(ភ្នំពេញ)៖​ បុរសជនជាតិចិនម្នាក់​ ស្រវឹងជោគជាំ បានបើករថយន្ដបុករបាំងដែក របស់សមត្ថកិច្ចដែលកំពុងត្រួតពិនិត្យ ជាតិអាល់កុលតាមដងផ្លូវ​ បាក់អស់២ផ្ទាំង​ រួចបើករត់គេចខ្លួន​ តែត្រូវបានសមត្ថកិច្ចដេញចាប់បានវិញ។

ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក​។

មន្ដ្រីនគរបាលចរាចរណ៍ ដែលនៅកន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ ខណ្ឌទួលគោក​ បានដាក់កម្លាំងត្រួតពិនិត្យ ជាតិអាល់កុលដូចសព្វមួយដង​ តែពេលកំពុងត្រួតពិនិត្យនោះ​ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក Luxes 330 ពាក់ស្លាកលេខ ភ្នំពេញ 2AE-9419​ ដែលបើកបរដោយបុរសជនជាតិចិនម្នាក់​ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចខាងលើ​ ដោយសារតែអ្នកបើកបរស្រវឹង​ ក៏បានរេចង្កូតទៅបុករបាំងដែក របស់សមត្ថកិច្ចអស់២​ផ្ទាំង​ ធ្វើឱ្យសមត្ថកិច្ចរត់ចែកជើងគ្នា​ រួចអ្នកបើកបរបានបើករត់គេចខ្លួន​ តែត្រូវកម្លាំងសមត្ថកិច្ចនាំគ្នាដេញចាប់បានវិញ​។ បន្ទាប់មកជនបង្ក​ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ក្រុង ​ដើម្បីចាត់ការតាមច្បាប់៕

ប្រភព៖ Fresh News

កំណត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីម្សិលមិញនេះដូចគ្នា ក៏មានជនជាតិចិនស្រវឹងស្រា បើករថយន្ត Lexus 570 បុកម៉ូតូមួយគ្រឿង ៣នាក់ម្តាយកូន​ បណ្តាលឲ្យរងរបួស

ក្មេងតូចៗ ២នាក់រងរបួសធ្ងន់ ដោយសារជនជាតិចិន មួយក្រុមដែលស្រវឹង​ បើករថយន្ត​ Lexus 570 ទៅបុកម៉ូតូមួយគ្រឿង​ ជិះគ្នា៣នាក់ម្តាយ និងកូន​ ចេញពីកោះពេជ្រនាម៉ោង១១៖​៣០នាទីយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៦​ ស្ថិតនៅក្នុងសង្កាត់​ ទន្លេបាសាក់ខណ្ឌចំការមន​ ភ្នំពេញ​ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅម៉ោងខាងលើគេបានឃើញ​ ជនជាតិចិនមួយក្រុម​សុទ្ធតែស្រវឹង​ បើករថយន្ត​ មួយគ្រឿង​ ម៉ាក​ Lexus 570 ពណ៌ស​ ស្លាកលេខភ្នុំពេញ2M-9158 ចេញពីម្តុំកោះពេជ្រ​ លុះមកដល់ត្រង់ស្ពាន​ ហង្ស​ ក៏មានម៉ូតូមួយគ្រឿងម៉ាក​PCX ដែលជិះគ្នា៣នាក់​ ម្តាយកូន​ មកដល់ធ្វើឲ្យ​ វ៉ាក់ជាមួយគ្នាក៏បានបុកគ្នាពេញទំហឹង​ ដែលបណ្តាលឲ្យកូនតូចៗ ២នាក់រងរបួសធ្ងន់​ ចំណែកម៉ូតូ​ និងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ​ ។

ក្រោយកើតហេតុ​ ភាគីខាងរថយន្ត​ ជជែកគ្នា​ និងសងសំណងទៅឲ្យភាគី ខាងម៉ូតូចំនួន​ ២៨០០ដុល្លា​រ​ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ​តែម្តងទៅ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]