឺធ្ងន់ ទើបធ្វើឲ្យលុយរកបាន​ និងសន្សំប៉ុន្មានក្នុងគ្រួសារកន្លងមក ត្រូវចំណាយទៅលើ វិក័យប័ត្រពេទ្យអស់ស្ទើរគ្មានសល់។ ខណៈដែលឪពុករបស់ Wang ខិតខំធ្វើការងារ យ៉ាងលំបាកលំបិន ដើម្បីសងបំណុលដែលជំពាក់គេ ផងដែរ។

ចំណែកឯ Wang វិញត្រូវបានមើលថែ យ៉ាងយកចិត្តទុកដាក់ ដោយលោកតារបស់គេ រហូតដល់មានវត្តមានម្តាយចុងថ្មី បានចូលមកក្នុងជីវិតរបស់គេ ហើយម្តាយចុងរបស់ Wang ស្រលាញ់ មើលថែយកចិត្តទុកដាក់លើ Wang ប្រៀបបីដូចកូនបង្កើតផងដែរ ។ គាត់តែងតែធ្វើអ្វីៗទាំងអស់ ដើម្បីបំពេញតម្រូវការខ្វះខ្វាតឲ្យទៅ Wang ចាប់តាំងពីម្តាយរបស់គេ បានចាកចេញពីគេមក។

ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវមិនល្អនៅតែ កើតឡើងដដែល ក្នុងគ្រួសារមួយនេះ ខណៈដែលម្តាយចុង របស់ Wang បានធ្វើរោគវិនិច្ឆ័យ រកឃើញថាមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ។

ជាការពិតណាស់ ក្មេងប្រុសវ័យ ១២ឆ្នាំរូបនេះ ហេតុតែខ្លួននៅក្មេង Wang មិនបានដឹងច្រើន ពីជំងឺដ៏កាចសារហាវមួយនេះ ដែលអាចសម្លាប់ម្តាយចុង ជាទីស្រលាញ់របស់គេនៅថ្ងៃណាមួយនោះទេ ឬសូម្បីតែការចំណាយទៅលើ ថ្លៃវិក័យប័ត្រពេទ្យ ដែលមានចំនួនទឹកប្រាក់ យ៉ាងច្រើនរហូតដល់ទៅ ១០០,០០០យ័ន (ប្រហែលជា ១៥,០៦១ដុល្លារអាមេរិក) ក៏ក្មេងប្រុសរូបនេះ មិនដឹងថាវាច្រើនប៉ុណ្ណានោះផង។ ប៉ុន្តែអ្វីដែល Wang ដឹងនោះ ដឹងត្រឹមថា ធ្វើយ៉ាងណាដើម្បី បានប្រាក់សន្សំទុក ដោយសង្ឃឹមថា នឹងអាចជួយព្យាបាលម្តាយ របស់គេបានផងដែរ។

Wang បាននិយាយរៀបរាប់ ឲ្យដឹងថា «ម៉ាក់ចុងខ្ញុំ និងលោកតារបស់ខ្ញុំ ស្រលាញ់ មើលថែខ្ញុំបានយ៉ាងល្អ។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ប្រសិនណាបើម៉ាក់ចុងរបស់ខ្ញុំ មិនទទួលការព្យាបាលជាបន្ទាន់នោះទេ គាត់នឹងត្រូវស្លាប់ជាមិនខាន។ ខ្ញុំស្រលាញ់គាត់ណាស់ ខ្ញុំមិនចង់ឲ្យគាត់ស្លាប់នោះទេ ហើយខ្ញុំក៏មិនអនុញ្ញត ឲ្យគាត់ចាកចេញទៅឆ្ងាយ ពីខ្ញុំបានដែរ»

ផ្ទុយទៅវិញ ដោយសារតែរឿងរ៉ាវ ដ៏គួរឲ្យកំសត់មួយនេះហើយ ទើបបណ្តោយចិត្ត ឲ្យក្មេងប្រុសរូបនេះ សុខចិត្តដើរហាលថ្ងៃបែកញើស រើសកាកសំណល់ផ្សេងៗ តាមដងផ្លូវជាច្រើនដូចជា កំប៉ុងជាដើម ស្របពេលដែលសីតុណ្ហភាពកម្តៅ នៅប្រទេសចិនកំពុងតែ កើនឡើងក្តៅខ្លាំងក៏ដោយ ក៏ក្មេងប្រុសរូបនេះ សង្ឃឹមថាខ្លួននឹងអាចសន្សំប្រាក់ បន្តិចបន្តួចនោះ ដើម្បីជួយព្យាបាលម្តាយរបស់ខ្លួនបាន។ ក្នុងនោះចំណូលដែល Wang ដែលបានពីការដើររើសអេតចាយនោះ មួយថ្ងៃបានប្រមាណតែ ២.៥យ័ន តែប៉ុណ្ណោះ (ប្រហែលជា ១,៥០០រៀល ឬ ០.៣៧ដុល្លារ) ។

ខណៈពេលដែល Wang ដើររើសអេតចាយតាមដងផ្លូវនោះ គេឃើញថា Wang បានពាក់ក្រដាសកាតុងមួយជាប់នៅនឹងក ដោយមានសរសេរថា «សូមជួយម៉ាក់ចុងខ្ញុំ និងគ្រួសាររបស់ខ្ញុំផង!» ហើយក្នុងនោះក៏មានការពិពណ៌នា ពីរឿងរ៉ាវដ៏ក្រៀមក្រំរបស់គ្រួសារ របស់គេ Wang បន្ថែមទៀត នៅលើក្រដាសកាតុងនោះផងដែរ។

ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងអីុនធឺណែតជាច្រើន មួយចំនួនធំនាំគ្នា ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ក្រោយពីបានដឹងលឺនូវរឿងរ៉ាវ ដ៏គួរសោកសង្វេគរបស់ ក្មេងប្រុស Wang ។ ខណៈដែល អ្នកនិយមលេងអីុនធឺណែតមួយចំនួនធំ ក៏បានជះកំហឹងទៅលើ រដ្ឋាភិបាល ដែលមិនយកភ្នែកមើល ជួយដល់អ្នកដែលកំពុងតែខ្វះខាត ត្រូវការការព្យាបាលផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់ យ៉ាងណាដែរ?   

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ