ភ្នំពេញ៖ កម្មវិធីប្រដាល់ប្រចាំសប្តាហ៍របស់ PNN សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈ គោជល់ នឹងធ្វើឲ្យអ្នកនិយមគុនខ្មែរ រឹតតែជក់ចិត្តដិតអារម្មណ៍ទ្វេដង ដ្បិតមានការប្រកួតមិត្តភាពអន្តរជាតិ ពីសំណាក់ជើងខ្លាំងលំដាប់ ប្រទេសរបស់កម្ពុជា ឃីម ឌីម៉ា ប៉ះម្ចាស់ខ្សែក្រវាត់មកពីថៃ ណាត់ថៈភុន នាថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ នៅសង្វៀនភីអិនអិន ព្រែកព្នៅ ចាប់ពីម៉ោង៤ល្ងាចតទៅ។ ក្រៅពីនោះក៏មាន ការប្រកួតគូខ្សែក្រវាត់ ឡុង សុវណ្ណឌឿន តទល់នឹង ឈោកឌី (ថៃ) ផងដែរ។

ជាមួយគ្នានោះ សម្រាប់ថ្ងៃអាទិត្យ ទី០៧ ខែ សីហា វិញ នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ដែលមិនធ្លាប់មាននៅកម្ពុជា គឺអ្នកលេងគុនខ្មែរលំដាប់ជួរមុខ បងប្អូនបង្កើត ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា ជួបជាមួយកីឡារជម្រើសជើងខ្លាំងលើខ្លាំងមកពីថៃ។ ពិសេសបំផុតនោះ លោកអ្នកនឹងបានជ្រាបថាតើ នរណាជាម្ចាស់ជើងឯកវគ្គផ្ដាច់ព័្រត្រម៉ារ៉ាតុនប្រចាំខែ រវាងកីឡាករល្អផ្តាច់ ៤រូបប្រចាំសប្ដាហ៍កន្លងមក ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម។

លោក សំណព្វ ប្រធានផ្នែកកីឡាប្រចាំស្ថានីយទូរទស្សន៍ PNN បានឲ្យដឹងថា៖«ខ្ញុំធានាថាការប្រកួតពីរអាទិត្យនេះ ពិតជាល្អមើល ព្រោះកីឡាករទាំងអស់សុទ្ធ តែជាអ្នកល្បីលំដាប់ប្រទេសរៀងៗខ្លួន។ ដូច្នេះខ្ញុំជឿជាក់ថាពួកគេ មិនហ៊ានប្រហែសនោះទេ មិនថាខ្មែរ ឬថៃ ហើយអ្នកដែលបានសប្បាយភ្នែក ចម្លែកអារម្មណ៍ពិតប្រាកដ គឺទស្សនិកជនរបស់ PNN។

បងប្អូនដែលស្នេហាគុនខ្មែរ ក្រៅពីទស្សនា PNNនៅគេហដ្ឋាន ក៏អាចអញ្ជើញចូលរួមហ៊ោដោយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ដោយឥតគិតថ្លៃនៅសង្វៀន PNN ព្រែកព្នៅ នៅក្នុងកម្មវិធីប្រដាល់ សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ ចាប់ពីម៉ោង៤រសៀលតទៅ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]