រាជធានី​ភ្នំពេញ ៖ កូនប្រុស​លោក​ឧត្តមសេនីយ៍​ផ្កាយ​២​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន​តាម​ដីការ​របស់​តុលាការ​ពី​បទល្មើស​ប្លន់ ដែល​ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ខណៈ​ជនសង្ស័យ​រូប​នេះ​មក​ធ្វើ​លិខិតបញ្ជាក់​ផ្ទេរកម្មសិទ្ធិ​រថយន្ត ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ សុង សុវណ្ណ ហៅ​ណូ អាយុ​២៧​ឆ្នាំ មុខងារ​ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ ថា្ន​ក់​អនុ​សេនីយ៍ឯក (​សក្តិ​៣) ហើយ​ក៏​ជា​កូនប្រុស​របស់​ឧត្តមសេនីយ៍​ផ្កាយ​២​យោធា​មួយ​រូប ស្នាក់​នៅផ្ទះ​លេខ​២៤៣ ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​ទី​៣០ ភូមិ​៤ សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ខណៈ​ពេល​ជនសង្ស័យ​រូប​នេះ​មក​ធ្វើ​លិខិតបញ្ជាក់​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​រថយន្ត​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ម្យ៉ាង​ដោយសារ​តែ​មាន​តម្កល់​ដីការ​បង្គាប់​តាម​រក​ចាប់ខ្លួន​របស់​គេ​មួយ​ច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទល្មើស​ប្លន់​កាលពី​ថ្ងៃ​ទី ១១ ខែ​ខែកុម្ភៈ ឆ្នាំ​២០០៤​កន្លង​មក និង​បាន​រត់គេច​ខ្លួន​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ប្រភព​ដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ជាប់ចោទ​រូប​នោះ​បាន​ហើយ ក៏​បាន​ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន តែ​ភ្លាម​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើការ​តវ៉ា​ទៅ​នឹង​ការ​ឃាត់ខ្លួន​នេះ ដោយ​អះអាង​ថា រូបគេ​ទទួល​បាន​នូវ​លិខិត​លើកលែងទោស​ពី​ពន្ធនាគារ​មួយ​ច្បាប់​រួច​ហើយ និង​កំពុង​តែ​ធ្វើការ​រ​ស្រាវជ្រាវ​រក ។

ក្រោយ​ពី​ការ​តវ៉ា​របស់​ក្រុម​គ្រួសារ​ជនជាប់ចោទ​ជា​មន្ត្រី​យោធា​ខាងលើ ហើយ​មិន​មាន​លិខិត​លើកលែងទោស​ទៅ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ខាងលើ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ខណ្ឌចំការមន​ក៏​ស្រេច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]