កណ្តាល៖ អំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចភូមិ អញ្ជែងលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យស្រីជាប្រពន្ធ រងរបួសធ្ងន់ ចំណែកបុរសជាប្តី ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន ។

នគរបាលឃុំពុកប្ញស្សី បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ វី ស្រីពៅ អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរបួសស្នាម ប៉ោងហើម​ជាំភ្នែកស្តាំ០១ កន្លែង(ប្រពន្ធ) ។

ចំណែកបុរសជាប្តីមានឈ្មោះ ផ្លាយ សំណាង អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខ កសិករមានទីលំនៅភូមិឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្តី (ឃាត់ខ្លួន) ។

សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់ ទើបនឹងរៀបការជាមួយគ្នាបានជាង២ខែមកហើយ ហើយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានបបួលគ្នាទៅលេងផ្ទះឪពុកធម៌ ឈ្មោះ ម៉ុល នៅអញ្ជែងលើ ឃុំពុកឬស្សី និងស្នាក់នៅ​ទីនោះ ។

លុះដល់ថ្ងៃកើតហេតុបុរសជា ប្ដីបានផឹកស្រាស្រវឹង ហើយបានបបួលប្រពន្ធ ទៅលេងផ្ទះឪពុក ម្តាយ របស់ខ្លួន នៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី តែស្រ្តីជាប្រពន្ធ ប្រកែក បន្ទាប់មកក៍មានជម្លោះពាក្យសំដី ជាមួយគ្នា ភ្លាមនោះបុរសជាប្តីបានចាប់បោចសក់ជនរងគ្រោះ អូសចូលទៅក្នុងផ្ទះឪពុកធម៌ ដាល់ជាច្រើនដៃត្រូវចំភ្នែកស្តាំ ជនរងគ្រោះបណ្តាល ឲ្យរបួសប៉ោងហើមជាំ ហូរឈាមតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលពុកឬស្សី បានចុះអន្តរាគមន៍ ឃាត់​ខ្លួនបុរសជាប្តី បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​ខ្លួន​​ចាប់​បោក​សក់​វាយ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​គុយ​ឃុំ​ដារ​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប្តីជា​ជន​ដៃ​ដល់​​ឈ្មោះ សួង វុ​ធ អាយុ​៤៥​ឆ្នាំ រី​ឯ​ប្រពន្ធរង​គ្រោះ​​ឈ្មោះ បូ ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ ។ មុន​ពេល​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ផឹកស៊ី​ជាមួយ​គ្នារ​រហូត​ដល់​ស្រវឹង​រៀង​ៗ​ខ្លួន​បន្ទាប់​មក​ប្តី​បាន​ដេញ​ប្រពន្ធ​ឲ្យ​ទៅ​ផ្ទះ​ដាំបាយ ព្រោះ​ជិត​ដល់​ពេល​ទៅ​ធ្វើការ​ហើយ ។ បន្ទាប់​ពី​ប្តី​ប្រាប់​ហើយ ប្រពន្ធ​ក៏​ចេញ​ទៅ​ទិញ​ម្ហូប ឯ​ប្តី​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​មុន តែ​ដោយ​ចាំ​ប្រពន្ធ​យូរ​ពេក​ក៏​ក្តៅក្រហាយ លុះ​ពេល​ប្រពន្ធ​មក​ដល់​ផ្ទះ​ក៏​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក​រៀង​ៗ​ខ្លួន រហូត​ប្តី​ស្រែក​គំរាម​វាយ​ចង់​ប្រពន្ធ ។

ប្រភព​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​ខ្លាច​ប្តី​វាយ ​ប្រពន្ធ​ក៏​បាន​រត់​គេច​ទៅ​ផ្ទះ​បងប្អូន​ដែល​នៅ​ក្បែរ​នោះ​ តែ​ត្រូវ​ប្តី​តាម​ពីក្រោយ​ទាន់​ហើយ​ចាប់​បោច​សក់​រួច​វាយ​១​ដៃ​ចំ​កញ្ចឹងក​ដួល​បោក​ក្បាល​នឹង​ជ្រុង​គ្រែ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​រឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]