ជប៉ុន៖ ភ្នំភ្លើង Sakurajima ដែលធ្លាប់តែស្ងប់ស្ងាត់ ក្រោយពីការផ្ទុះ លើកចុងក្រោយមួយ កាលពីក្នុងឆ្នាំ២០១៣ កន្លងមក ថ្មីៗនេះស្រាប់តែផ្ទុះ សាជាថ្មីម្តងទៀត ដែលមានសភាពកាចសហាវខ្លាំងជាងមុន លាយលំជាមួយនិងផ្សែងខ្មៅ ខ្មួលខ្មាញ់ លាយលំនឹងរន្ទះ បែកផ្កាភ្លើង ប៉ុន្តែសំណាងល្អ មិនបានបណ្តាលឲ្យ អ្នករស់នៅក្បែរតំបន់នោះ ណាម្នាក់រងរបួសឡើយ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ភ្នំភ្លើង Sakurajima ដែលមានទីតាំង ស្ថិតនៅលើឈូងសមុទ្រមួយកន្លែង ភាគខាងត្បូងកោះ Kyushu មានកម្ពស់ ១,១១៧ម៉ែត្រ ដែលជាភ្នំភ្លើងមួយ ធ្លាប់តែស្ងប់ស្ងាត់ អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ ២០១៣ មកម៉្លេះ តែកាលពីពេលថ្ងៃអង្គារ កន្លងទៅនេះ នៅវេលាម៉ោង ១២:០២នាទីព្រឹក ស្រាប់តែភ្នំភ្លើងមួយនេះ បានផ្ទុះឡើងសាជាថ្មីម្តងទៀត ដោយបាញ់ផ្សែងខ្មៅ ទៅលើផ្ទៃអាកាស ដែលមានកម្ពស់ រហូតដល់ទៅ ៥គីឡូម៉ែត្រ អមដោយទៅដោយផ្លេកបន្ទោរ និងកម្អែភ្នំភ្លើងជាច្រើនផងដែរ ។

ប្រភពបន្តថា ស្ថិតក្នុងហេតុការណ៍នេះ ខាងមន្រ្តីបាននិយាយថា មិនទាន់ទទួលបានរបាយការណ៍ណាមួយ ដែលបញ្ជាក់ថា មានអ្នកស្លាប់ ឬរងរបួសដែលបង្កឡើង ដោយគ្រោះមហន្តរាយមួយនេះ នៅឡើយនោះទេ។

ទោះបីជាយ៉ាងក៏ដោយ ទីភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុន “Japan Meterorological Agency” ក៏បានជូនដំណឹង និងស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះ មេត្តាចាកចេញឲ្យឆ្ងាយ ពីទីតាំងផ្ទុះភ្នំភ្លើងដ៏កាចសាហាវមួយនេះផងដែរ ដែលវាមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងទីក្រុង Sendai ប្រទេសជប៉ុន។

ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើភ្នំភ្លើងសកម្ម (ភ្នំភ្លើងដែលនៅរស់) ដែលស្ថិតនៅលើកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ដែលការផ្ទុះជាលើកដំបូងរបស់វា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានសម្លាប់ប្រជាជន អស់ប្រមាណជាង ១២៧លាននាក់ផងដែរ។

គូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះ គ្រោះមហន្តរាយផ្ទុះភ្នំភ្លើង Sakruajima នេះ គឺជាការផ្ទុះលើកទី៤៧ហើយ ដែលបានកើតឡើងក្នុងប្រទេសជប៉ុន ៕

ទស្សនាវីដេអូ៖

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ភ្នំភ្លើងមួយ មានឈ្មោះថា Mount Etna ស្ថិតលើតំបន់កោះ Sicily នៃខេត្ត Catania ប្រទេសអីុតាលី បានផ្ទុះឡើង យ៉ាងសន្ធោរសន្ធៅ គួរឲ្យរន្ធត់ ប៉ុន្តែបែរបង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ ទៅវិញ។

ភ្នំ Mount Etna នោះ បានផ្ទុះយ៉ាងសន្ធោរសន្ធៅ ដោយព្រួសផេះ និងកម្អែលភ្នំភ្លើង ទៅលើអាកាស នៅក្នុងពេលរាត្រី។ ជាងនេះទៅទៀត ក៏មានផ្លេកបន្ទោរ បាញ់ចេញមក នៅជុំវិញ ផេះដែលផ្ទុះឡើង រំលេចចេញនូវ ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ។

គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង Mount Etna នេះ មានកំពស់ប្រមាណជា ៣,៣៣០ម៉ែត្រ និងគ្របដណ្តប់ លើផ្ទៃដី ទំហំប្រមាណ ១,១៨៨គីឡូម៉ែត្រការ៉េ ហើយមានរណ្តៅភ្នំភ្លើង ចំនួន៥ ខុសៗគ្នា។ ភ្នំភ្លើងនេះ ខានផ្ទុះ អស់រយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែមនុស្ស ដែលរស់នៅក្បែរនោះ បានព្យាករណ៍ទុក ពីការផ្ទុះនេះ រួចទៅហើយ បន្ទាប់ពីមានសកម្មភាព នៅខាងក្នុងរណ្តៅភ្នំភ្លើង កាលពីខែមុននេះ។

យ៉ាងណាមិញ ការផ្ទុះធំបំផុត របស់ភ្នំ Mount Etna គឺបានកើតឡើង កាលពីឆ្នាំ២០១៣ កន្លងទៅនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]